តារាចម្រៀង Lisa សមាជិកក្រុម BLAKPINK សម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់ខ្លួនបន្ទាប់ពីមិនបន្តកុងត្រាបុគ្គលជាមួយផលិតកម្ម YG ។ នេះបើតាមការប្រកាសផ្លូវការរបស់ Lisa នៅលើបណ្តាញសង្គម Instagram របស់នាងផ្ទាល់នាសៀលថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ ។ ការបើកក្រុមហ៊ុនផ្ទាល់ខ្លួនរបស់តារាចម្រៀងល្បីឈ្មោះរូបនេះគឺជាសមាជិកទី២ របស់ BLACK PINK បន្ទាប់ពីមិត្តរួមក្រុម Jennie បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដូចគ្នា។

បណ្តាអ្នកគាំទ្រទូទាំងពិភពលោកបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំងបន្ទាប់ Lisa បានប្រកាសជាសាធារណៈនាងនឹងបើកក្រុមហ៊ុនផ្ទាល់ខ្លួន ខណៈរូបភាពដែល Lisa បង្ហោះនាកន្លងមកនេះទស្សនិកជនស្មានថានាងនឹងប្រកាសទម្លាក់បទថ្មី។ នៅលើបណ្តាញសង្គមរបស់ Lisa បានសរសេរជាភាសាអង់គ្លេសដែលមានន័យថា «សូមណែនាំ LLOUD ដែលជាវេទិកាដើម្បីបង្ហាញចក្ខុវិស័យរបស់ខ្ញុំក្នុងតន្ត្រី និងការកម្សាន្ត។ ចូលរួមជាមួយខ្ញុំក្នុងដំណើរដ៏គួរឱ្យរំភើបនេះ ដើម្បីជំរុញឆ្លងកាត់ព្រំដែនថ្មីជាមួយគ្នា»។

ការប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនមានឈ្មោះថា LLOUD របស់ Lisa ធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈថៃ អ្នកទាំងគាំទ្រក្នុងនិងក្រៅស្រុកបានចូលរួមអបអរសាទរមកកាន់តារាចម្រៀងនេះយ៉ាងច្រើនរួមទាំងបង្ហាញអារម្មណ៍មោទនភាពចំពោះនាងដូចគ្នា។

Lisa ជាសមាជិកទី២របស់ក្រុម BLACKPINK បន្ទាប់ពី Jennie ដែលប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួន ដោយ Jennie បានបង្ហាញក្រុមហ៊ុនផ្ទាល់ ODD ATELIER របស់នាងជាផ្លូវការនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៣។
Lisa មានឈ្មោះពិត Lalisa Manoban ជាតារាចម្រៀង K-Pop មានដើមកំណើតថៃ។ តារាចម្រៀងរូបនេះមានអ្នកគាំទ្រយ៉ាងច្រើនជុំវិញពិភពលោក ដោយមានអ្នកតាមដានជាង ១០០ លាននាក់នៅលើ Instagram៕