កាលពីវេលាម៉ោង៦ៈ៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីរថយន្ត Ford Ranger មួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿនបុករះម៉ូតូ៤គ្រឿងនឹងរថយន្ដចំនួន២គ្រឿង បណ្ដាលអោយបាត់បង់អាយុជីវិត៤នាក់ស្រី៣នាក់ប្រុស១នាក់។
អ្នកបើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបើកបរដោយធ្វេសប្រហែសបណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត។
ការចោទប្រកាន់នេះ បានធ្វើឱ្យមហាជនហាក់មានការងឿងឆ្ងល់ ដោយហេតុថាអ្នកបើកបរនោះបើកក្នុងស្ថានភាពស្រវឹងខ្លាំង ហើយស្លាប់ដល់ទៅមនុស្ស៤នាក់ បែរជាចោទត្រឹមបទធ្វេសប្រហែសទៅវិញ។
ក៏ប៉ុន្តែ ប្រសិនបើមហាជនបានមើលឱ្យដិតដល់ទៅនោះនឹងឃើញថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទថា៖” អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០,៥៤mg/l” (លើស ០,៤០mg/l) និង “បណ្តាលឲ្យស្លាប់មនុស្សច្រើននាក់” ដែលជាប្រភេទបទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី ១០លាន ទៅ ២៥លានរៀល ពោលគឺ ធ្ងន់ធ្ងរជាងបទល្មើសបើកបរដោយធ្វេសប្រហែស។
លើសពីនេះទៅទៀត យោងតាមមាត្រាទី៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបើកបរនោះ ក៏អាចប្រឈមមុខនឹងការព្យួរបណ្ណបើកបរ ឬហាមប្រាមបើកបរយានយន្តគ្រប់ប្រភេទ រយៈពេល ៥ឆ្នាំផងដែរ៕












