ប្រទេសថៃ ៖ គ្រូពេទ្យសុខភាពផ្លូវចិត្តនៅប្រទេសថៃបានសំណូមពរឱ្យបញ្ឈប់អាកប្បកិរិយាការនិយាយស្តី និងបង្ហាញកាយវិការ Bully នៅតាមសាលារៀនជាបន្ទាន់ ដោយគ្រូពេទ្យបញ្ជាក់ថា អ្នក Bully, អ្នកត្រូវគេ Bully និងអ្នកឈរមើល គួរតែរក្សាភាពស្ងប់ស្ងាត់, ឈប់ឆេវឆាវ និងបង្កើតកន្លែងមានសុវត្ថិភាព ។ រីឯគ្រូបង្រៀនគួរតែគ្រប់គ្រងស្ថានការណ៍ឱ្យបានល្អ ដើម្បីចៀសវាងមានអំពើហិង្សាកើតឡើង ។
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោក Chonnan Srikaew រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសថៃលើកឡើងថា ក្រោយហេតុការណ៍កូនសិស្សប្រើអំពើហិង្សាដាក់គ្នារហូតដល់ស្លាប់ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងស្ថាប័នពាក់ព័ន្ធបានចុះតាមតំបន់ដើម្បីរៀបចំផែនការ និងវាយតម្លៃសុខភាពផ្លូវចិត្តរបស់សិស្សចំនួន៥៥នាក់ និងគ្រូបង្រៀន១២នាក់ ហើយការវាយតម្លៃឃើញថា កូនសិស្សចំនួន៣៦នាក់ និងគ្រូ១២នាក់ មានភាពតានតឹងផ្លូវចិត្ត ។ ហេតុនេះ ក្រសួងសុខាភិបាលបានកំណត់ផែនការព្យាបាលផ្លូវចិត្តរយៈពេលវែង ។:max_bytes(150000):strip_icc()/182027476-56a6f43b3df78cf7729119d4.jpg)
លោកវេជ្ជបណ្ឌិត Phongkasem Kaimook មកពីនាយកដ្ឋានសុខភាពផ្លូវចិត្តថ្លែងថា មូលហេតុឈានដល់ការប្រើប្រាស់អំពើហិង្សា គឺមិនមែនបណ្តាលមកពីកត្តាតែមួយទេ ហើយត្រូវដោះស្រាយគ្រប់កត្តាទាំងអស់ជាមួយគ្នា ដូចជា ៖ កត្តាផ្ទាល់ខ្លួន គឺមានបញ្ហាការគ្រប់គ្រងអារម្មណ៍, ការគ្រប់គ្រងកំហឹង, ខ្វះការអត់ធ្មត់ ឬជំងឺពិបាកគ្រប់គ្រងខ្លួនឯង ។
កត្តាក្រុមគ្រួសារ គឺការប្រើប្រាស់អំពើហិង្សាលើរាងកាយ, ការនិយាយស្តី និងអារម្មណ៍ ទើបធ្វើឱ្យកុមារយកគំរូតាម ។ រីឯកត្តាសាលារៀន, បរិស្ថានជុំវិញ, ការគំរាមកំហែង, ស្ថិតក្នុងចំណោមមិត្តភក្តិចូលចិត្តប្រើប្រាស់ហិង្សា និងថ្នាំញៀន គឺជាការបង្ហាញពីការប្រើអំពើហិង្សាក្នុងជីវិតប្រចាំថ្ងៃ ។ លើសពីនេះ កត្តាផ្នែកអារម្មណ៍នឹងជំរុញឱ្យមានការប្រើអារម្មណ៍ហិង្សាផងដែរ ។
លោកវេជ្ជបណ្ឌិត Phongkasem Kaimook បន្តថា ការដោះស្រាយអាកប្បកិរិយាហិង្សាចំពោះកុមារ គឺយើងគួរតែគ្រប់គ្រងកុមារដោយឱ្យពួកគេបញ្ឈប់ការឆេវឆាវ ដូចជា ៖ យើងអាចឱប ឬចាប់ក្មេងដើម្បីឱ្យពួកគេឈប់ប្រើហិង្សា ហើយពេលក្មេងស្ងប់ស្ងាត់ហើយ យើងគួរតែជជែកជាមួយគេឱ្យនិយាយចេញមក ។ គួរតែចាប់ផ្តើមអប់រំកុមារចាប់ពីអាយុ៣ឆ្នាំឡើងទៅ ដើម្បីឱ្យកុមារចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង ដូចជា ៖ អប់រំឱ្យកុមារចេះបំបែកខ្លួនចេញពេលពួកគេខឹង រួមទាំងបង្ហាត់កុមារឱ្យមានចិត្តមេត្តា និងសប្បុរសចំពោះមនុស្ស និងសត្វ ។
លោកវេជ្ជបណ្ឌិតនិយាយថា ៖ «ការប្រើអំពើហិង្សាដាក់ទោសលើកុមារឆេវឆាវ គឺមិនអាចជួយឱ្យចរិតពួកគេល្អប្រសើរបានទេ ។ យើងមិនគួរចរចាជាមួយកុមារឆេវឆាវ, រិះគន់ និងប្រៀបធៀបទេ ពីព្រោះវានឹងធ្វើឱ្យកុមារមានភាពអន់ថយ» ។![]()
រីឯអ្នកគ្រូពេទ្យ Wimonrat Wanphen នាយកវិទ្យាស្ថានសុខភាពផ្លូវចិត្តកុមារ និងយុវវ័យ និយាយថា បើសង្ស័យថា កូនចៅរបស់យើងទទួលផលប៉ះពាល់ពីអំពើហិង្សា យើងអាចពិនិត្យមើលស្លាកស្នាមលើរាងកាយកើតឡើងពីការប្រើហិង្សា និងអាកប្បកិរិយាកុមារ ។ យើងអាចពិនិត្យការផ្លាស់ប្តូរអារម្មណ៍របស់ពួកគេ ដូចជា ៖ ភ័យខ្លាច, សោកសៅ និងឆេវឆាវ ហើយយើងគួរចំណាយពេលវេលាស្តាប់ និងជជែកជាមួយពួកគេឱ្យបានច្រើន ។
ក្រៅពីនេះ យើងគួរសួរសំណួរងាយៗទៅកាន់ពួកគេ ដូចជា ៖ តើថ្ងៃនេះ យ៉ាងម៉េចដែរ? ថ្ងៃនេះ មានសេចក្តីសុខជាមួយអ្វីខ្លះ? ថ្ងៃនេះ មិត្តភក្តិ និងគ្រូ យ៉ាងម៉េចដែរ? ថ្ងៃនេះ មិនចូលចិត្តអ្វីខ្លាំងបំផុត? បើសង្ស័យថា កូនត្រូវគេធ្វើបាប យើងអាចសន្ទនាជាប្រយោគងាយៗ ដូចជា ៖ បើមានអ្នកណាម្នាក់ធ្វើឱ្យកូនឈឺចាប់ ឬខូចចិត្ត កូនអាចរៀបរាប់ឱ្យប៉ាម៉ាក់ស្តាប់បាន ។ ហេតុនេះ ចូរឱ្យកូនរៀបរាប់រឿងរ៉ាវឱ្យយើងស្តាប់ដោយគ្មានការរអ៊ូរទាំ និងរិះគន់ ។
ចំណែកលោកគ្រូពេទ្យ Yongyut Wongpiromsant ទីប្រឹក្សានាយកដ្ឋានសុខភាពផ្លូវចិត្តនិយាយថា អាកប្បកិរិយាការ Bully នៅសាលារៀន គឺជាអាកប្បកិរិយាគំរាមកំហែងដោយប្រើពាក្យសម្តីធ្ងន់ធ្ងរ ហើយវានឹងប៉ះពាល់ដល់អ្នកត្រូវគេ Bully គឺធ្វើឱ្យពួកគេខ្វះទំនុកចិត្ត និងខ្វះមោទនភាពលើខ្លួនឯង ។ ទីបំផុត ពួកគេមានភាពសោកសៅ ប៉ុន្តែផលប៉ះពាល់ទាំងនេះ មិនបានកើតឡើងលើអ្នកត្រូវគេ Bully ទេ ប៉ុន្តែវាក៏កើតឡើងចំពោះអ្នក Bully គេផងដែរ ។
លោកគ្រូពេទ្យបន្តថា អ្នកត្រូវគេ Bully រឿយៗ គឺចុងក្រោយ អ្នកនោះនឹងក្លាយជាមនុស្សសោកសៅ ហើយអាចធ្វើបាបខ្លួនឯង ឬធ្វើបាបអ្នក Bully ។ នៅបរិវេណសាលារៀននីមួយៗ គួរជាទីកន្លែងមានសុវត្ថិភាពសម្រាប់កូនសិស្ស, គ្មានការប្រើអំពើហិង្សាលើផ្លូវកាយ និងពាក្យសម្តី ។ អ្វីដែលកើតឡើងចំពោះសិស្ស គ្រូបង្រៀនអាចមើលឃើញ និងដោះស្រាយបញ្ហា ព្រមទាំងលើកផលហេតុទៅសិស្សថា Bully គឺជាការគំរាមដោយពាក្យសម្តីដែលខ្លាំងជាងការប្រព្រឹត្តដោយផ្ទាល់ ។ វានឹងធ្វើឱ្យមានរបួសផ្លូវចិត្ត ដូចជា ៖ ការជំរិតទារប្រាក់ ឬវាយដំ ហើយនេះជាការប្រើហិង្សាមួយដែរ ។
លោកគ្រូពេទ្យថា ៖ «គ្រូត្រូវតែយកចិត្តទុកដាក់លើអាកប្បកិរិយារបស់សិស្សក្នុងថ្នាក់រៀន និងដោះស្រាយបញ្ហាភ្លាមៗ មិនមែនបណ្តោយឱ្យវារាលដាលខ្លាំងទេ ។ រីឯអ្នកឈរមើលមិត្តភក្តិត្រូវគេ Bully ចាត់ទុកថា ជាការធ្វេសប្រហែស ។ ហេតុនេះ គ្រូត្រូវប្រើជំនាញជីវិតអប់រំពួកគេ ដើម្បីឱ្យអ្នកឈរមើលគេ Bully នាំគ្នាចូលជួយមិត្ត, ជម្រាបឱ្យគ្រូជ្រាប ឬហាមមិត្តកុំឱ្យ Bully មិត្ត» ។
ចុងក្រោយ លោកគ្រូពេទ្យបញ្ជាក់ថា អ្នកដែលត្រូវគេ Bully ភាគច្រើនជាមនុស្សទន់ខ្សោយ និងមិនហ៊ានប្រឈមមុខជាមួយអ្នកដទៃ ។ ដូច្នេះ បើបានឃើញការ Bully នៅតាមសាលារៀន សូមឱ្យគ្រប់គ្នាជួយបញ្ឈប់ភ្លាមៗ ហើយពុំបាច់គិតពីទំនាក់ទំនងរវាងអ្នកត្រូវគេ Bully និងអ្នក Bully គេនោះទេ ៕










