លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ និងតុលាការសម្រេចចោទប្រកាន់រូបលោកពីបទ”ទ្វេរពន្ធភាព”។
តាមច្បាប់ “ទ្វេរពន្ធភាព” នៃព្រះរាជណាចក្រកម្ពុជា បានចែងថា៖”ជនណាល្មើសច្បាប់នេះ នៅក្នុងមាត្រា នឹងត្រូវជាប់ទោស៦ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់២០មុឺនរៀល ដល់១លានរៀល”។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ង៉ាម រី មានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺទទួលផែនអន្តរាគមន៍ លោកត្រូវបានចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមបណ្តឹងរបស់ភរិយាដើមរបស់លោក បន្ទាប់ពីបានដាក់ពាក្យស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីរៀបការជាមួយនារីម្នាក់ដែលជាអាជីវករនៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ទាំងដែលមិនទាន់បានលែងលះប្រពន្ធដើមដាច់ស្រេច។
ជាមួយនឹងការដាក់ពាក្យស្នើរសុំរៀបអាពាហ៍ពិពាហ៍ លោក ង៉ាម រី បានក្លែងឯកសារដោយដូរឈ្មោះ ទីកន្លែងរស់នៅ និងបញ្ជាក់ភាពពោះម៉ាយដោយចៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ។
ការដាក់ពាក្យស្នើសុំដើម្បីរៀបអាពាហ៍ពិពាហ៍នេះ អាជ្ញាធរសង្កាត់កណ្តោលដុំក៏បានឯកភាព ហើយសាម៉ីខ្លួនទាំងសងខាងក៏បានបោះធៀបការហៅភ្ញៀវ ដើម្បីអបអរសាទរពិធីមង្គល ដែលនឹងរៀបចំឡើងនៅល្ងាចថ្ងៃ១៩ ខែមករា ឆ្នាំ២០២៤ រួចរាល់ហើយដែរ។
តែដោយហេតុប្រពន្ធដើមដឹងមុន ក៏បានដាក់ពាក្យបណ្តឹង ចុះឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី ង៉ាម រី តែម្តង៕













