អ្នកគាំទ្រវិស័យចម្រៀងរ៉េបមានការភ្ញាក់ផ្អើលរួមជាមួយនឹងការមិនពេញចិត្ត ព្រមទាំងទាមទាររកយុត្តិធម៌ពីផលិតកម្មបារមីជូន ហ្សេដេស បន្ទាប់ពីគេឃើញនៅក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងមួយអវត្តមានរបស់ ហ្សេដេស បេក្ខជន TOP3 The Rapper Cambodia ដោយឃើញតែ យូហៃ Goofy និង Roxy ទៅវិញ។ ស្របពេលរឿងនេះផ្ទុះឡើង ហ្សេដេស បានត្រឹមបង្ហោះសារខ្លីមួយយ៉ាងកំសត់។

នៅរសៀលថ្ងៃទី១ កុម្ភៈ អ្នកគាំទ្របានបង្ហាញភាពភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីមានវីដេអូផ្សព្វផ្សាយនៅលើបណ្តាញសង្គមទិកតុកនៃការចុះកិច្ចព្រមព្រៀងជាផ្លូវការតារាតំណាងផលិតផលរួមមានម្ចាស់ជ័យលាភី The Rapper Cambodia យូហៃ Goofy បេក្ខជនជាប់ TOP3 និង Roxy ម្ចាស់ពាន Fan Favorite។ អ្នកគាំទ្របានបង្ហាញការងឿងឆ្ងល់យ៉ាងខ្លាំងដោយសារតែមិនឃើញវត្តមានរបស់ ហ្សេដេស ដែលជាបេក្ខជន TOP3 នៅក្នុងកម្មវិធី។

បេក្ខភាព TOP3 មាន៣នាក់ប៉ុន្តែបែរជាបាត់ម្នាក់នេះដែរបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រមទាំងមានការជជែកវែកញែកយ៉ាងច្រើន ខណៈហ្វេនៗបានរំអុកទាមទារយុត្តិធម៌ពីផលិតកម្មបារមីគួរតែផ្តល់តម្លៃទៅដល់ ហ្សេដេស ផងដែលខិតខំប្រឹងប្រែងក្នុងការប្រកួតនាពេលកន្លងមកបែរជាមើលរំលង ហេ្សដេស ទៅវិញ។

ទន្ទឹមនឹងរឿងនេះផ្ទុះកក្រើក ងាកទៅកាន់ ហ្សេដេស វិញបានត្រឹមតែបង្ហោះសំណេរយ៉ាងខ្លីថា « Thank for everything» ដែលមានអត្ថន័យថា អរគុណអ្វីៗគ្រប់យ៉ាង ដោយលោកបានទាំងបញ្ជាក់យ៉ាងច្បាស់នូវកាលបរិច្ឆត ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។Baramey Crew — Baramey Production

អ្នកគាំទ្របានបញ្ចេញមតិថា « Yuhai ម្ចាស់ពានរង្វាន់ The rapper មានសិទ្ធិចូលផលិតកម្ម , Roxy ជាប់ fan favorite មានសិទ្ធិចូលផលិតកម្ម ចំណែក goofy និង zedes នៅក្នុង top 3 ដូចគ្នា ប៉ុន្តែហេតុអ្វីមានតែ goofy បានចូលផលិតកម្ម ចុះ zedes ?, កុំលម្អៀងខ្លាំងពេក, Top3 នៅស្ទើរជាង Fan favourite មែន , ហេតុអ្វីមើលរំលងគាត់បែបនេះ» រួមព្រមទាំងមតិយោបល់ជាច្រើនទៀត។ តាមការយល់ឃើញរបស់ហ្វេនៗមួយផ្នែកទៀតបានលើកឡើងថា នេះជាការចុះហត្ថលេខាលើតំណាងផលិតផលប៉ុណ្ណោះគឺអាស្រ័យទៅលើម្ចាស់ផលិតផលពេញចិត្តអ្នកណានោះទេ។

រឿងនេះបានធ្វើឱ្យអ្នកគាំទ្រលើវិស័យចម្រៀងរ៉េបមានការមិនពេញចិត្តយ៉ាងខ្លាំងរួមទាំងបានចោទប្រកាន់ថាមានភាពលម្អៀងទៅលើ ហ្សេដេស ។ ជាមួយគ្នានេះ អ្នកគាំទ្រក៏រង់ចាំការពន្យល់បកស្រាយពីផលិតកម្មបារមីដូចគ្នាទៅលើករណីខាងលើនេះ៕