សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ទស្សនាវដ្តី Forbes បានចុះផ្សាយថា ម្ចាស់ក្រុមហ៊ុនទំនិញប្រណិត LVMH លោក Bernard Arnault បានវ៉ាដាច់ Elon Musk ដើម្បីក្លាយជាអ្នកមានបំផុតនៅលើភពផែនដី។
លោក Bernard Arnault គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនទំនិញប្រណិតពិភពលោក LVMH ដែលជាអង្គភាពនៅពីក្រោយម៉ាកទំនិញប្រណីតរាប់សិបដូចជា Louis Vuitton និង Sephora ដោយឥឡូវនេះលោកបានជាប់ជាមហាសេដ្ឋីលំដាប់ទី១ លើពិភពលោកជាមួយនឹងទ្រពសម្បត្តិ ២០៧.៨ លានដុល្លារអាមេរិក ខណៈដែល Elon Musk ធ្លាក់ទៅលំដាប់ទី២ វិញជាមួយទ្រពសម្បត្តិចំនួន ២០៤.៥ ពាន់លានដុល្លារអាមេរិក។
មូលហេតុដែល អតីតមហាសេដ្ឋីលំដាប់ទី១ Elon Musk ធ្លាក់ទៅលំដាប់ទី២ វិញ គឺដោយសារភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ១៣% នៅថ្ងៃទី ២៥ ខែមករា ហើយបានកើនឡើងត្រឹមតែ ០.៣% កាលពីម្សិលមិញប៉ុណ្ណោះ។ ហេតុផលគឺដោយសារតែ Musk បានព្រមានថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាចនឹងកើនឡើងយឺតៗនៅឆ្នាំនេះ ដោយសារតែក្រុមហ៊ុនផ្តោតលើរថយន្តអគ្គិសនីជំនាន់ថ្មី តម្លៃថោកជាង ដែលនឹងផលិតចាប់ពីពាក់កណ្តាលឆ្នាំក្រោយ។ នេះបណ្តាលឱ្យទ្រព្យសម្បត្តិរបស់ Musk ធ្លាក់ចុះរហូតដល់ ១៨ ពាន់លានដុល្លារក្នុងរយៈពេលតែមួយវគ្គប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ LVMH បានកើនឡើង ១២.៨% កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ ហេតុផលគឺដោយសារតែក្រុមហ៊ុនបានប្រកាសប្រាក់ចំណូលកាពីឆ្នាំមុន ខ្ពស់ជាងការព្យាករណ៍ដែលមាន ៨៦.១៥ ពាន់លានអឺរ៉ូ (ប្រមាណ ៩៣.៣ ពាន់លានដុល្លារអាមេរិក) និងបង្កើនការទូទាត់ភាគលាភប្រចាំឆ្នាំ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមហ៊ុន LVMH មានម៉ាកសំលៀកបំពាក់ និងគ្រឿងសំអាងចំនួន ៧០ ដូចជា Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moët Hennessy។ នៅឆ្នាំ ២០២១ LVMH បានទិញក្រុមហ៊ុនគ្រឿងអលង្ការ Tiffany & Co ក្នុងតម្លៃជិត ១៦ ពាន់លានដុល្លារ។ នេះត្រូវបានគេចាត់ទុកថាជាកិច្ចព្រមព្រៀងធំបំផុតក្នុងឧស្សាហកម្មប្រណីតរបស់ពិភពលោក។ Agache ដែលជាក្រុមហ៊ុនផ្ទាល់ខ្លួនរបស់ Arnault ក៏នៅពីក្រោយមូលនិធិបណ្តាក់ទុនមួយដែលមានឈ្មោះថា Aglaé Ventures ផងដែរ។ ទស្សនាវដ្តី Forbes បាននិយាយថាក្រុមហ៊ុននេះ ក៏បានវិនិយោគលើអាជីវកម្មជាច្រើនដូចជា Netflix ឬ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ទៀតផង៕










