បរទេស៖ យោងតាមគណៈកម្មាធិការកណ្តាលនៃការបោះឆ្នោត (CEC) របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានប្រកាសពីប្រាក់ចំណូលរបស់ប្រធានាធិបតី Vladimir Putin ដោយបង្ហាញថាគាត់រកបាន ៦៧.៦ លានរូប្លិ (ប្រមាណ ៧៥៣,០០០ ដុល្លារអាមេរិក) ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ។ ដោយប្រាក់ចំណូលរបស់លោកពូទីនភាគច្រើនបានមកពីប្រាក់ខែ ប្រាក់ចំណូលពីមូលបត្រ និងប្រាក់បញ្ញើធនាគារ ប្រាក់សោធនយោធា ក៏ដូចជាប្រាក់ចំណូលពីការលក់អចលនវត្ថុជាដើម។
យោងតាមរបាយការណ៍នេះក៏បានបញ្ជាក់ដែរថា លោកពូទីនគឺជាម្ចាស់ផ្ទះល្វែងទំហំ ៧៧ ម៉ែត្រការ៉េ និងយានដ្ឋានទំហំ ១៨ ម៉ែត្រការ៉េនៅផ្លូវ Petersburg ។ រីឯបញ្ជីរថយន្តដែលលោកពូទីនកាន់កាប់មានដូចជា GAZ M21s ពីរគ្រឿងផលិតក្នុងឆ្នាំ 1960 និង1965, Niva2009 និង Skif trailer1987 ។ ឯកសារនេះក៏បង្ហាញទៀតថា ប្រធានាធិបតីរុស្ស៊ីកាន់កាប់ភាគហ៊ុនចំនួន ២៣០ នៃធនាគារ Saint Petersburg ដោយបច្ចុប្បន្នតម្លៃនៃភាគហ៊ុនមួយនៅលើផ្សារហ៊ុនទីក្រុងម៉ូស្គូគឺ ២៨០.៤៩ rubles ស្មើនឹង ៣.១៣ ដុល្លារអាមេរិក) ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ ចំនួននៃគណនីធនាគារដែលបានចុះបញ្ជីនៅក្នុងឈ្មោះរបស់លោកពូទីនបានថយចុះពី ១៣ ទៅ ១០ ធនាគារ។ ចំនួនទឹកប្រាក់នៅក្នុងនោះបានកើនឡើងស្ទើរតែបួនដង គឺពី ១៣.៨ លានរូប្លិដល់ ៥៤.៥ លានរូប្លែ (ពី ១៥៣,០០០ ដុល្លារដល់ ៦០៣,០០០ ដុល្លារ)។ ការសន្សំរបស់លោកពូទីនក៏បានកើនឡើងជិត ១០ ដងក្នុងរយៈពេល ១២ ឆ្នាំកន្លងមក នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Pravda។
ការប្រកាសពីប្រាក់ចំណូលរបស់លោក Putin ក្រោយមួយថ្ងៃបន្ទាប់ពីការចុះឈ្មោះគាត់ជាផ្លូវការជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ ២០២៤។ ការបង្ហាញព័ត៌មានពីប្រាក់ចំណូល ទ្រព្យសម្បត្តិក្នុងរយៈពេល ៦ ឆ្នាំមុនពេលបោះឆ្នោតនេះគឺជាលក្ខខណ្ឌដ៏ចាំបាច់មួយសម្រាប់បេក្ខជនប្រធានាធិបតីរុស្ស៊ី។
លោកស្រី Ella Pamfilova ប្រធាន CEC បានប្រកាសកាលពីថ្ងៃទី ២៩ ខែមករាថាការសម្រេចចិត្តចុះឈ្មោះលោកពូទីនជាបេក្ខជននៅក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីនាពេលខាងមុខត្រូវបានអនុម័តជាឯកច្ឆ័ន្ទ។
គួរបញ្ជាក់ដែរថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤ ដែលនេះនឹងជាការបោះឆ្នោតប្រធានាធិបតីបីថ្ងៃដំបូងក្នុងប្រវត្តិសាស្ត្ររុស្ស៊ី៕










