កាលពីថ្ងៃទី២៩ ខែមករា ស្រ្តី អាយុ ២០ឆ្នាំ ជនជាតិវៀតណាម បន្ទាប់ពីមានអាការៈមិនប្រក្រតី ពោលគឺនាងគ្មានអារម្មណ៍អ្វីទាល់តែសោះទៅលើដៃនិងជើងរបស់នាង ក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
បន្ទាប់មកការធ្វើតេស្តបានបង្ហាញថា ខួរឆ្អឹងខ្នងរបស់នាងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលជាហេតុបណ្តាលឲ្យលែងមានចលនាដឹងនៃជើងនិងដៃរបស់នាង។ តាមរយៈការស៊ើបសួរបស់គ្រូពេទ្យទៅលើនាងក៏បានដឹងថា នាងបានប្រើប៉ោងៗអុកស៊ីតនីត្រាតជាប់ជាប្រចាំក្នុងរយៈពេល ៣ ឆ្នាំមកហើយ។
អុកស៊ីដនីត្រាត ដែលគេស្គាល់ថាជា «ឧស្ម័នសើច» គ្មានពណ៌ ក្លិនផ្អែមស្រទន់ ដែលជាទូទៅត្រូវបានគេយកទៅប្រើប្រាស់ក្នុងវេជ្ជសាស្រ្តដើម្បីរំងាប់អារម្មណ៍និងបំបាត់ការឈឺចាប់ក្នុងអំឡុងពេលវះកាត់។ ខណៈមនុស្សមួយចំនួនបានយកវាទៅប្រើប្រាស់ ដើម្បីកម្សាន្តសប្បាយ បង្កើតអារម្មណ៍ស្រើបស្រាល និងធ្វើឲ្យស្រវឹងមួយគ្រាដូចជាការផឹកស្រា។
ទោះជាយ៉ាងណា ឧស្ម័ននេះនឹងផ្តល់នូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដូចជា បណ្តាលឱ្យពុល វង្វេងស្មារតី បាត់បង់ការចងចាំ បាត់បង់លំនឹងក្នុងរាងកាយ ដែលបណ្តាលឲ្យសន្លប់ និងបើធ្ងន់ធ្ងរអាចនឹងបណ្តាលឲ្យខូចសរសៃប្រសាទ និងរហូតបាត់បង់ជីវិតជាដើម។
យោងតាមការស្រាវជ្រាវបង្ហាញថា ៤៧% នៃអ្នកជំងឺខូចសរសៃប្រសាទដែលបណ្តាលមកពីឧស្ម័ននេះគឺអាចសះស្បើយទាំងស្រុងបន្ទាប់ពីទទួលបាននូវការព្យាបាល តាមរយៈការចាក់វីតាមីន B12 និង methionine តាមមាត់ផងដែរ៕










