ប្រទេសឥណ្ឌូណេស៊ី ៖ ភ្ញៀវទេសចរបរទេសគ្រប់រូប រួមទាំងកុមារផងដែរ នឹងត្រូវចំណាយប្រាក់ក្នុងម្នាក់ចំនួន១៥ម៉ឺនរូពី (ឬស្មើជិត១០ដុល្លារអាមេរិក) សម្រាប់បង់ពន្ធទេសចរណ៍ នៅពេលពួកគេមកកម្សាន្តនៅកោះបាលីដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូណេស៊ី រួមទាំងកោះតូចៗនៅជុំវិញកោះបាលីផងដែរ គិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ ។ ការតម្រូវឱ្យភ្ញៀវទេសចរបរទេសបង់ពន្ធនេះ គឺឥណ្ឌូណេស៊ីនឹងយកប្រាក់នេះទៅប្រើប្រាស់លើការកែលម្អសេវាកម្មទេសចរណ៍ និងថែទាំបរិស្ថាន ។
Tjok Bagus Pemayun នាយកគ្រប់គ្រងផ្នែកទេសចរណ៍ប្រចាំកោះបាលីលើកឡើងថា ការទូទាត់ថ្លៃសេវាទេសចរណ៍នេះ ភ្ញៀវទេសចរបរទេសត្រូវទូទាត់ប្រាក់នៅអាកាសយានដ្ឋានឥណ្ឌូណេស៊ី ហើយពួកគេអាចចំណាយពេលវេលាមិនលើសពី២៣វិនាទីទេ ។
បើតាមព័ត៌មានចុងក្រោយរបស់មន្ត្រីឥណ្ឌូណេស៊ីបញ្ជាក់ថា ភ្ញៀវទេសចរបរទេសនឹងត្រូវបង់ពន្ធទេសចរណ៍តាមគេហទំព័រ Love Bali ឬក្នុងកម្មវិធីទេសចរណ៍ មុនពេលពួកគេធ្វើដំណើរទៅកាន់កោះបាលី ។ ក្រោយពេលពួកគេទូទាត់ប្រាក់រួចហើយ ពួកគេនឹងទទួលបានប័ណ្ណធ្វើដំណើរតាមអ៊ីម៉ែល បន្ទាប់មក ត្រូវថតប័ណ្ណនេះទុកក្នុងទូរស័ព្ទដៃសម្រាប់ការស្កេនពេលធ្វើដំណើរមកដល់អាកាសយានដ្ឋាន ឬកំពង់ផែកោះបាលី ។
មន្ត្រីប្រចាំកោះបាលីបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីនឹងប្រមូលប្រាក់បង់ពន្ធទេសចរណ៍នេះសម្រាប់ការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវសេវាកម្មទេសចរណ៍, ការថែរក្សាវប្បធម៌កោះបាលី និងការការពារបរិស្ថាននៅលើកោះផងដែរ ។
គួរបញ្ជាក់ថា កោះបាលី គឺជាតំបន់ទេសចរណ៍មួយដ៏ពេញនិយមរបស់ភ្ញៀវទេសចរនៅទូទាំងពិភពលោក ប៉ុន្តែរយៈពេលច្រើនឆ្នាំកន្លងមកនេះ កោះបាលីបានប្រឈមនឹងបញ្ហាការបំពុលបរិយាកាសជាច្រើន ជាពិសេស សំរាមផ្លាស្ទិកនៅតាមឆ្នេរសមុទ្រ ។
លើសពីនេះ ភាពតានតឹងរវាងពលរដ្ឋឥណ្ឌូណេស៊ីរស់នៅក្នុងតំបន់ និងជនបរទេស ក៏កើនឡើងខ្លាំងផងដែរ ដោយសារមានកំណើនភ្ញៀវទេសចរមកកម្សាន្តនៅកោះបាលី ជាពិសេស ភ្ញៀវទេសចរខ្វះគុណភាព, ចូលចិត្តបង្កបញ្ហា, បំផ្លាញតំបន់ទេសចរណ៍ដ៏សំខាន់, បើកបរយានជំនិះក្នុងអំឡុងពេលស្រវឹង និងបង្កបញ្ហាផ្សេងទៀត ។
នៅឆ្នាំ២០២៤ មន្ត្រីឥណ្ឌូណេស៊ីបានកំណត់គោលដៅថា នឹងមានភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកោះបាលី ប្រមាណ៧លាននាក់ កើនឡើងពីចំនួន៥លាន២សែននាក់ នៅឆ្នាំ២០២៣ ។ ចំណែករដ្ឋាភិបាលរំពឹងថា នឹងមានភ្ញៀវទេសចរបរទេសមកប្រទេសឥណ្ឌូណេស៊ី សរុបប្រមាណ១៤លាននាក់នៅឆ្នាំ២០២៤ និងផ្តល់ប្រាក់ចំណូលយ៉ាងច្រើនចូលជាតិ ៕










