ឧបនាយករដ្ឋមន្ត្រី ជាសមាជិករាជរដ្ឋាភិបាល ដែលមានអាសនានុក្រមលើសសមាជិកដទៃទៀត។ ឧបនាយករដ្ឋមន្ត្រីជួយការងារនាយករដ្ឋមន្ត្រី តាមការប្រគល់សិទ្ធិចំពោះមុខពី នាយករដ្ឋមន្រ្តី។
កិច្ចការដែលទាក់ទងនឹងការដឹកនាំរួមរបស់រាជរដ្ឋាភិបាល បើគ្មានការយល់ព្រមពីនាយករដ្ឋមន្ត្រីទេ ឧបនាយករដ្ឋមន្ត្រីគ្មានសិទ្ធិសម្រេចឡើយ។
នៅក្នុងនីតិកាលទី៧នេះ ឧបនាយករដ្ឋមន្រ្តី មានចំនួន១០រូប ដោយសុទ្ធសឹងតែមានមុខតំណែង និងតួនាទីរៀងៗខ្លួន ក៏ប៉ុន្តែអ្នកទាំង១០នេះ ក៏មានតួនាទីរួមគ្នាមួយគឺជួយសម្រួលកិច្ចការនាយករដមន្ត្រី។
ក្នុងចំណោម១០នាក់ មានតែឧបនាយករដ្ឋមន្រ្តី ២រូប មានតួនាទីជានាយករដ្ឋមន្ត្រីស្តីទី ដែលមានសិទ្ធជំនួសការងារសម្តេចធិបតី ហ៊ុន ម៉ាណែត នៅពេលសម្តេចអវត្តមាន ឬជាប់បំពេញភារកិច្ចនៅក្រៅប្រទេស។
ឧបនាយករដ្ឋមន្រ្តី ទាំង២រូបនោះគឺ៖
- ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្ដមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ សាធារណៈ ក្នុងក្របខណ្ឌអន្តរក្រសួង។
- ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជា នាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ។
ដោយឡែក ឧបនាយករដ្ឋមន្រ្តី៨រូបទៀត នៅក្នុងនីតិកាលទី៧នេះ មានតួនាទីផ្សេងៗខុសគ្នា តាមមុខតំណែងនៃក្រសួងផ្សេងៗទៀត។
ថ្មីៗនេះ ឯកឧត្តមហ៊ុន ម៉ានី ក៏ត្រូវបានបោះឆ្នោត ជាឧបនាយករដ្ឋមន្រ្តីទិ១១ នៃនីតិកាលទី៧នេះ បន្ថែមពីលើមុខងារបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៕










