នាពេលថ្មីៗនេះនៅលើបណ្តាញសង្គមទាំងទិកតុកនិងហ្វេកប៊ុកផ្ទុះរឿងរសើបយ៉ាងខ្លាំងបន្ទាប់ពីមានបុរសម្នាក់ចេញមកបង្ហោះពីអ្នកមានបានប្តីក្មេងប៉ុន្តែមិនទាន់សងលុយថ្លៃភ្នួងនិងផ្កាឱ្យគេគ្រប់ចំនួននៅឡើយ។ បន្ទាប់ពីរឿងនេះល្បីសុះសាយម្ចាស់សម្អាងការ ណុប ដាណេ និងផេករៀបចំដេគ័រផ្កា Event Flower ចេញមុខអះអាងចំពោះលោកស្រី ទ្រី ដាណា ថាមិនបានជំពាក់ប្រាក់នោះទេដើម្បីស្រាយចង្ងល់និងកុំឱ្យមានការយល់ច្រលំទៅលើអ្នកជំនួញរូបនេះ។

នៅយប់ថ្ងៃទី៣១ មករា លោក ណុប ដាណេ ដែលជាម្ចាស់សម្អាងការក្នុងថ្ងៃមង្គលរបស់ថៅកែពេជ្រ ទ្រី ដាណា ចេញមកបង្ហោះយ៉ាងដូច្នេះថា «ខ្ញុំបាទដាណេ ជាម្ចាស់សំអាងការ ដោយសារមាន បងប្អូនជាច្រើនបានឆាតសួរខ្ញុំអំពី អត្ថបទមួយនេះ ខ្ញុំពិតជាមិនដឹងថាគេសំដៅទៅលើអ្នកណា តែបើសំដៅទៅលើថ្ងៃមង្គលការរបស់បង ទ្រី ដាណា និងស្វាមី ខ្ញុំសូមអះអាងថាមិនពិតទេ ព្រោះខ្ញុំទទួលការងារផ្នែកសម្អាងការក្នុងថ្ងៃនោះ ខាងខ្ញុំបានទទួលការ ទូទាត់រួចរាល់បន្ទាប់ពីបញ្ចប់ថ្ងៃកម្មវិធីហ្នឹងមកម្ល៉េះ»។

ចំណែកផេក Event Flower វិញបានបង្ហោះថា «ខ្ញុំបាទ បានឃើញផេកនិងជនឆ្លៀតឱកាសមួយចំនួនបានបង្ហោះលើបណ្តាញសង្គម ទាក់ទាញចំណាប់អារម្មណ៍ចង់ល្បី រឿងមានអ្នកជំពាក់ថ្លៃតុបតែងផ្កានិងថ្លៃភ្នួង ហើយក្នុងអត្ថន័យនោះដែរ នាំឱ្យមានការយល់ច្រឡំលើលោកជំទាវឧកញ៉ា ទ្រី ដាណា ដែលទើបរៀបការរួចថ្មីៗ។
ខ្ញុំផ្ទាល់ជាអ្នកទទួលតែងផ្កាក្នុងកម្មវិធីរបស់លោកជំទាវផ្ទាល់ បានទទួលលុយទូទាត់គ្រប់ចំនួនយូរមកហើយ។ ក្រៅពីខ្ញុំក៏គ្មានខាងណាផ្សេងទៀត ជាអ្នកតុបតែងផ្កាក្នុងកម្មវិធីនោះឡើយ ដូច្នេះការបង្ហោះនោះ ពិតជាការញោះញង់ធ្វើឱ្យមានការយល់ច្រឡំពិតមែន។ អរគុណលោកជំទាវឧកញ៉ា ទ្រី ដាណា ដែលបានផ្តល់ឱកាសឱ្យក្រុមការងារយើងខ្ញុំរៀបចំកម្មពិធីមង្គលជូន»។គួរបញ្ជាក់ថា ការចេញមុខរបស់ម្ចាស់សម្អាងការ និង ដេគ័រផ្កានេះធ្វើឡើងបន្ទាប់ពីមានបុរសម្នាក់បានចេញមកបង្ហោះសារចំនួន២នៅលើបណ្តាញសង្គមនាំឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងរួមទាំងវីដេអអូមួយចំនួនទៀតនៅលើបណ្តាញសង្គមទិកតុក។ បុរសដែលបង្ហោះនោះបាននិយាយថា អ្នកមានបានប្តីក្មេងគេចវេសមិនទាន់ទូទាត់ប្រាក់គ្រប់ចំនួននៅឡើយទៅលើថ្លៃភ្នួង និងផ្ការាប់ម៉ឺនដុល្លារ ជាហេតុធ្វើឱ្យមហាជនមួយចំនួនធំសម្តៅទៅលើលោកស្រី ទ្រី ដាណា ដែលបានរៀបការជាមួយស្វាមីវ័យកេ្មងកាលពីថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៣៕