រឿងពីអតីតកាលអស់រយៈពេលជាង១០ឆ្នាំមកជុំវិញទំនាក់ទំនងអ្នកនាង ម៉េង កែវពេជ្ជតា លោកស៊ុក សុភា ជាអតីតតារាសម្តែង និងអ្នកនាង សារីណា បច្ចុប្បន្នភរិយាលោក ស៊ុក សុភា បានជីកកកាយហែកហួរគ្នាពេញបណ្តាញសង្គមដោយសម្តីអរុរោះផ្សេងៗ។ រឿងដ៏ចម្រូងចម្រាសរបស់អ្នកសិល្បៈនេះមានអ្នកក្នុងរង្វង់សិល្បៈតារាចម្រៀង ពូឃ្លាំង ចេញមុខស្នើសុំឱ្យអ្នកទាំងបីបញ្ចប់ជម្លោះត្រឹមនេះកុំបន្តហែកហួរជេរបញ្ចោរគ្នានៅលើបណ្តាញសង្គមតទៅទៀត។

តារាចម្រៀងរ៉េប ពូឃ្លាំង បានចេញវីដេអូមួយ៩នាទីនៅវេលាម៉ោងជិត៧យប់ដោយភ្ជាប់ជាមួយចំណងជើងថា «Video នេះផ្ញើជូនបងស្រី ម៉េង កែវពេជ្ជតា បញ្ចប់ទៅបងប្អូនសិល្បករអើយ មិនចំណេញទេខាតខ្លាំងណាស់….»។ ក្នុងវីដេអូនេះ ពូឃ្លាំង បាននិយាយថា លោកតែងតែគោរពស្រលាញ់អ្នកនាង ម៉េង កែវពេជ្ជតា តែងតែធ្វើអ្វីៗជួយជ្រោយជ្រែងទៅលើកូនៗ។ តាមរយៈសកម្មភាពថ្មីៗនេះលោកបានឃើញ អាចារ្យធំ យ៉ែម សំអូនអ្នកផ្សេងៗទៀត ជាពិសេស ឧកញ៉ា ទុំ សារុត ហៅនាយឃ្លោក បាននិយាយកុំឱ្យឈ្លោះគ្នាបញ្ចប់បញ្ហាត្រឹមនេះ។

ពូឃ្លាំង បានបន្តដោយស្នើឱ្យ អ្នកនាង ម៉េង កែវពេជ្ជតា និងអ្នកផ្សេងទៀតដកខ្លួនចេញរក្សាភាពស្ងៀមស្ងាត់ព្រោះលោកយល់ថាយើងជាមនុស្សពូកែ ជាអ្នកសិល្បៈ ហើយលោកក៏ដឹងថាអ្នកនាង ម៉េង កែវពេជ្ជតា ហត់ដូចគ្នាហើយអ្នកតបតអ្នករស់នៅអូស្រ្តាលីដែលសម្តៅទៅកាន់អតីតតារាសម្តែង ស៊ុក សុភា និងភរិយា ឈប់មាត់ដកខ្លួនទាំងអស់មិនបាច់គិតរឿងចង់ឈ្នះចាញ់។ លោកបន្តទៀតថា សម្តីរបស់អ្នកនាងម៉េង កែវពេជ្ជតា កាចល្អអាក្រក់ក្នុងដួងចិត្តអីអនុគ្រោះឱ្យអ្នកនាង ម៉េង កែវពេជ្ជតា ទៅដោយចាត់ទុកថាជាខ្មែរដូចគ្នា និងជារៀមច្បងក្នុងសិល្បៈ និងទី៣គាត់ជាម្តាយម្នាក់ និងចំណុចផ្សេងៗទៀត។
ពូឃ្លាំងថា លោកដឹងថាអ្នកនាង ម៉េង កែវពេជ្ជតា មិនសប្បាយចិត្តនោះទេនៅពេលលោកនិយាយថា អនុគ្រោះ ឱ្យបងស្រី អ្វីដែលលោកអង្វរឱ្យអ្នកឈប់មុនគឺអ្នកក្មេងជាងអ្នកនាង ម៉េង កែវពេជ្ជតា និងអ្នកនាង ម៉េង កែវពេជ្ជតា ឈប់បន្តរឿងនេះតទៅទៀត។

ម្ចាស់បទ «ជួយថែសិល្បៈដូនតា» បានបន្តទៀតថា ការឈ្លោះជេរបញ្ចោរគ្នារវាងអ្នកនាង ម៉េង កែវពេជ្ជតា លោក ស៊ុក សុភា និងភរិយា គឺអាក្រក់មើលខ្លាំងណាស់។ ក្នុងនាមជាអ្នកសិល្បៈប្រៀបដូចជាទ័ពពិសេសមិនអាចធ្វើដូចនេះបានទេគួរតែស្វែងរកដំណោះស្រាយណាមួយដែលល្អប្រសើរជាងនេះ និយាយគ្នាស្ងាត់ៗបញ្ចប់វិវាទគ្នាត្រឹមនេះ៕