នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានជូនដំណឹងជាសាធារណៈដល់ម្ចាស់រថយន្ដ Ford មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ “កម្ពុជា-MENGPECH” ដើម្បីចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់ នៅក្នុងករណីបុកស្លាប់មនុស្ស២នាក់។

ក្រោយមកនៅថ្ងៃទី១ ខែកុម្ភៈលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសថា៖”ម្ចាស់ឡាន Ford ដែលបុកអ្នកជិះម៉ូតូស្លាប់ នៅស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានឱ្យមេធាវីតំណាង ចូលមកដោះស្រាយជំនួស។ ក៏ប៉ុន្តែលោកស្នងការ បានផ្តាំមេធាវី តាមហ្វេសប៊ុក ឱ្យយកវត្ថុតាង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ និងឱ្យម្ចាស់ឡាន Ford ចូលខ្លួនមកបំភ្លឺពីគ្រោះថ្នាក់នោះ”។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ដោយអ្នកបើកឡាន Ford ពណ៌ស បុកមនុស្សស្លាប់ ២នាក់ នៅស្រុកដងទង់ ខេត្តកំពត រួចក៏បានគេចខ្លួនចេញពីកន្លែងកើតហេតុ។

ជុំវិញករណីនេះ លោកស្នងការបានកំណត់ឱ្យម្ចាស់រថយន្ដបង្កនេះ ត្រូវចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ នៅស្នងការដ្ឋាននគរបាល ខេត្តកំពត ដោយមិនអនុញ្ញាតឱ្យមេធាវីមកតែម្នាក់ឯងដូច្នេះទេ។

យោងតាមឯកសារ ម្ចាស់ឡាន Ford នេះ មានឈ្មោះ ផល្លា ស៊ីម៉េង រស់នៅភូមិ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល៕