ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានថៃបានពីចុះផ្សាយពីកសិករម្នាក់ជាអតីតមេភូមិ រស់នៅភូមិម៉ាក្លឿ ឃុំម៉ាខា ស្រុកណូនថៃ ខេត្តនគររាជសីម៉ា បានដាំឪឡឹករាងបេះដូង និងពុំប្រើប្រាស់ជីគីមី ដើម្បីបង្កើនប្រាក់ចំណូលនៅថ្ងៃក្តីស្រឡាញ់ ។ កសិកររូបនេះនិយាយថា បើទោះជាឪឡឹករាងបេះដូងមានតម្លៃថ្លៃបន្តិចមែន ប៉ុន្តែមានអតិថិជនកក់អស់ពីចម្ការ ដោយសារជិតដល់ថ្ងៃបុណ្យក្តីស្រឡាញ់ ។
កសិកររូបនេះឈ្មោះ នីផុន ប្លៀនក្លាង អាយុ៦៥ឆ្នាំ ជាអតីតមេភូមិ និងជាប្រធានមជ្ឈមណ្ឌលបង្កើនប្រសិទ្ធភាពផលិតផលកសិកម្ម នៅឃុំណូនថៃ ខេត្តនគររាជសីម៉ា និយាយថា លោកចាប់អារម្មណ៍លើកសិកម្មសរីរាង្គ (ឬការដាំដុះដំណាំមិនប្រើប្រាស់សារធាតុគីមី) ហើយលោកក៏បានសិក្សាពីវិធីដាំដុះដំណាំ ។ លោកបានសម្រេចចិត្តដាំឪឡឹក ហើយធ្វើរោងដាំឪឡឹក ដែលមានទទឹង៦ម៉ែត្រ និងបណ្តោយ១២ម៉ែត្រ ។
លោកបានចាប់ផ្តើមដាំឪឡឹកដោយពុំប្រើប្រាស់ជីគីមី១០០% និងប្រើប្រាស់តែជីលាមកសត្វប៉ុណ្ណោះសម្រាប់ដាក់ដំណាំ ។ លោកបានដាំឪឡឹកចំនួន១០០ដើម ដោយលោកបានសាកល្បងដាំអស់រយៈពេលជាង១ឆ្នាំ ទើបទទួលបានទិន្នផលគួរឱ្យពេញចិត្តបែបនេះ ។ ឪឡឹកដុះដាំតាមធម្មជាតិរបស់លោក មានរសជាតិផ្អែម និងស្រួយឆ្ងាញ់ ហើយលោកអាចប្រមូលផលលក់បានរយៈពេលយូរទៀតផង ។
លោកនិយាយថា លោកបានយកពុម្ពផ្លាស្ទិកមកស្រោបពីលើផ្លែឪឡឹកដើម្បីឱ្យវាមានរាងបេះដូង សម្រាប់ទុកលក់នៅថ្ងៃ១៤ កុម្ភៈ ។ លោកបានប្រើប្រាស់ពុម្ពផ្លាស្ទិកស្រោបក្តិបឪឡឹក ពេលវាមានទម្ងន់ប្រមាណ១គីឡូក្រាម ឃើញថា វាស្រស់ស្អាត និងប្លែកភ្នែកយ៉ាងខ្លាំងសម្រាប់អ្នកបានឃើញផ្លែឪឡឹកទាំងនេះ ។ បច្ចុប្បន្ន ផ្លែឪឡឹកទាំងនេះមានអតិថិជនកក់អស់គ្មានសល់ ។
ចំណែកផ្លែឪឡឹកធម្មតាវិញ លោកលក់ក្នុងតម្លៃ៦៥បាតក្នុង១គីឡូក្រាម រីឯឪឡឹករាងបេះដូង លោកលក់ក្នុងតម្លៃពិសេស គឺតម្លៃ១០០បាតក្នុង១គីឡូក្រាម ។ ជាទូទៅ ឪឡឹក១ផ្លែ មានទម្ងន់រហូតដល់៥គីឡូក្រាមឯណោះ ហើយលោកអាចលក់ក្នុងតម្លៃរហូតដល់៣២៥បាត ។
ហេតុនេះ ការលក់ឪឡឹកដាំដុះពុំប្រើប្រាស់ជីគីមី បានធ្វើឱ្យកសិករអាចប្រមូលប្រាក់បានច្រើនជាងមុនរហូតដល់៤ដង ។ នេះចាត់ទុកថា គឺជាការបន្ថែមតម្លៃដល់ទិន្នផលកសិកម្មបានមួយកម្រិតទៀត ៕










