តារាសម្ដែង TVB Samantha Ko បានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសតាំងពីថ្ងៃទី៤ ខែកុម្ភៈ នៅពេលដែលកីឡាករ Messi មិនបានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពរវាង Inter Miami និង Hong Kong ។ តារាស្រីវ័យ៣៧ឆ្នាំរូបនេះបានមើលការប្រកួតបាល់ទាត់នៅកីឡដ្ឋានដោយនៅពេលបញ្ចប់ការប្រកួតនាងបានឆ្លើយក្នុងបទសម្ភាសន៍អំពីការអវត្តមានរបស់ Messi ដែលជាហេតុធ្វើឱ្យទស្សនិកជនរិះគន់នាងយ៉ាងចាស់ដៃ។

តារាសម្តែង Samantha Ko បាននិយាយប្រាប់អ្នកកាសែតថា កីឡាករ Messi រងរបួសក្នុងនាមជាអ្នកគាំទ្របាល់ទាត់នាងយល់ និងអាណិតអាសូរចំពោះរឿងនេះ ទើបធ្វើឱ្យកីឡាកររូបនេះមិនបានបញ្ចេញថ្វីជើង។ ការចេញមុខការពារ Messi ធ្វើឱ្យតារាស្រីរូបនេះបានទទួលការរិះគន់ជាច្រើនថា នាងគ្មានបេះដូង ការពារ Messi ដោយមិនយល់ចិត្ត និងមិនអាណិតដល់ទស្សនិកជនដែលធ្វើដំណើរទៅហុងកុងដើម្បីមើល Messi។

ទោះយ៉ាងណានៅថ្ងៃទី៧ ខែកុម្ភៈ នៅលើបណ្តាញសង្គមរបស់តារាសម្តែងខាងលើនេះ បានចេញមុខសូមទោសចំពោះពាក្យសម្តីរបស់ខ្លួនដែលបានផ្តល់បទសម្ភាសកាលពីលើកមុខមិនបានពិនិត្យមើលគ្រប់ជ្រុងជ្រោយមើលតែស្ថានភាពម្ខាង។ Samantha Ko ថា នាងខកចិត្តដែលមិនបានឃើញកំពូលតារាបាល់ទាត់នៅលើទីលានដូចការផ្សព្វផ្សាយកន្លងមកដោយអ្នករៀបចំ។ ដោយសារតែ Inter Miami បាននិយាយថា Messi រងរបួស និងមិនអាចលេងបានទើបនាងបានផ្តល់បទសម្ភាសន៍ដូចនេះ។ ហេតុផលដែលនាំឱ្យទស្សនិកជនខឹងសម្បារចំពោះ Messi នោះនៅពេលដែលពួកគេបានទទួលដំណឹងថាកីឡាកររូបនេះមកទស្សនាការប្រកួតមិត្តភាពមុនរដូវកាលឆ្នាំ២០២៤ ទស្សនិកជនហុងកុងបានទិញសំបុត្រទាំងអស់ក្នុងរយៈពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ សំបុត្រសម្រាប់ការប្រកួតនេះមានតម្លៃចាប់ពី ១១៣ ដុល្លារ ដល់ ៦២៤ ដុល្លារ ។ ក្នុងអំឡុងពេលហ្វឹកហាត់នៅមួយថ្ងៃមុនការប្រកួត អ្នកទស្សនាចំនួន ៤ម៉ឺននាក់ក៏បានសម្រុកទៅកាន់ទីលានដោយបន្តស្រែកថា Messi ។ Messi និងសហប្រធាន David Beckham ក៏បានប្រាស្រ័យទាក់ទងជាមួយកីឡាករវ័យក្មេងក្នុងស្រុកផងដែរ។ មុនការប្រកួត គ្រូបង្វឹកបាននិយាយថាលោកនឹងព្យាយាមឱ្យ Messi លេងឱ្យបានច្រើននាទីតាមដែលអាចធ្វើទៅបាន។ ក្រោយចប់ការប្រកួត លោកបាននិយាយថា ប្រសិនបើកីឡាករទាំងពីរមកលើទីលានរបួសអាចកាន់តែធ្ងន់ធ្ងរ ដូច្នេះលោកមិនអាចប្រថុយបានឡើយ។ Martino ជាគ្រូបង្វឹកក៏បានសូមទោសទស្សនិកជនហុងកុងចំពោះរឿងនោះដែរ។

កាលពីថ្ងៃទី៧ ខែកុម្ភៈ Messi បានបង្ហោះនៅលើ Weibo សូមទោសអ្នកគាំទ្រចិន និងហុងកុង។ លោកពន្យល់ថា របួសនៅមិនទាន់ជាសះស្បើយទេ ហើមធ្វើឱ្យឈឺទើបមិនអាចលេងបាន។ កីឡាកររូបនេះបានសរសេរថា «អ្នកដែលស្គាល់ខ្ញុំដឹងថាខ្ញុំតែងតែចង់ធ្វើឱ្យអស់ពីសមត្ថភាពគ្រប់ការប្រកួត ជាពិសេសនៅពេលដែលមិត្តរួមក្រុមរបស់ខ្ញុំមកពីឆ្ងាយ អ្នកគាំទ្របាល់ទាត់រំពឹងថាពួកយើងនឹងលេងឱ្យមានសុខភាពល្អ។ ខ្ញុំសង្ឃឹមថានឹងមានឱកាសត្រឡប់មកវិញនៅទីនេះ បង្ហាញការប្រកួតដល់ទស្សនិកជន»។

ការសូមទោសរបស់ Messi មិនបានបន្ធូរបន្ថយកំហឹងរបស់ទស្សនិកជន ជាពិសេសនៅពេលដែលកីឡាកររូបនេះបានបង្ហាញខ្លួននៅលើទីលានក្នុងការប្រកួតមិត្តភាពនៅប្រទេសជប៉ុនកាលពីថ្ងៃទី៦ ខែកុម្ភៈ។ អ្នកទស្សនារាប់លាននាក់នៅចិន និងហុងកុងបានរិះគន់ Inter Miami, David Beckham, Messi និងអ្នករៀបចំ។ មនុស្សជាច្រើនបានស្នើសុំការបង្វិលសងថ្លៃសំបុត្រ។ រដ្ឋាភិបាលហុងកុងក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ពួកគេមានការខកចិត្តយ៉ាងខ្លាំងចំពោះអ្នករៀបចំការប្រកួត។ នៅក្នុងសេចក្តីថ្លែងការណ៍នោះបាននិយាយថា «អ្នករៀបចំកម្មវិធីជំពាក់អ្នកគាំទ្រកីឡាបាល់ទាត់»៕