ប្រទេសចិន ៖ គេហទំព័រ phunuphapluat បានផ្សព្វផ្សាយអំពីក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយ ដែលមានការិយាល័យធ្វើការនៅទីក្រុង Xi’an ខេត្ត Shaanxi ប្រទេសចិន ហើយក្រុមហ៊ុននេះបានផ្លាស់ប្តូរទីតាំងការិយាល័យទៅកាន់តំបន់ជនបទដែលសម្បូរទៅដោយព្រៃភ្នំ និងពិបាកធ្វើដំណើរ ។ គោលបំណងដែលក្រុមហ៊ុនផ្លាស់ប្តូរការិយាល័យនេះ ដោយសារចង់ឱ្យបុគ្គលិកលាឈប់ពីការងារ និងធ្វើឱ្យពលរដ្ឋចិនរិះគន់យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ។
លោក ឆាង ជាអតីតបុគ្គលិកក្រុមហ៊ុននេះនិយាយថា ក្រុមហ៊ុនបានជូនដំណឹងមកកាន់បុគ្គលិកគ្រប់រូបថា ក្រុមហ៊ុននឹងផ្លាស់ប្តូរទីតាំងការិយាល័យទៅកន្លែងថ្មីនៅតំបន់ភ្នំឃិនលីង ។ កន្លែងនេះនៅឆ្ងាយពីទីក្រុងណាស់ ហើយគ្រាន់តែធ្វើដំណើរទៅដល់ការិយាល័យថ្មី ត្រូវចំណាយពេលរហូតដល់២ម៉ោង ។ លើសពីនេះ មានរថយន្តសាធារណៈតិចតួច ហើយវាពិបាកខ្លាំងអ្នកគ្មានរថយន្តជិះ ។
លោក ឆាង និយាយថា ៖ «អ្នកធ្វើការជាមួយខ្ញុំដែលគ្មានរថយន្តជិះ ពួកគេត្រូវជិះរថយន្តក្រុងរយៈពេល៣ម៉ោង បន្ទាប់មក ត្រូវចុះដើរចម្ងាយ៣គីឡូម៉ែត្រទៀតនៅតាមផ្លូវព្រៃភ្នំ ទើបទៅដល់កន្លែងធ្វើការ» ។ លោកបន្ថែមថា ប្រសិនបើជិះរថយន្តតាក់ស៊ីចេញពីស្ថានីយរថភ្លើងមកកាន់កន្លែងធ្វើការ គឺត្រូវចំណាយប្រាក់៦០យាន់ ហើយក្រុមហ៊ុនមិនផ្តល់ប្រាក់ឱ្យបុគ្គលិកសម្រាប់ថ្លៃធ្វើដំណើរមកធ្វើការទេ ។
ទីតាំងការិយាល័យថ្មីមិនត្រឹមតែឆ្ងាយប៉ុណ្ណោះទេ ប៉ុន្តែនៅទីនោះខ្វះខាតគ្រប់យ៉ាង ទើបធ្វើឱ្យបុគ្គលិកនារីត្រូវធ្វើដំណើរទៅកាន់ភូមិនៅជិតបំផុតដើម្បីចូលបន្ទប់ទឹកសាធារណៈ ។ ម្យ៉ាងទៀត ពេលយប់ងងឹត នៅទីនេះមានឆ្កែគ្មានម្ចាស់ជាច្រើនក្បាល ។ បើទោះជាបុគ្គលិកលើកឡើងពីផលវិបាកយ៉ាងណាក្តី ប៉ុន្តែក្រុមហ៊ុនបានបដិសេធមិនដោះស្រាយបញ្ហាឱ្យទេ ។
ក្រោយពីបុគ្គលិកបានស្នើឱ្យក្រុមហ៊ុនជួយដោះស្រាយបញ្ហា ប៉ុន្តែក្រុមហ៊ុនព្រងើយកន្តើយ ទើបធ្វើឱ្យបុគ្គលិកចំនួន១៤នាក់ក្នុងចំណោម២០នាក់ រួមទាំងលោក ឆាង បានដាក់ពាក្យលាឈប់ពីការងារ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺបន្ទាប់ពីពួកគេលាឈប់ពីការងារត្រឹម៤ថ្ងៃប៉ុណ្ណោះ ស្រាប់តែក្រុមហ៊ុនប្តូរការិយាល័យពីតំបន់ព្រៃភ្នំទៅកាន់ទីក្រុង Xi’an វិញ ។ លើសពីនេះ ក្រុមហ៊ុនបានប្រកាសជ្រើសរើសបុគ្គលិកថ្មីមកធ្វើការទៀតផង ។
ហេតុនេះ បុគ្គលិកចាស់ៗយល់ថា គោលបំណងរបស់នាយកក្រុមហ៊ុន គឺចង់ឱ្យពួកគេលាឈប់ពីការងារដោយខ្លួន ហើយក្រុមហ៊ុនពុំចាំបាច់ចំណាយប្រាក់ឱ្យបុគ្គលិកពេលឈប់ធ្វើការ ។ លោក ឆាង ក៏បានលើកឡើងពីបញ្ហានេះក្នុងបណ្តាញសង្គមប្រទេសចិន ប៉ុន្តែក្រុមហ៊ុនបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ហើយគំរាមថា នឹងប្តឹងពីបទប្រមាថ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុន ។
អ្នកតំណាងក្រុមហ៊ុនម្នាក់បានប្រាប់សារព័ត៌មានថា ៖ «ការជួលការិយាល័យក្នុងទីក្រុងមានតម្លៃខ្ពស់ណាស់ ហើយយើងបានជួសជុលការិយាល័យជាថ្មី ។ ហេតុនេះ ទើបក្រុមហ៊ុនផ្លាស់ប្តូរទីតាំងការិយាល័យទៅកាន់តំបន់ព្រៃភ្នំ ចំនួន១សប្តាហ៍សិន» ។
ទោះយ៉ាងណា អតីតបុគ្គលិកចោទប្រកាន់ថា ក្រុមហ៊ុនកុហកបុគ្គលិក ពីព្រោះក្រុមហ៊ុនប្រកាសប្រាប់ពួកគេថា ការិយាល័យថ្មីនៅតំបន់ភ្នំដ៏ឆ្ងាយនោះ គឺជាការិយាល័យធំរបស់ក្រុមហ៊ុន ហើយបុគ្គលិកត្រូវទៅធ្វើការនៅទីនោះរយៈពេលជាង១ឆ្នាំ ។
រីឯអ្នកលេងបណ្តាញសង្គមចិនភាគច្រើនយល់ពីអារម្មណ៍របស់បុគ្គលិកចាស់ៗ ដោយសារក្រុមហ៊ុនបានបោកប្រាស់ និងរំលោភកិច្ចសន្យាការងារ ។ ការផ្លាស់ប្តូរទីតាំងកន្លែងធ្វើការដោយគ្មានការយល់ព្រមពីបុគ្គលិកចាត់ទុកថា គឺជាការល្មើសនឹងកិច្ចសន្យាការងារ ៕










