ក្រុមអ្នកជំនាញនៅសាកលវិទ្យាល័យ Sichuan ប្រទេសចិនបានវិភាគទិន្នន័យអំពីអ្នកផឹកទឹកតែ ក្នុងនោះពួកគេបានវិភាគលើជនជាតិចិន និងអង់គ្លេសជិត១៤.០០០នាក់ ។ លទ្ធផលការស្រាវជ្រាវបង្ហាញថា ការផឹកតែជាប្រចាំ គឺអាចជួយពន្យារភាពចាស់ជរារបស់រាងកាយបាន ខណៈតែបានផ្តល់នូវប្រយោជន៍យ៉ាងច្រើនដល់សុខភាព ។
ពួកគេបានបង្ហាញលទ្ធផលស្រាវជ្រាវពាក់ព័ន្ធនឹងការផឹកតែ និងការប្រឆាំងនឹងភាពចាស់របស់មនុស្សនៅក្នុងទស្សនាវដ្តី «The Lancet Regional Health – Western Pacific» កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ថា អ្នកផឹកតែជារៀងរាល់ថ្ងៃ គឺរាងកាយរបស់ពួកគេនឹងឈានទៅរកភាពចាស់យឺតជាងពេលធម្មតា ជាពិសេស អ្នកផឹកតែក្នុងបរិមាណជាមធ្យម ចំនួន៣ពែងក្នុង១ថ្ងៃ ។
លទ្ធផលស្រាវជ្រាវបង្ហាញទៀតថា អ្នកផឹកតែទាំងនេះមានការបារម្ភ ឬខ្វល់ខ្វាយ, សម្រាកមិនលក់ និងមានរោគសញ្ញាជំងឺធ្លាក់ទឹកចិត្តក្នុងអត្រាទាបជាងអ្នកមិនផឹកតែ ។ ក្រុមអ្នកស្រាវជ្រាវបានអះអាងលទ្ធផលស្រាវជ្រាវនេះ តាមរយៈការមើលលើសារធាតុ Polyphenols ជាសារធាតុផ្សំក្នុងរុក្ខជាតិ ដែលផ្តល់ប្រយោជន៍ដល់មីក្រូបាក់តេរីក្នុងពោះវៀន និងល្អសម្រាប់រាងកាយ ។ លើសពីនេះ វាក៏បានជួយដល់ប្រព័ន្ធការពារ, ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធធ្វើការរបស់ខួរក្បាលឱ្យដំណើរការយ៉ាងរលូន ។
ក្រុមអ្នកស្រាវជ្រាវបានលើកឡើងពីការស្រាវជ្រាវនាពេលមុននេះ ពាក់ព័ន្ធនឹងសារធាតុ Flavonoids (ជាសមាសធាតុ Polyphenolic មួយប្រភេទសម្បូរនៅក្នុងទឹកតែ) គឺវាមានគុណសម្បត្តិជួយធ្វើឱ្យសត្វដែលគេយកមកសាកល្បង ដូចជា ៖ កណ្តុរ និងដង្កូវ កាន់តែមានអាយុវែងជាងមុន ។
ក្រុមអ្នកស្រាវជ្រាវបានវិភាគទិន្នន័យរបស់ជនជាតិចិន ដែលមានអាយុចាប់ពី៣០ឆ្នាំ ទៅ៩១ឆ្នាំ ចំនួន៧.៣៩១នាក់ ដែលដកស្រង់ចេញពីករណីសិក្សាកុលសម្ព័ន្ធផ្សេងៗរបស់ចិន ព្រមទាំងជនជាតិអង់គ្លេស ដែលមានអាយុចាប់ពី៣៧ឆ្នាំ ទៅ៧៣ឆ្នាំ ចំនួន៥.៩៩៨នាក់ ដែលបានពីធនាគារទិន្នន័យជីវសាស្ត្ររបស់អង់គ្លេស ។ ពួកគេបានចំណាយពេលវេលាតាមដានអាកប្បកិរិយា ចាប់ពី១ឆ្នាំ ទៅ២ឆ្នាំ សម្រាប់ជនជាតិចិន និងចាប់ពី៣ឆ្នាំ ទៅ៥ឆ្នាំ សម្រាប់ជនជាតិអង់គ្លេស ។
អ្នកចូលរួមក្នុងគម្រោងទាំងអស់ត្រូវឆ្លើយតបសំណួរពាក់ព័ន្ធនឹងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនក្នុងការផឹកតែ ដូចជា ៖ ប្រភេទតែដែលផឹក រហូតដល់ចំនួនលើក និងចំនួនពែងតែដែលផឹកជាប្រចាំផងដែរ ។ លើសពីនេះ គេបានកត់ត្រាសូចនាករជីវសាស្ត្រ ដូចជា ៖ កម្រិតសម្ពាធឈាម, កម្រិតកូឡេស្តេរ៉ុល និងកម្រិតខ្លាញ់ក្នុងរាងកាយ ដើម្បីកំណត់អាយុរាងកាយពិតប្រាកដ ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនិយាយថា ពួកគេមិនអាចសន្និដ្ឋានដោយផ្ទាល់ថា ការផឹកតែជាប្រចាំនឹងជួយពន្យារភាពចាស់ បើទោះជាវាផ្តល់ផលប្រយោជន៍ដល់សុខភាពរាងកាយក្តី ។
រីឯការស្រាវជ្រាវផ្សេងទៀតនាពេលមុននេះបង្ហាញថា ការផឹកតែក្នុងបរិមាណល្មម នឹងអាចកាត់បន្ថយហានិភ័យជំងឺខួរក្បាល ដូចជា ៖ ជំងឺភ្លេចភ្លាំង និងជំងឺវង្វេង ដូចគ្នានឹងការផឹកកាហ្វេដែរ ។ ការផឹកតែ ជួយឱ្យយើងមានអារម្មណ៍ស្រស់ថ្លា, សុខភាពមាត់ធ្មេញល្អ, កាត់បន្ថយជាតិកំបោរនៅជាប់ធ្មេញ និងការពារជំងឺពុកធ្មេញ ដោយសារទឹកតែមានជាតិហ្វ្លុយអូរីត និងសារធាតុតានីន ដែលផ្តល់ប្រយោជន៍ក្នុងការថែទាំសុខភាពធ្មេញ ៕










