ស្របពេលដែលតារារ៉េបលំដាប់ប្រទេស ម៉ាន់ វណ្ណដា បន្តធ្វើជាទូតសុច្ឆន្ទៈផលិតផលគ្រឿងស្រវឹងបានធ្វើឱ្យអ្នកប្រើបណ្តាញសង្គមមួយចំនួនសម្តែងការមិនពេញចិត្តនូវទង្វើនេះ ខណៈលោក ម៉ៃ សុគន្ធ បានចេញមុខការពារ វណ្ណដា ថាស្រវឹងអាឡេអាឡើខ្លួនឯង មកចោទ BA និងបានលើកឡើងទៀតថាហេតុអ្វីត្រូវដាក់សម្ពាធលើ វណ្ណដា។
នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ តារាចម្រៀងរ៉េប វណ្ណដា បានប្រកាសជាសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដោយលោកនៅបន្តធ្វើជាទូតសុច្ឆនៈផលិតផលក្រុមហ៊ុនស្រាបៀរមួយប្រភេទ។ តារាចម្រៀងរូបនេះបានលើកឡើងទៀតថា ខ្លួននិងក្រុមហ៊ុនស្រាបៀរមានគោលដៅ និងចក្ខុវិស័យដូចគ្នា ដោយចង់ឃើញតន្រ្តី និងវិស័យកម្សាន្តរបស់យើងកាន់តែល្បីល្បាញ និងឈានទៅមុខបន្តបន្ទាប់ទៀតជាលំដាប់ ហើយនៅក្នុងឆ្នាំនេះភាគីទាំងពីរក៏មាននូវគម្រោងថ្មីៗ និងអស្ចារ្យជាច្រើនត្រៀមនឹងបង្ហាញជូនអ្នកគាំទ្រទាំងអស់គ្នាផងដែរ។
ក្នុងដំណើរដែល វណ្ណដា នៅតែបន្តធ្វើជាទូតសុឆ្ឆន្ទៈផលិតផលគ្រឿងស្រវឹងបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនរិះគន់លោកដែលជាតារាលំដាប់ប្រទេសឈានដល់អន្តរជាតិប៉ុន្តែផ្សព្វផ្សាយគ្រឿងស្រវឹងដែលជាកត្តាមួយក្នុងចំណោមកត្តាផ្សេងទៀតបង្កគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត។ ជាមួយនឹងមតិរិះគន់ និងមានការវែកញែកលើបណ្តាញសង្គមនោះគេសង្កេតឃើញថាហ្វេនៗរបស់ វណ្ណដា មួយចំនួនក៏បានចេញមុខលើកហេតុផលផ្សេងៗ។ មតិយោបល់ជុំវិញរឿងនេះ បាននិយាយថា វណ្ណដា ធ្វើតាមសិទ្ធិបុគ្គលរបស់លោកដែលម្ចាស់ផលិតផលផ្តល់តម្លៃ និងកិត្តិយសចំពោលោក ហើយយើងគ្មានសិទ្ធិវិនិច្ឆ័យចំពោះការសម្រេចចិត្តរបស់ វណ្ណដា នោះទេប៉ុន្តែខ្លួនឯងប៉ុណ្ណោះត្រូវចេះគ្រប់គ្រងខ្លួនឯង។
ងាកទៅកាន់លោក មៃ សុគន្ធ រហ័សនាមមហាទើសវិញ ក៏បានចេញមុខការពារ វណ្ណដា ដែរថា «ខ្លាំងបានតែ វណ្ណដា មនុស្សស្ងៀមស្ងាត់អត់តបតហ្នឹង តិច វណ្ណដា ធ្វើ BA សៀវភៅអាន អត់នាំគ្នាផ្អើលទិញសៀវភៅ និងអានសៀវភៅ។ ចង់ហាមគេ ហាមតែចិត្តខ្លួនឯងឱ្យបានសិនទៅ ល្ងាចមិនទាន់ទេ ដាក់ម៉ាយួរអី តោះផឹក។ មៃ សុគន្ធ បន្តទៀតថា «ស្រវឹងអាឡេអាឡើខ្លួនឯងមកចោទ BA ហេតុអីត្រូវដាក់សម្ពាធលើគាត់ ? អ្វីដែលត្រូវហាមគឺ ហាមចិត្តខ្លួនឯងគ្រប់គ្នាសិនទៅ»។
ទោះយ៉ាងណារឿងនេះនៅតែបន្តមានជាប្រធានបទនៅលើបណ្តាញសង្គមនិងមានការជជែកវែកញែកយ៉ាងច្រើនដោយបានមានជាពាក្យពេចន៍ថា វណ្ណដា ជាតារាលំដាប់ប្រទេសដែលមានអ្នកគាំទ្រយុវវ័យច្រើនដូច្នេះវាអាចជាកត្តាជំរុញឱ្យមានការសេពគ្រឿងស្រវឹង ប៉ុន្តែមតិផ្សេងទៀតថា ទោះបីជា វណ្ណដា មិនផ្សាយស្រាបៀរក៏ផលិតផលគ្រឿងស្រវឹងពេញនិយមស្រាប់ទៅហើយ៕










