បើទោះជាចំនួនការលក់រថយន្តអគ្គិសនីនៅតាមប្រទេសនានាក្នុងតំបន់អាស៊ានបានកើនឡើងជាបន្តបន្ទាប់ក្តី ប៉ុន្តែគេមិនអាចបដិសេធបានថា រថយន្តលក់ដាច់ច្រើនបំផុតនាពេលបច្ចុប្បន្ន គឺជារថយន្តប្រើប្រាស់ប្រេងឥន្ធនៈដូចមុន ។ ហេតុអ្វីបានជាអតិថិជនភាគច្រើននៅតែពេញនិយមប្រើប្រាស់រថយន្តចាក់ប្រេងឥន្ធនៈ?
១-តម្លៃរថយន្តអគ្គិសនីនៅតែខ្ពស់ ៖ បើទោះជារថយន្តអគ្គិសនីទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាលប្រទេសនានា ដូចជា ៖ ការលើកលែងពន្ធគយ និងការកាត់បន្ថយពន្ធប្រចាំឆ្នាំក្តី ប៉ុន្តែតម្លៃរថយន្តអគ្គិសនីនៅតែខ្ពស់ បើធៀបនឹងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ ។ ហេតុនេះ មនុស្សភាគច្រើនគិតថា រថយន្តប្រេងឥន្ធនៈជាជម្រើសដ៏ល្អសម្រាប់ពួកគេ ។
២-ចម្ងាយផ្លូវបើកបរមានកំណត់ ៖ ចម្ងាយផ្លូវបើកបររបស់រថយន្តអគ្គិសនីមានកម្រិតនៅឡើយ ។ បើចាំបាច់ត្រូវបើកបររថយន្តអគ្គិសនីធ្វើដំណើរទៅតាមបណ្តាខេត្តឆ្ងាយៗ អ្នកបើកបរចាំបាច់ត្រូវចូលសាកថ្មរថយន្តនៅតាមផ្លូវជាដំណាក់កាល ទើបធ្វើឱ្យការធ្វើដំណើររបស់ពួកគេមិនឆាប់រហ័សទាន់ចិត្តដូចការជិះរថយន្តចាក់ប្រេងទេ ។
លើសពីនេះ ការសាកថ្មរថយន្តអគ្គិសនីម្តងៗត្រូវចំណាយពេលយ៉ាងហោចណាស់ ចាប់ពី៣០នាទី រហូតដល់១ម៉ោងឯណោះ ។ វាខុសគ្នាពីរថយន្តចាក់ប្រេង ដែលចំណាយពេលមិនប៉ុន្មាននាទីប៉ុណ្ណោះក្នុងការចាក់ប្រេងពេញរថយន្ត ។
៣-ការបារម្ភអំពីការប្រើប្រាស់ ៖ បើទោះជារថយន្តអគ្គិសនីមានប្រព័ន្ធបើកបរល្អជាងរថយន្តចាក់ប្រេងក្តី សម្រាប់រថយន្តមានតម្លៃស្រដៀងគ្នា ប៉ុន្តែរថយន្តអគ្គិសនីមានលក្ខខណ្ឌច្រើនក្នុងការប្រើប្រាស់ ដូចជា ៖ ការស្វែងរកស្ថានីយសាកថ្ម, ការចាប់លេខរៀងនៅស្ថានីយសាកថ្ម, រយៈពេលសាកថ្ម និងការចំណាយប្រាក់ថែទាំរថយន្តរយៈពេលវែង ។
៤-ការបារម្ភអំពីបច្ចេកវិទ្យា ៖ មនុស្សភាគច្រើននៅតែបារម្ភអំពីបច្ចេកវិទ្យារបស់រថយន្តអគ្គិសនី ដូចជា ៖ ការខូចទ្រង់ទ្រាយរបស់ថ្មរថយន្ត, ការចំណាយប្រាក់លើថ្មរថយន្ត ក្រោយការធានារ៉ាប់រងផុតសុពលភាព, សុវត្ថិភាពក្នុងការប្រើប្រាស់ និងតម្លៃលក់អាចប្រែប្រួលខ្លាំងនាថ្ងៃអនាគត ។
ទោះយ៉ាងណា បណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានប្រឹងប្រែងអភិវឌ្ឍន៍បច្ចេកវិទ្យាម៉ូទ័រអេឡិចត្រូនិក និងថ្មរថយន្តយ៉ាងខ្លាំងក្លា ដែលធ្វើឱ្យរថយន្តអគ្គិសនីមានតម្លៃសមរម្យជាងមុន, មានចម្ងាយផ្លូវបើកបរលើសមុន និងស្ថានីយសាកថ្មរថយន្តបានកើនឡើងយ៉ាងឆាប់រហ័ស ។ ហេតុនេះ គេរំពឹងថា នៅថ្ងៃអនាគត រថយន្តអគ្គិសនីនឹងទទួលបានការពេញនិយមច្រើនពីអតិថិជន ៕










