បាងកក៖ ថ្មីៗនេះ គឺបានកើតមានករណីក្មេងប្រុសជាសិស្សសាលាថៃថ្នាក់ទី៨ម្នាក់ ដែលត្រូវបានគេស្គាល់ថាគាត់ជាមនុស្សមិនប្រក្រតី បានដកកាំបិតចាក់សម្លាប់មិត្តរួមថ្នាក់ខ្លួនភ្លាមៗ ព្រោះបានត្រូវគេមើលងាយ និងចំអកលើរូបគាត់។
ហេតុការណ៍នេះ គឺបានកើតឡើងនៅវេលាម៉ោង ៨ និង៣០នាទីព្រឹក កាលពីថ្ងៃទី២៩ ខែមករា នៅសាលា Nak Nava Upatham ទីក្រុងបាំងកក ប្រទេសថៃ ហើយថ្នាក់រៀនទាំងអស់ត្រូវបានលុបចោលភ្លាមៗ។
មិត្តភក្តិជនរងគ្រោះបានប្រាប់អ្នកយកព័ត៌មានថា ពួកគេបានឃើញជនរងគ្រោះ សើចចំអកឡកឡើយដាក់ក្មេងប្រុសមិនប្រក្រតីម្នាក់នេះ។ ដោយទ្រាំពុំបាន ក្មេងប្រុសមិនប្រក្រតីម្នាក់នេះបានទាញកាំបិតដេញចាក់ក្មេងប្រុសជនរងគ្រោះតែម្តង។
ដំបូងឡើយ ក្មេងប្រុសរងគ្រោះបានព្យាយាមរត់គេចខ្លួន ប៉ុន្តែជនដៃដល់បានរត់តាមពីក្រោយ ហើយបានចាក់គាត់ ចំផ្នែកខាងស្តាំ ចំកញ្ចឹងក ដែលបណ្តាលឲ្យជនរងគ្រោះ ដួលទៅនឹងដី ក្នុងទីលានបាល់បោះ។ ភ្លាមៗនោះ បុគ្គលិកសាលាបានប្រញាប់ប្រញាល់ទៅជួយជនរងគ្រោះនៅកន្លែងកើតហេតុ។
បុគ្គលិកនិយាយថា ក្មេងប្រុសមិនប្រក្រតីម្នាក់នេះ ជារឿយៗគឺគាត់មិនមាត់មិនករអ្វីទេ ហើយគាត់គឺតែងតែត្រូវបានមិត្តរួមថ្នាក់របស់គាត់និយាយលេងសើចចំអកដាក់គាត់ជាញឹកញាប់។
ទោះបីជាបើមានការជួយសង្គ្រោះក្មេងប្រុសនោះនិងបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗហើយក៏ដោយ ប៉ុន្តែគឺមិនអាចសង្គ្រោះជីវិតរូបគេបានទេ។ នៅទីបំផុត ក្មេងប្រុសដែលជាជនរងគ្រោះក៏ត្រូវបានប្រកាសថា«ស្លាប់»បាត់ទៅហើយ។
រីឯក្មេងប្រុសបង្កហេតុក៏ត្រូវបានបញ្ជូនទៅនគរបាលប៉ូលីសដើម្បីធ្វើការស៊ើបអង្កេតនិងចាត់វិធានការបន្ត ខណៈដែលមានការព្រមានចំពោះក្មេងៗដទៃទៀតថាមិនឱ្យនិយាយលេងសើច ចំអកឡកឡើយ ឬសម្លុត ( Bully ) ទៅលើក្មេងប្រុសម្នាក់នេះទៀតនោះទេ៕










