បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Al Nassr រកចំណូលបាន ២៧៥ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ ច្រើនជាង Lionel Messi រហូតទៅដល់ពីរដងឯណោះ។
ro
យោងតាមសារព័ត៌មាន Sportico ដែលបានរាយការណ៍កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ទទួលបាន ២៧៥ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣។ ក្រៅពីប្រាក់ខែរបស់គាត់នៅ Al Nassr Ronaldo ក៏រកចំណូលបាន ៦០ លានដុល្លារពីកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកដូចជា Nike, Herbalife, Armani, Tag Heuer, DAZN ឬ PokerStars ផងដែរ។ លើសពីនេះគាត់ក៏ទទួលបានជោគជ័យជាមួយនឹងម៉ាកផ្ទាល់ខ្លួនរបស់គាត់ CR7 ទៀតផង។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់ចំណាត់ថ្នាក់ទី ២ បានទៅលើកីឡាករវាយកូនហ្គោលជនជាតិអេស្ប៉ាញ Jon Rahm ជាមួយនឹងប្រាក់ចំណូល ១៨១ លានដុល្លារអាមេរិក។ ចំណែកឯខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi វិញជាប់ចំណាត់ថ្នាក់ទី ៣ លើពិភពលោកជាមួយនឹងប្រាក់ចំណូលប្រមាណ ១៣០ លានដុល្លារអាមេរិក រួមទាំង ៦៥ លានដុល្លារជាប្រាក់បៀវត្សរ៍ពីការលេង និងប្រាក់ចំណូលដែលនៅសល់គឺបានមកពីកិច្ចសន្យាផ្សាយពាណិជ្ជកម្ម។
ក្រៅពី Ronaldo និង Messi មានកីឡាករបាល់ទាត់ពីរនាក់ក្នុងចំណោមអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតទាំង ១០ ក្នុងឆ្នាំ ២០២៣។ ក្នុងចំណោមនោះ Kylian Mbappe ជាប់ចំណាត់ថ្នាក់ទី ៥ ជាមួយនឹង ១២៥ លានដុល្លារ និង Neymar ជាប់ចំណាត់ថ្នាក់ទី ៦ ជាមួយនឹង ១២២ លានដុល្លារអាមេរិក។ ស្ថិតនៅពីលើអ្នកទាំងពីរនេះក្នុងចំណាត់ថ្នាក់ទី ៤ គឺតារាបាល់បោះ LeBron James នៃក្រុម Los Angeles Lakers ដែលមានទឹកប្រាក់ចំនួន ១២៦ លានដុល្លារ។
ចំពោះតំណែងទាំងបួនដែលនៅសល់ក្នុង Top 10 គឺជារបស់តារាបាល់បោះបីនាក់គឺ Stephen Curry (៩៩ លានដុល្លារ), Giannis Antetokounmpo (៨៨ លានដុល្លារ), Kevin Durant (៨៧ លានដុល្លារ) និងតារាបាល់ទាត់ Patrick Mahomes ដែលមានទឹកប្រាក់ ៨៤ លានដុល្លារអាមេរិក។
គួរបញ្ជាក់ដែរថា Ronaldo បានប្រជែងយកតំណែងកំពូលជាមួយ Messi ស្ទើរតែគ្រប់អាជីពរបស់គាត់តែម្តង។ ទោះបីជាការឈ្នះពាន Golden Ball តិចជាង Messi ក៏ដោយ ក៏ Ronaldo នៅតែរកចំណូលបានច្រើនជាងគេបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៣៕










