សហរដ្ឋអាមេរិក ៖ តុលាការនៅរដ្ឋមីឈីហ្គែន សហរដ្ឋអាមេរិកបាន..កា..ត់..ទោ..ស..អ្នកស្រី Jennifer Crumbley អាយុ៤៥ឆ្នាំ មាន..ទោ..សពីបទ..ឃា..តក..ម្ម..ដោយអចេតនា ដោយសារអ្នកស្រីមានអាកប្បកិរិយាមិនអើពើចំពោះទង្វើខុសប្រក្រតីរបស់កូនប្រុសខ្លួន ហើយអ្នកស្រីពុំបានរកវិធីការពារហេតុការណ៍នេះទេ ។ អ្នកស្រី Jennifer Crumbley បានបណ្តោយឱ្យកូនប្រុសកា..ន់..អា..វុធ ថែមទាំងពុំបានហាមឃាត់ ឬដាស់តឿនកូនទៀតផង ។
ហេតុនេះ ការព្រងើយកន្តើយរបស់អ្នកស្រី Jennifer Crumbley បានធ្វើឱ្យកូនប្រុសរបស់គាត់បង្កហេតុការណ៍បាញ់ប្រហារនៅក្នុងសាលារៀនមធ្យមសិក្សា Oxford កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ហេតុការណ៍បាញ់ប្រហារនេះ បានបណ្តាលឱ្យកូនសិស្សស្លាប់ចំនួន៤នាក់ និងរងរបួស៧នាក់ទៀត ។ វាបានក្លាយជាករណីដំបូងគេនៅអាមេរិក ដែលយុវជនជាអ្នកប្រព្រឹត្តល្មើស ហើយអាណាព្យាបាលត្រូវទទួលទោសជាមួយកូនដែរ ។
លើសពីនេះ មិនមែនមានតែស្ត្រីជាម្តាយជនល្មើសប៉ុណ្ណោះទេដែលត្រូវទទួលទោស ប៉ុន្តែឪពុករបស់ជនល្មើស ឈ្មោះ James Crumbley ក៏ត្រូវបានតុលាការកាត់ក្តីឱ្យជាប់ទោសដូចគ្នាដែរ ដោយពួកគេត្រូវបានប្តឹងដាច់ដោយឡែកពីគ្នា ។ តុលាការនឹងចាប់ផ្តើមពិចារណារឿងក្តីនេះបន្តទៀតនៅខែមីនា ឆ្នាំ២០២៤ ហើយប្តី-ប្រពន្ធនេះអាចជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ។
តុលាការអាមេរិកពិចារណារឿងក្តីថា ស្ត្រីជាម្តាយបាននៅស្ងៀម និងព្រងើយកន្តើយចំពោះអាកប្បកិរិយាខុសប្រក្រតីរបស់កូនប្រុស ឈ្មោះ Ethan Crumbley អាយុ១៥ឆ្នាំ ។ តុលាការមានភស្តុតាងសំខាន់ គឺកូនប្រុសបានផ្ញើសារប្រាប់ម្តាយថា រូបគេចង់ឱ្យឪពុក-ម្តាយជួយដល់ខ្លួន និងទទួលស្តាប់បញ្ហាផ្លូវចិត្តរបស់ខ្លួន ។
អ្នកស្រី Jennifer Crumbley បានបដិសេធថា គាត់ពុំបានដឹងថា កូនប្រុសកាន់កាំភ្លើងទៅបង្កហេតុនៅសាលារៀននោះទេ ។ ប៉ុន្តែស្វាមីរបស់គាត់ គឺជាអ្នកនាំកូនទៅទិញកាំភ្លើង ដើម្បីធ្វើជាកាដូថ្ងៃខួបកំណើត ។ តុលាការបញ្ជាក់ថា បើទោះជាស្ត្រីជាម្តាយបដិសេធយ៉ាងណាក្តី ក៏គាត់ពុំអាចគេចផុតពីការទទួលខុសត្រូវបានទេ ៕