ប្រទេសថៃ ៖ លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃថ្លែងថា លោកបារម្ភពីបរិយាកាសកខ្វក់ខ្លាំងនៅប្រទេសថៃ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ ។ លោកបានអំពាវនាវឱ្យពលរដ្ឋទាំងអស់ថែទាំសុខភាពដោយការពាក់ម៉ាស់ ជាពិសេស នៅទីកន្លែងមានកម្រិតធូលីខ្ពស់ ហើយបើពលរដ្ឋមានអាការៈខុសប្រក្រតី គួរតែទៅជួបគ្រូពេទ្យ ។
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃបានបង្ហាញការបារម្ភអំពីបរិយាកាសកខ្វក់ ដោយសារធូលីជាទូទៅនៅប្រទេសថៃមានកម្រិតពុលខ្លាំងនៅតាមបណ្តាខេត្តផ្សេងៗ ។ ហេតុនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ ដូចជា ៖ ធ្វើឱ្យពួកគេកើតជំងឺ និងប៉ះពាល់ដល់សុខភាពផ្នែកផ្សេងទៀត ។
លោកនាយករដ្ឋមន្ត្រីថៃសង្កត់ធ្ងន់ថា សូមឱ្យពលរដ្ឋទាំងអស់ថែទាំសុខភាពរបស់ខ្លួន ហើយត្រូវតែពាក់ម៉ាស់នៅពេលស្ថិតនៅតាមទីកន្លែងសាធារណៈ ជាពិសេស នៅកន្លែងមានកម្រិតធូលីខ្ពស់ ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា ៖ «រដ្ឋាភិបាលមិនបានព្រងើយកន្តើយទេ ហើយរដ្ឋាភិបាលបានដោះស្រាយបញ្ហានេះ តាំងពីដើមទីរហូតដល់រយៈពេលវែង ។ យើងបានចេញច្បាប់ពាក់ព័ន្ធនឹងបរិយាកាសស្អាត ព្រមទាំងដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងផងដែរ ។ ហេតុនេះ ធ្វើឱ្យតំបន់មួយចំនួនដែលធ្លាប់មានបញ្ហានោះបានធូរស្រាល ដូចជា ៖ ខេត្តឈៀងម៉ៃ ។ ប៉ុន្តែនៅមានខេត្តជាច្រើនទៀតគួរឱ្យព្រួយបារម្ភ ដូចជា ៖ ខេត្តប៉ាធុមថានី, នុនថាក់បុរី, ណាខនបាធុម, សមុទ្រសាខន, សមុទ្រប្រាកា និងទីក្រុងបាងកក» ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ៖ «សូមឱ្យពលរដ្ឋទាំងអស់ថែទាំសុខភាពរបស់ខ្លួន និងពាក់ម៉ាស់ជាប្រចាំ ដើម្បីការពារការស្រូបយកជាតិពុល ឬបរិយាកាសកខ្វក់ខ្លាំង ។ បើមានអាការៈខុសប្រក្រតី សូមទៅជួបគ្រូពេទ្យ» ៕










