ប្រទេសចិន៖ គូរស្នេហ៍ជនជាតិចិនរូបនេះ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនមានការចាប់អារម្មណ៍ខ្លាំង ខណៈពួកគេរៀបចំពិធីមង្គលការនៅម៉ោង ២ កណ្តាលអាធ្រាត និងឱ្យកូនក្រមុំជិះលើគ្រែស្នែងហែរហមតាមដងផ្លូវ។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រអន្តរជាតិមួយបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅខេត្ត Fujian ប្រទេសចិន នៅពេលដែលកូនក្រមុំបានតុបតែងមុខរួចរាល់ ហើយក្រុមគ្រួសារ និងសាច់ញាតិរបស់អ្នកទាំងពីរ បានជួបជុំគ្នានៅក្នុងផ្ទះកូនក្រមុំដើម្បីប្រារព្ធពិធីមង្គលការ។ បន្ទាប់មកនៅពេលរៀបមង្គលការរួច ក្រុមគ្រួសាររបស់កូនកំលោះក៏បានឱ្យកូនក្រមុំជិះគ្រែស្នែងដើម្បីដឹកទៅផ្ទះកូនកំលោះវិញ ដោយហែរហមកូនក្រមុំតាមដងផ្លូវនៅម៉ោង ២ ទៀបភ្លឺ ដែលមើលទៅដូចជារឿងភាគខ្លាំងណាស់ ប៉ុន្តែនេះជារឿងពិត ដោយសារគ្រួសារកូនកំលោះនូវតែប្រកាន់ភ្ជាប់ជំនឿបុរាណរបស់ប្រទេសចិន។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ នៅពេលចាកចេញពីផ្ទះកូនក្រមុំទៅផ្ទះកូនកំលោះ តាមដងផ្លូវគឺមានឧបស័គ្គជាច្រើនកើតឡើងដូចជា ធ្លាក់ភ្លៀង និងមានអាកាសធាតុត្រជាក់ ដែលធ្វើឱ្យគ្រួសារកូនកំលោះផ្លាស់ប្តូរសម្លៀកបំពាក់ ក៏ដូចជាបន្តដំណើរទៅមុខទៀត។ ដើមឡើយវាជាមង្គលការធម្មតានោះទេ ប៉ុន្តែនៅពេលគេថតរូបទៅទិដ្ឋភាពនៅក្នុងរូបថតមង្គលការនេះត្រូវបានហ៊ុព័ទ្ធដោយពពក និងអ័ព្ទ ហើយភ្ជាប់ជាមួយពន្លឺស្រអាប់ មើលទៅពិតជាគួរឱ្យខ្លាចខ្លាំងណាស់។

ទោះជាយ៉ាងណាក៏ដោយ រូបថតទាំងនេះត្រូវបានចែកចាយពេញបណ្តាញសង្គមក្នុងប្រទេសចិន ដោយអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិយ៉ាងដូច្នេះថា រូបភាពនេះមើលទៅដូចជាអ្វីមួយចេញពីភាពយន្តភ័យរន្ធត់។ អ្នកខ្លះថាពិធីដង្ហែកូនក្រមុំគឺស្រដៀងនឹង “ការរៀបការជាមួយខ្មោច” ចម្លែកណាស់។
គួរបញ្ជាក់ដែរថា ពិធីដង្ហែមង្គលការនៅពេលយប់គឺជាប្រពៃណីដើម្បីស្វាគមន៍កូនក្រមុំដែលគេអនុវត្តយ៉ាងទូលំទូលាយនៅតំបន់ខ្លះនៃប្រទេសចិន។ វាមកពីជំនឿបុរាណ ទំនៀមទម្លាប់នេះអាចការពាររឿងអាក្រក់មិនឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់គូស្វាមីភរិយាថ្មីថ្មោង។ គេជឿថា ការរៀបការពេលយប់នឹងនាំសំណាងល្អដល់កូនក្រមុំ និងធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍មានភាពរលូនល្អសម្រាប់គូស្នេហ៍ថ្មីថ្មោង៕