មិនមែនជាលើកទី១ហើយក៏មិនមែនជាលើកទី១០ ប៉ុន្តែគឺជាលើកទីរាប់ភ្លេចរបស់ក្រុមផលិតវីដេអូមិនសមភ្នែកទាល់តែសោះរបស់ក្រុម ចែអំបិលម្ទេស ដែលនៅតែបន្តផលិតមាតិការមិនគម្បីម្តងហើយម្តងទៀត ខណៈមកទល់ពេលនេះសមត្ថកិច្ចពាក់ព័ន្ធនៅតែមិនមានចំណាត់ការអ្វីទៅលើក្រុមនេះបាន រហូតមហាជនកើតក្តីខឹងសម្បារនិងចោទអាជ្ញាធរអសមត្ថភាព។
នាពេលថ្មីៗនេះតាមរយៈគណនី good.food.2024 ដែលបានបង្ហោះវីដេអូពីស្រ្តីពីរនាក់ដែលកំពុងហូបអាហារ ប៉ុន្តែបែរជាយកសត្វសុនកទាំងមូលមកសម្ញែងដើម្បីទាក់ទាញចំណាប់អារម្មណ៍ទោះបីដឹងថារូបភាពនេះមិនសមរម្យហើយត្រូវគេជេរក៏ដោយ ប៉ុន្តែនៅតែប្រព្រឹត្តដើម្បីតែម៉្យាងគឺ «លុយ»។ ស្រ្តីពីរនាក់នេះត្រូវបានមហាជនលើកឡើងថាគឺជាគ្នីគ្នារបស់ ចែអំបិលម្ទេស ព្រោះក្នុងវីដេអូភាគច្រើននៅលើអាខោននេះជាវីដេអូរបស់ ចែអំបិលម្ទេស ហើយគ្មានក្រុមផលិតវីដេអូក្នុងស្រុកណាហ៊ានផលិតវីដេអូបែបអសីលធម៌ក្រៅពីក្រុមនេះឡើយ។
ការយកសត្វសុនកមកសម្ញែងនេះត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះកំហឹងជាថ្មីព្រោះរូបភាពនេះពិតជាមិនសមភ្នែកទាល់តែសោះ ហើយទង្វើបែបនេះវាមិនត្រឹមតែប៉ះពាល់តែបុគ្គលនិងក្រុមប៉ុណ្ណោះទេ ប៉ុន្តែការផលិតមាតិកាប្រភេទនេះវាក៏ជះឥទ្ធិពលមកលើជនជាតិខ្មែរ និងប្រទេសជាតិទាំងមូលដូចគ្នា។
រហ្ស័សនាមជាចែអំបិលម្ទេស បុគ្គលនេះត្រូវបានមហាជនសម្លឹងឃើញថាជាញឹកញាប់តែងតែផលិតមាតិកាបែបញញើត គួរឱ្យខ្លាច និងគួរឱ្យស្អប់ខ្ពើម ទោះបីរបស់នោះរស់គួរឱ្យខ្ពើមរអើមយ៉ាងណានៅតែយកមកផលិតហូបជាមួយអំបិលម្ទេសដូចជា ជីងចក់ កូនកណ្តុរ និងរបស់ជាច្រើនទៀត។ ទន្ទឹមនឹងភាពគួរឱ្យខ្លាចរអារការផលិតវីដេអូរបស់ក្រុមនេះដែលយកសត្វសុនកមកថតនាថ្មីៗនេះទៀតសោតក៏ត្រូវបានមហាជននាំគ្នាសម្រុក Report ដូចគ្នានិងកើតចិត្តខឹងសម្បារជាថ្មីគ្មានអ្វីអាចធ្វើបានក្រៅពីនាំគ្នាជួយ Report ។
ការបន្តផលិតមាតិការបស់ក្រុមចែអំបិលម្ទេស ក្នុងរូបភាពមិនសមភ្នែកប្រជាពលរដ្ឋនៅមិនឃើញសមត្ថកិច្ចមានចំណាត់ការលើបុគ្គលនេះបាននៅឡើយ រហូតប្រជាពលរដ្ឋស្នើដល់អាជ្ញាធរជួយពិនិត្យលើរឿងនេះផង និងបានលើកឡើងជាចម្ងល់ដែរថាហេតុអ្វីបានជាបុគ្គលនេះនៅតែគន្លើនយ៉ាងនេះឬមួយអាជ្ញាធរអសមត្ថភាពមិនអាចធ្វើអ្វីបានទៅលើក្រុមចែអំបិលម្ទេស៕










