ដូចមហាជនជ្រាបមកហើយថាទោះបីជាលោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា បានលែងលះគ្នាដាច់ស្រេចហើយក្តីប៉ុន្តែអ្នកទាំងពីរនៅតែមានបញ្ហាទៅលើរឿងកូនៗ ខណៈអ្នកនាង ដេត ម៉ាលីណា ថាខ្លួននាងមិនបានជួបមុខកូនៗអស់រយៈពេល៨ខែមកហើយ។ ជាមួយក្តីឈឺចាប់ទឹកចិត្តជាម្តាយដែលមិនបានជួបមុខកូនបង្កើតរបស់ខ្លួននោះតារាចម្រៀង ពេជ្រ សូលីកា ជាមិត្តសម្លាញ់របស់ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបភាពមួយសន្លឹកភ្ជាប់ជាមួយខ្លឹមសារយ៉ាងខ្លីប្រៀបដូចជាការផ្តល់កម្លាំងចិត្តទៅកាន់មិត្តសម្លាញ់។

ជារឿយៗអ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ បានបង្ហោះនៅលើបណ្តាញសង្គមស្នើដល់ប្រព័ន្ធផ្លូវច្បាប់ជួយសម្រួលឱ្យបានជួបកូនរបស់ខ្លួនព្រោះអស់រយៈពេលជាច្រើនខែហើយនាងមិនទាន់បានជួបមុខកូនសូម្បីតែខល។ នាពេលថ្មីៗនេះអ្នកនាងក៏បានបង្ហោះថាជីវិតនាងលែងលះជាង៣ឆ្នាំហើយនៅមិនទាន់ចប់ដោយសារតែអតីតស្វាមីមិនគោរពនិងខ្លាចច្បាប់គោរពតាមសាលក្រមរបស់តុលាការ។

ជាមួយគ្នានេះ អ្នកនាង ដេត ម៉ាលីណា ចង់ឱ្យស្រ្តីខ្មែរនិងក្មេងខ្មែរបានទទួលការការពារពិសេសពីប្រព័ន្ធផ្លូវច្បាប់ដែលជួបរឿងហិង្សានិងលែងលះគ្នាហើយមនុស្សប្រុសយកកូនបំបែកពីម្ដាយព្រោះរាល់ថ្ងៃនេះខ្លួននាងកំពុងប្រឈមនឹងជំងឺបាក់ទឹកចិត្ត រងសម្ពាធព្រោះមិនបានជួបមុខកូនៗដោយបារម្ភពីបញ្ហាផ្លូវចិត្តនឹងភាពកក់ក្តៅរបស់កូន។
ស្របពេលដែលមិត្តសម្លាញ់បានបង្ហាញអារម្មណ៍គ្រាំចិត្ត កំពុងទន្ទឹងរង់ចាំបានជួបមុខកូនៗ តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះរូបភាពមួយសន្លឹករបស់អ្នកនាង ដេត ម៉ាលីណា និងកូនស្រី ព្រមទាំង Mention ឈ្មោះ Deth Malina ជាមួយខមសិនថា «Her and her daughter»។

ទោះបីជាមិនរៀបរាប់អ្វីច្រើន ប៉ុន្តែទង្វើរបស់ ពេជ្រ សូលីកា ទៅកាន់អ្នកនាង ដេត ម៉ាលីណា ហាក់ចង់បង្ហាញពីការផ្តល់កម្លាំងចិត្តទៅកាន់មិត្តសម្លាញ់និងកូនស្រីរបស់មិត្តសម្លាញ់គួរតែម្តាយ ជាអ្នកមើលថែ ។ លើសពីនេះ ការចេញមកបង្ហោះបែបនេះរបស់ ពេជ្រ សូលីកា អាចថានាងយល់អារម្មណ៍របស់អ្នកនាង ដេត ម៉ាលីណា ច្បាស់ពីចិត្តជាម្តាយដែលរស់នៅបែកកូនៗព្រោះនាងក៏ជាម្តាយរបស់គេ និងជាស្រ្តីមេម៉ាយដូចគ្នា។

មិនត្រឹមតែ ពេជ្រ សូលីកា ផ្តល់កម្លាំងចិត្តទៅកាន់អ្នកនាង ដេត ម៉ាលីណាប៉ុណ្ណោះទេ តែមហាជនក៏បានចូលរួមលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តទៅកាន់អតីតភរិយាលោក ឌួង ឆាយ ដូចគ្នានឹងសង្ឈឹមថា ប្រព័ន្ធផ្លូវច្បាប់ធ្វើយ៉ាងណាជួយសម្រួលឱ្យនាងបានជួបជាមួយកូនៗវិញ៕