យោងតាមការបកប្រែក្រៅផ្លូវការដែលក្រុមការងារផ្សាយទទួលបានពីប្រទេសថៃ ដែលបានចុះផ្សាយពីកម្ពុជាឱ្យដឹងថា រដ្ឋាភិបាលប្រទេសថៃត្រៀមចរចាពីតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រជាមួយប្រទេសកម្ពុជា ។
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Thansettakij រាយការណ៍ថា រដ្ឋាភិបាលថៃបញ្ជាក់ថា នឹងត្រៀមចរចាពីតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រជាមួយកម្ពុជា ដោយនាយករដ្ឋមន្ត្រីរបស់ប្រទេសទាំងពីរនឹងពិភាក្សាគ្នា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ការពិភាក្សាគ្នានេះក្នុងគោលបំណងស្វែងរកដំណោះស្រាយ និងទទួលស្គាល់ពីពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាបង្កើនសុវត្ថិភាពថាមពល ។
ការចរចាអំពីតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្ររវាងប្រទេសថៃ និងកម្ពុជា (Overlapping Claims Areas – OCA) គឺជាគោលនយោបាយសំខាន់របស់រដ្ឋាភិបាល និងបានដំណើរការទៅមុខជាលំដាប់ ក្រោយពីលោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានបញ្ជាក់ពីការត្រៀមខ្លួនស្តាប់ និងពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចធ្វើដំណើរមកប្រទេសថៃជាផ្លូវការ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។
លោក Chai Watcharong មន្ត្រីនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃលើកឡើងថា លោកនាយករដ្ឋមន្ត្រីថៃបានត្រៀមខ្លួនពិភាក្សាជាមួយកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដែលប្រទេសថៃ និងកម្ពុជា អះអាងពីភាពជាកម្មសិទ្ធិលើតំបន់ប្រេងត្រួតស៊ីគ្នា (Overlapping Claims Areas – OCA) ។ ប្រទេសទាំងពីរនឹងឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងប្រើប្រាស់ប្រយោជន៍រួមគ្នាពីធនធានធម្មជាតិនៅបាតសមុទ្រ ។ ហេតុនេះ វាមានសក្តានុពលខ្ពស់ផ្នែកសេដ្ឋកិច្ច ។
រដ្ឋាភិបាលថៃជឿជាក់ថា វានឹងជួយលើកកម្ពស់គុណភាពជីវិតរបស់ពលរដ្ឋទាំងពីរប្រទេស និងបង្កើនសុវត្ថិភាពថាមពលផងដែរ ។ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ នឹងព្យាយាមស្វែងរកដំណោះស្រាយមួយ ដែលមានការទទួលស្គាល់ពីពលរដ្ឋទាំងពីរប្រទេស ក៏ដូចជាជំរុញកិច្ចសហការជិតស្និទ្ធរវាងគ្នាទៅវិញទៅមក ។
លោក Chai Watcharong មន្ត្រីនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃបន្តថា លោកនាយករដ្ឋមន្ត្រី Srettha Thavisin ជឿជាក់ថា មិត្តភាព និងការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពស្និទ្ធស្នាលជាមួយប្រទេសទាំងអស់ នឹងធ្វើឱ្យភាគីទាំងពីរឈានដល់ការធ្វើកិច្ចព្រមព្រៀងមួយដើម្បីផលប្រយោជន៍រួមគ្នាដល់ប្រទេសទាំងពីរ និងពលរដ្ឋថៃ និងកម្ពុជា ។ រដ្ឋាភិបាលថៃនឹងពន្លឿនការចរចាករណីតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្ររវាងថៃ និងកម្ពុជា ព្រមទាំងនាំយកធនធានធម្មជាតិនៅតំបន់ប្រេងត្រួតស៊ីគ្នាមកចែករំលែកដើម្បីប្រើប្រាស់ជាប្រយោជន៍ ។![]()
ប្រទេសថៃជឿជាក់ថា វានឹងក្លាយជាឱកាសមួយទៀតក្នុងការដោះស្រាយបញ្ហាតម្លៃថាមពលនៅប្រទេសថៃ ដោយសារឧស្ម័ននៅតំបន់ប្រេងត្រួតស៊ីគ្នានេះ នឹងធ្វើឱ្យប្រទេសថៃអាចផលិតអគ្គិសនីក្នុងតម្លៃថោកជាងមុន, ជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋថៃ និងបង្កើនសមត្ថភាពការប្រកួតប្រជែងរបស់ប្រទេសថៃផងដែរ ។
មុននេះ លោក Panpree Phitthanukorn ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃលើកឡើងថា បញ្ហាតំបន់ប្រេងត្រួតស៊ីគ្នារវាងថៃ និងកម្ពុជា គឺជាបញ្ហាដែលប្រទេសទាំងពីរបានចរចាគ្នាអស់រយៈពេលយូរមកហើយ ។ ប៉ុន្តែបច្ចុប្បន្ន ពុំទាន់ប្រាកដចិត្តថា តើភាគីណានឹងលើកឡើងពីបញ្ហានេះ? ប្រសិនបើកម្ពុជាលើកឡើងពីបញ្ហានេះ គឺយើងត្រូវយកមកពិចារណា និងរង់ចាំឱ្យលោកនាយករដ្ឋមន្ត្រីទាំងពីររូបពិភាក្សាគ្នាជាមុនសិន ។ បន្ទាប់មក វាជាកាតព្វកិច្ចរបស់ក្រសួងត្រូវចាត់វិធានការបន្តទៀត ។
សូមបញ្ជាក់ថា រាល់អត្ថន័យនៃការផ្សាយខាងលើ គឺជាខ្លឹមសារបកប្រែទាំងស្រុងពីការចុះផ្សាយរបស់ភាគីថៃ ដែលបានផ្សាយនៅក្នុងបណ្តាញសង្គមរបស់ខ្លួនតែម្ខាងប៉ុណ្ណោះ ៕










