កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5833 បើកបរដោយឈ្មោះ WEN XIAOLONG អាយុ៣៧ឆ្នាំ ជនជាតិចិន បានរេចង្កូតមកខាងស្តាំបុកចំម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-8457 ពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូទាំង៣នាក់ឪពុកកូនស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតនៅក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយកើតហេតុសមត្ថកិច្ច បានឃាត់ខ្លួនជនបង្ក និងកោះហៅខាងប្រពន្ធជនរងគ្រោះដែលស្លាប់ប្ដី និងកូនតូចចំនួន៣នាក់ មកសាកសួរ ដើម្បីសម្រួល។

លុះក្រោយមក ប្រពន្ធជនរងគ្រោះក៏បានយល់ព្រមទទួលសំណងពីភាគីបង្កចំនួន៥ម៉ឺនដុល្លារ ដើម្បីដកពាក្យបណ្ដឹង និងបញ្ចប់រឿងហើយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤៕