បរទេស៖ សម្រាប់គ្រួសារដែលមានកូនតូចៗ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឱ្យមានគ្រោះថ្នាក់នេះកើតឡើង ព្រោះបើធ្វេសប្រហែសបន្តិច រឿងអាក្រក់ៗអាចនឹងកើតមានគ្រប់ពេល។ ដូចករណីដែលថ្មីៗនេះបានបង្កភាពចលាចលនៅក្នុងភូមិមួយក្នុងខេត្ត Zhejiang ប្រទេសចិន នៅពេលដែលឪពុកម្តាយបានទុកកូនស្រីអាយុ ៦ ខែឱ្យគេងជាមួយកូនប្រុសអាយុ ៤ ឆ្នាំរបស់ពួកគេត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ស្រាប់តែកូនស្រីអាយុ ៦ ខែរបស់ពួកគេបានបាត់បង់ជីវិតជារៀងរហូត។
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងគ្រួសារមួយនៃខេត្ត Zhejiang ប្រទេសចិន ដោយគ្រួសារនោះមានកូនតូចពីរនាក់ ដែលកូនប្រុសអាយុ ៤ ឆ្នាំ និងកូនស្រីទើបកើតអាយុ ៦ ខែ។ នៅពេលនោះ ឪពុកម្តាយនិងកូនតូចទាំងពីររបស់ពួកគេបាននៅជុំគ្នាក្នុងបន្ទប់គេងមួយ ហើយក៏បានប្រលែងគ្នារហូតដល់អស់កម្លាំង កូនតូចទាំងពីរនោះក៏បានគេងលក់។ ឆ្លៀតឱកាសនេះម្តាយក៏បានចេញទៅផ្ទះបាយដើម្បីរៀបចំអាហារថ្ងៃត្រង់ ដោយដាក់កូនតូចទាំងពីរឱ្យគេងក្នុងបន្ទប់និងគ្រែជាមួយគ្នា ខណៈឪពុកកំពុងមើលទូរទស្សន៍នៅក្នុងបន្ទប់ទទួលភ្ញៀវផ្សេងទៀត។
បន្ទាប់មកអស់រយៈពេលកន្លះម៉ោង ម្តាយក៏បានបញ្ចប់ការងារនៅក្នុងផ្ទះបាយ ហើយដើរចូលទៅក្នុងបន្ទប់គេងដោយមានបំណងដាស់កុមារឱ្យភ្ញាក់ឡើងដើម្បីញ៉ាំអាហារថ្ងៃត្រង់។ ភ្លាមនោះនៅពេលបើកទ្វារបន្ទប់គេង ស្រាប់តែកូនប្រុសអាយុ ៤ ឆ្នាំរបស់ពួកគេ បានគេងសង្កត់កូនស្រីអាយុ ៦ ខែរហូតដល់បាត់បង់ជីវិត ដែលធ្វើឱ្យម្តាយឪពុកភ្ញាក់ផ្អើលនិងភ័យស្លន់ស្លោយ៉ាងខ្លាំង រួចក៏ប្រញាប់ប្រញាល់ដឹកកូនស្រីទៅមន្ទីរពេទ្យភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ កូនស្រីអាយុ ៦ខែរបស់ពួកគេមិនអាចសង្គ្រោះជីវិតបានទាន់ពេលវេលាទេ ដោយសារកុមារបានដាច់ខ្យល់យូរហើយ។
ហេតុការណ៍ដ៏រន្ធត់នេះបានធ្វើឱ្យឪពុកម្តាយជាច្រើនសម្តែងការឈឺចាប់យ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខដល់គ្រួសារនេះផងដែរ។ ដូច្នេះហើយ ឧបទ្ទវហេតុនេះនឹងក្លាយជាមេរៀនដ៏សំខាន់មួយសម្រាប់គ្រួសារដែលមានកូនតូចៗដែលមិនត្រូវធ្វេសប្រហែសឡើយ ឪពុកម្តាយគួរតែធានាថាកូនរបស់ពួកគេគេងក្នុងទីតាំងល្អ និងជាកន្លែងដែលមានសុវត្ថិភាព។ សម្រាប់ការដកដង្ហើម ដើម្បីបញ្ចៀសស្ថានភាពខាងលើកុំឱ្យកើតមាន អាចប្រើគ្រែដាច់ដោយឡែក ដើម្បីការពារកុំឱ្យប៉ះគ្នាដោយចៃដន្យពេលកំពុងគេ៕










