នាពេលថ្មីៗនេះជុំវិញរឿងអ្នកបង្កើតមាតិកាពីររូប Rick kh និង ដុកទ័រ សែម រតនា បានធ្វើឱ្យបណ្តាញសង្គមផ្ទុះយ៉ាងខ្លាំងបន្ទាប់ពីលោក Rick kh មានការអាក់អន់ស្រពន់ចិត្តចំពោះពាក្យសម្តីរបស់លោក សែម រតនា។ ស្របពេលជាមួយគ្នានេះព្រះតេជគុណ គូ សុភាព មានសង្ឃដីកាថាអ្នកទាំងពីរសុទ្ធតែជាមនុស្សមានទេពកោសល្យជួយស្រុកទេសបានច្រើនសង្ឃឹមថាអ្នកទាំងពីរនឹងមានពេលជួបគ្នាហើយហ្វេនៗនឹងចូលរួមជួយពន្លត់ភ្លើង។

«ប្អូនៗសុទ្ធតែបានចូលរួមជួយជ្រោមជ្រែងស្រុកទេសយើងយ៉ាងច្រើន។ មិនងាយមានមនុស្សមានទេពកោសល្យដូចប្អូនទេ។ សង្ឃឹមថា ប្អូនៗនឹងមានពេលជួបគ្នា សង្ឃឹមថា ហ្វេនៗនឹងចូលរួមជួយពន្លត់ភ្លើង។ ចូលរួមធ្វើការងារដើម្បីស្រុកទេសយើងទាំងអស់គ្នា។» នេះជាការបង្ហោះរបស់ ព្រះតេជគុណ គូ សុភាព លើបណ្តាញសង្គមហ្វេកប៊ុកនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

កាលពីថ្ងៃទី៦ កុម្ភៈ Rick Kh គោប្រាក់ បានបង្ហាញអារម្មណ៍អន់ចិត្តខ្លាំងមិនបានចូលរួមកម្មវិធីជាតិម្តងត្រូវគេដៀលថា «មិនស្រលាញ់ជាតិគិតតែពីលុយ» បន្ទាប់ពីលោក ដុកទ័រ សែម រតនា បានផ្តល់បទសម្ភាសមួយដោយបានលើកឡើងថាអ្នកបង្កើតមាតិកាមួយចំនួនចំណាយលុយជិះយន្តហោះស្នាក់នៅប្រទេសគេប្រូម៉ូតឱ្យប្រទេសគេ ប៉ុន្តែនៅពេលដែលក្រសួងឬវិស័យទាក់ទងនឹងទេសចរណ៍ក្នុងស្រុកទាក់ទងទៅបែរជាសួររកលុយ ជាមួយនឹងការអំពាវនាវឱ្យអ្នកផលិតមាតិកាវីដេអូរួមគ្នាផ្សាយតំបន់ទេសចរណ៍ក្នុងស្រុកជាជាងការចំណាយប្រាក់ចេញទៅផ្សព្វផ្សាយពីតំបន់ទេចរណ៍បរទេស។

ក្រោយពី Rick kh បង្ហាញអារម្មណ៍អន់ចិត្តនិងបានក្លាយទៅជារឿងដ៏ក្តៅគគុកនៅលើបណ្តាញសង្គមលោកដុកទ័រ សែម រតនា ក៏បានចេញមកបកស្រាយការយល់ច្រលំដោយបានរៀបរាប់ដំណើរដើមទងគ្រប់យ៉ាងនាំឱ្យលោកនិយាយបែបនោះក្នុងអំឡុងពេលផ្តល់បទសម្ភាស។ បញ្ហានេះលោកបានខលទៅកាន់ Rick kh រួចហើយដែរនិងបានសុំជួប Rick kh និយាយជាមួយគ្នាដោយផ្ទាល់ទៀតផង។

ជាមួយខ្លឹមសាររបស់លោកដុកទ័រ សែម រតនា កាលពីថ្ងៃទី៦ កុម្ភៈ លោកក៏បានស្នើដល់អ្នកប្រើប្រាស់បណ្តាញសង្គមកុំព្យាយាមទាញលោកនិងRick kh ឱ្យឈ្លោះគ្នា និងកុំបន្តវែកញែកទៀត ព្រោះលោកមិនមែនជាបុគ្គលបង្ករឿងក្នុងបណ្តាញសង្គមឡើយ៕