ប្រទេសថៃ ៖ លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានទទួលស្វាគមន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្តេច និងលោកជំទាវ អញ្ជើញធ្វើដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសថៃ និងចុះហត្ថលេខាលើ MOU ចំនួន៥ចំណុច ។

ក្នុងឱកាសនេះ ប្រទេសថៃប្រកាសថា នឹងមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ប្រើប្រាស់ទឹកដីថៃធ្វើជាទីកន្លែងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងឡើយ ហើយប្រទេសថៃចង់ឃើញសន្តិសុខនៅប្រទេសមីយ៉ាន់ម៉ា ព្រមទាំងត្រៀមផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋមីយ៉ាន់ម៉ាផងដែរ ។

នៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបរិវេណទីលានមុខអគារ «ថៃឃូហ្វា» នៃវិមានរដ្ឋាភិបាលប្រទេសថៃ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ បានទទួលស្វាគមន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្តេច និងលោកជំទាវ អញ្ជើញធ្វើដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសថៃ ក្នុងឋានៈជាភ្ញៀវរបស់រដ្ឋាភិបាលថៃ ។

លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃបានអញ្ជើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថតរូបរួមគ្នានៅត្រង់ជណ្តើរនៃអគារ «ថៃឃូហ្វា» ។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រីថៃបានអញ្ជើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាលើឯកសារ និងទស្សនាវត្ថុអនុស្សាវីរយ៍នៅបន្ទប់ខាងក្រៅនៃអគារ «ថៃឃូហ្វា» ។ ក្រោយមក ភាគីទាំងពីរបានពិភាក្សាគ្នានៅអគារមួយទៀត ។

ជាកិច្ចបន្ទាប់ នៅវេលាម៉ោង១១និង៤០នាទីព្រឹក លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខា និងផ្លាស់ប្តូរអនុស្សរណៈយោគយល់ ចំនួន៥ចំណុច រួមមាន ៖

១-អនុស្សរណៈនៃការយោគយល់ ស្តីពី កិច្ចសហការកាត់បន្ថយគ្រោះមហន្តរាយ និងការទប់ស្កាត់ហេតុការណ៍អាសន្នរវាងប្រទេសថៃ និងកម្ពុជា
២-អនុស្សរណៈនៃការយោគយល់ ស្តីពី កិច្ចសហការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងក្រសួងអប់រំឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងការច្នៃប្រឌិតថៃ ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតរបស់កម្ពុជា
៣-អនុស្សរណៈនៃការយោគយល់ ស្តីពី ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងនាយកដ្ឋានគយប្រទេសថៃ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
៤-អនុស្សរណៈនៃការយោគយល់ ស្តីពី ធនាគារសម្រាប់ការនាំចេញ និងនាំចូលរបស់ប្រទេសថៃ និងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសថៃ និងកម្ពុជា និង
៥-អនុស្សរណៈនៃការយោគយល់រវាងសភាពាណិជ្ជកម្មថៃ និងសភាពាណិជ្ជកម្មកម្ពុជា

ក្រោយមក លោកនាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា ដោយលោក Chai Watcharong មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃលើកឡើងថា ៖ «ទំនាក់ទំនងរបស់ភាគីទាំងពីរបានបង្កើនកម្រិតទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ហើយវានឹងបើកឱកាសឱ្យការធ្វើការកាន់តែជិតស្និទ្ធខ្លាំងឡើង និងលើកកម្ពស់សក្តានុពលរបស់ប្រទេសទាំងពីររួមគ្នា ។ ប្រទេសថៃនឹងបើកស្ថានកុងស៊ុលនៅខេត្តសៀមរាប ខណៈប្រទេសកម្ពុជានឹងបើកស្ថានកុងស៊ុលនៅខេត្តសុងក្លា នៅឆ្នាំ២០២៤» ។

លោក Chai Watcharong បន្តថា ចំណែកផ្នែកសន្តិសុខ ជាពិសេស នៅបរិវេណព្រំដែនថៃ និងកម្ពុជា គឺប្រទេសថៃនឹងមិនយល់ព្រមឱ្យអ្នកណាម្នាក់ប្រើប្រាស់ថៃ ធ្វើជាកន្លែងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់ប្រទេសជិតខាងឡើយ ។ ក្រៅពីនេះ មេដឹកនាំប្រទេសទាំងពីរបានយល់ព្រមគ្នាពង្រឹងកិច្ចសហការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការបោកប្រាស់តាមអនឡាញ ។

ចំណែកផ្នែកសេដ្ឋកិច្ចវិញ ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការពាណិជ្ជកម្មរួម ថ្នាក់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទី៧ នៅដើមខែមីនា ឆ្នាំ២០២៤ ដើម្បីបន្ថែមទំហំពាណិជ្ជកម្ម ជាពិសេស ពាណិជ្ជកម្មនៅតាមព្រំដែន ។ ក្រៅពីនេះ ប្រទេសទាំងពីរនឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងគ្នា និងគ្នា ។

លោក Chai Watcharong បន្ថែមថា សម្រាប់បញ្ហាផ្សែងអ័ព្ទនៅតាមព្រំដែន ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើតក្រុមការងាររួមគ្នា ។ រីឯផ្នែកកម្លាំងពលកម្មវិញ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា ប្រទេសថៃបានផ្តល់ភាពសំខាន់លើការថែទាំពលករមកពីគ្រប់ប្រទេស រួមទាំងពលករខ្មែរនៅប្រទេសថៃផងដែរ ដើម្បីឱ្យពួកគេទទួលបានភាពយុត្តិធម៌ ។

េដឹកនាំប្រទេសទាំងពីររូបក៏បានពិភាក្សាគ្នាអំពីស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ាផងដែរ ដោយប្រទេសថៃ និងកម្ពុជា ចង់ឃើញប្រទេសមីយ៉ាន់ម៉ា មានសុខសន្តិភាព និងស្ថិរភាព ។ ហេតុនេះ រដ្ឋាភិបាលថៃនឹងផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋមីយ៉ាន់ម៉ា ព្រមទាំងជំរុញការដោះស្រាយបញ្ហាដោយសន្តិវិធី និងអនុវត្តកិច្ចសហការជាមួយអាស៊ាន ។

លោក Chai Watcharong បន្ថែមទៀតថា ជាកិច្ចបញ្ចប់ មេដឹកនាំប្រទេសថៃ និងកម្ពុជា បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងពលរដ្ឋប្រទេសទាំងពីរ ។ លើសពីនេះ នៅឆ្នាំ២០២៥ ថៃ និងកម្ពុជា នឹងរួមគ្នាប្រារព្ធខួប លើកទី៧៥ឆ្នាំ ដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា គឺផ្តោតលើសកម្មភាពលើកកម្ពស់ការយល់ដឹងរវាងពលរដ្ឋទាំងពីរប្រទេស ។ ថៃ និងកម្ពុជា នឹងជួបពិភាក្សាគ្នាជាបន្តបន្ទាប់ ដើម្បីពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្តទៀត ៕