ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ប្រទេសថៃ និងចិន បានចុះហត្ថលេខាលើវិធានការលើកលែងទិដ្ឋាការរវាងគ្នាទៅវិញទៅមក ហើយវិធានការនេះនឹងអនុវត្តចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ តទៅ ។ រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara លើកឡើងថា វាជាការមានទំនុកចិត្តលើគ្នាទៅវិញទៅមកគ្រប់ផ្នែករវាងប្រទេសថៃ និងចិន ខណៈលោក Wang Yi បានថ្លែងអំណរគុណប្រទេសថៃ ដែលជួយគាំទ្រគោលការណ៍ «ប្រទេសចិនតែមួយ» ។
កិច្ចសហការគ្នានេះ លោក Parnpree Bahiddha-Nukara ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ ព្រមទាំងលោក Wang Yi ជំនួយការគណៈកម្មការកណ្តាលផ្នែកការបរទេសនៃបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានចុះហត្ថលេខាលើឯកសារសំខាន់រវាងប្រទេសថៃ និងចិន ។ វាជាវិធានការលើកលែងទិដ្ឋាការរវាងគ្នាទៅវិញទៅមកសម្រាប់ពលរដ្ឋទាំងពីរប្រទេសដែលកាន់លិខិតឆ្លងដែនធម្មតា និងលិខិតឆ្លងដែនរាជការ ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ តទៅ ។
លោក Parnpree Bahiddha-Nukara ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃថ្លែងថា ការធ្វើដំណើរទៅមករកគ្នារបស់ពលរដ្ឋទាំងពីរប្រទេស, ការដើរកម្សាន្ត ឬការទំនាក់ទំនងផ្នែកអាជីវកម្មផ្សេងៗនឹងធ្វើឡើងប្រកបដោយលក្ខណៈងាយស្រួល ក្រោយប្រទេសទាំងពីរបានចុះហត្ថលេខាលើវិធានការលើកលែងទិដ្ឋាការជាមួយគ្នា ។ ហេតុនេះ វានឹងជំរុញដល់វិស័យទេសចរណ៍របស់ប្រទេសថៃ និងចិន យ៉ាងពិតប្រាកដ ។
លោករដ្ឋមន្ត្រីការបរទេសថៃបញ្ជាក់ថា ជាពិសេស នៅឆ្នាំ២០២៥ វានឹងក្លាយជាឱកាសពិសេសដែលប្រទេសថៃ នឹងចិន នឹងប្រារព្ធខួបលើកទី៥០ឆ្នាំ នៃទំនាក់ទំនងការទូតថៃ-ចិន ខណៈប្រទេសទាំងពីរបានសហការគ្នាយ៉ាងស្អិតរមួតស្រាប់ហើយ គឺប្រទេសថៃ និងចិន នឹងបង្កើនកិច្ចសហការគ្រប់ផ្នែក ។
ចំណែកលោក Wang Yi បានសរសើរប្រទេសថៃ ដែលប្រកាន់យកគោលការណ៍ «ប្រទេសចិនតែមួយ» និងគាំទ្រគំនិតផ្តួចផ្តើមជាសកលរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ។ លោកជឿជាក់ថា វិធានការលើកលែងទិដ្ឋាការនេះ នឹងជំរុញដល់ការផ្លាស់ប្តូររវាងពលរដ្ឋទាំងពីរប្រទេស, ចំនួនភ្ញៀវទេសចរចិនមកប្រទេសថៃនឹងកើនឡើង ហើយប្រទេសចិនរីករាយទទួលស្វាគមន៍ពលរដ្ឋថៃទៅកម្សាន្តនៅចិនផងដែរ ។
ក្រៅពីនេះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើការនាំចេញផលិតផលធ្វើពីសាច់សត្វ និងដើមស្រល់ពីប្រទេសថៃទៅចិន ។ ហេតុនេះ ប្រទេសចិនរីករាយឱ្យប្រទេសថៃនាំចេញទំនិញកសិកម្មកាន់តែច្រើនថែមទៀត និងគាំទ្រឱ្យក្រុមហ៊ុនចិនមកវិនិយោគនៅប្រទេសថៃ ដោយសហការលើផ្នែករថយន្តអគ្គិសនី, សេដ្ឋកិច្ចឌីជីថលផ្នែកបរិស្ថានពណ៌បៃតង និងសហការអនុវត្តច្បាប់បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន, ការបោកប្រាស់តាមទូរស័ព្ទ, ការភ្នាល់តាមអនឡាញ និងបង្ក្រាបថ្នាំញៀនក្នុងប្រទេសទាំងពីរ ។
ការចុះហត្ថលេខាលើវិធានការលើកលែងទិដ្ឋាការនេះ ប្រទេសថៃសង្ឃឹមថា នឹងមានភ្ញៀវទេសចរចិនយ៉ាងហោចណាស់ ចំនួន៨លាននាក់ធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃ ក្នុងឆ្នាំ២០២៤ ហើយប្រទេសថៃនឹងទទួលបានប្រាក់ចំណូលប្រមាណ៣២០ពាន់លានបាត ៕










