នៅក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថា “បច្ចុប្បន្នអគារដែលត្រូវបានផ្អាកដំណើរការសាងសង់ មានចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែម ប្រមាណ ១១៦១ លានដុល្លារអាម៉េរិក ដើម្បីបញ្ចប់ការសាងសង់ ខណៈអគារដែលត្រូវបានសាងសង់រួច ប៉ុន្តែពុំទាន់បានដាក់ដំណើរការប្រើប្រាស់មានចំនួន ១៧៦”។
ឯកឧត្តមបានសង្កត់ធ្ងន់ថា “ចាប់ពីឆ្នាំ ២០១៦ មក ការវិនិយោគក្នុងខេត្តព្រះសីហនុមានសម្ទុះកើនឡើងយ៉ាងគំហុក តែឈានចូលឆ្នាំ ២០១៩ តមកទៀតការផ្លាស់ប្តូរនៅក្នុងការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច គួបផ្សំ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង បញ្ហាប្រឈមជាសកលផ្សេងទៀតបានបណ្តាលឱ្យសំណង់អគារជាច្រើន ត្រូវបានផ្អាក ឬ បញ្ឈប់ដំណើរការសាងសង់”។
រាជរដ្ឋាភិបាល សម្រេចដាក់ចេញកម្មវិធីពិសេសនេះ គឺដើម្បីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤ សំដៅកសាងខេត្តព្រះសីហនុទៅជាខេត្តឈានមុខ និងជាខេត្តគំរូនៅក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រែក្លាយខេត្តនេះទៅជាខេត្ត ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ព្រមទាំងចូលរួមពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែស្ទុះឡើងក្នុងរយៈពេលខ្លី៕









