បរទេស៖ ក្រុមអ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេសមានការភ្ញាក់ផ្អើលបន្ទាប់ពីបានរកឃើញស៊ុតមាន់បុរាណមួយគ្រាប់ដែលមានអាយុកាលជាង ១,៧០០ ឆ្នាំនៅតែមានសារធាតុរាវនៅខាងក្នុង និងមានសភាពដដែល។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម The Standard បានឱ្យដឹងថា ស៊ុតបុរាណនេះត្រូវបានគេរកឃើញក្នុងអំឡុងពេលជីកកកាយដែលធ្វើឡើងពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៦ នៅឯទីតាំង Berryfields ក្នុងទីក្រុង Buckinghamshire ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស។/2024/02/12/image/jpeg/lwfJ3rjkUUFdsgo1HhFJtguDuCwxaKD3WKLhs8c0.jpg)
ក្នុងអំឡុងពេលនៃការជីកកកាយនេះ អ្នកបុរាណវត្ថុវិទូបានរកឃើញរណ្តៅដែលពោរពេញទៅដោយទឹកដ៏ធំមួយដែលមានអាយុកាលពីឆ្នាំ ២៧០ ដល់ ៣០០ នៃគ.ស កំឡុងសម័យរ៉ូម៉ាំងក្នុងប្រទេសអង់គ្លេស។ នៅក្នុងប្រហោងដី គេបានរកឃើញផើងសេរ៉ាមិច កាក់ ស្បែកជើងស្បែក ឆ្អឹងសត្វ និងកន្ត្រកត្បាញដែលមានសំបុកពងនៅខាងក្នុង។ ក្រុមបុរាណវិទ្យា និងបេតិកភណ្ឌរបស់ក្រុមប្រឹក្សា Buckinghamshire បាននិយាយថា “ស៊ុតគឺជាការរកឃើញដ៏កម្រ និងគួរឱ្យភ្ញាក់ផ្អើលនៅពេលដែលវាមានសភាពដដែល បន្ទាប់ពីត្រូវបានទុកចោលអស់រយៈពេល ១,៧០០ ឆ្នាំ”។
ដើម្បីដឹងថាស៊ុតនេះជាស៊ុតអ្វីពិតប្រាកដ អ្នកជំនាញអភិរក្ស Dana Goodburn-Brown នៅសាកលវិទ្យាល័យ Kent ប្រទេសអង់គ្លេស បានសិក្សាស្រាវជ្រាវក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានរកឃើញថា ស៊ុតនេះភាគច្រើនទំនងជាស៊ុតមាន់។ បើយោងតាមកាលបរិច្ឆេទនៃរណ្តៅដីក៏បានបង្ហាញដែរថាស៊ុតមាន់ពិតជាមានអាយុកាល ១៧០០ ឆ្នាំមែន។ ស៊ុតមាន់បុរាណ ឬស៊ុតក្នុងសម័យរ៉ូម៉ាំងត្រូវបានគេរកឃើញនៅក្នុងប្រទេសអង់គ្លេសពីមុនមក ប៉ុន្តែមានតែនៅក្នុងបំណែកសែល ដូច្នេះស៊ុតនេះគឺកម្រណាស់។
ក្រោយពេលដែលប្រជាជនរ៉ូម៉ាំងតាំងទីលំនៅនៅ Berryfields ពួកគេបានប្រើប្រាស់វាសម្រាប់ធ្វើពិធីសាសនា ដោយដាក់កាក់ ផើងសេរ៉ាមិច និងស៊ុតនៅក្នុងរណ្តៅធ្វើជាអាហារ និងដង្វាយដល់ព្រះ ដើម្បីសំណាងល្អ ស្រដៀងនឹងទម្លាប់នៃការបោះកាក់ចូលទៅក្នុងប្រភពទឹក។ ដោយសារតែភាពប្លែកនៃការរកឃើញ ស៊ុតមានសក្ដានុពលយ៉ាងច្រើនសម្រាប់ការស្រាវជ្រាវ។ ជាធម្មតាអ្នកវិទ្យាសាស្ត្រ និងអ្នកបុរាណវិទូផ្សេងទៀត បាននឹងកំពុងសិក្សាអំពីសត្វស្លាបបុរាណដោយផ្អែកលើឆ្អឹង និងបំណែកស៊ុត។ ដូច្នេះការវិភាគខ្លឹមសារនៃស៊ុតនឹងបើកវិសាលភាពនៃការស្រាវជ្រាវកាន់តែទូលំទូលាយ ដោយអ្នកស្រាវជ្រាវសង្ឃឹមថានឹងស្វែងរកព័ត៌មានបន្ថែមអំពីបរិស្ថានដែលពួកគេរស់នៅ៕










