ប្រទេសចិន ៖ សារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ថា អ្នកនាង Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនលើកឡើងថា លោក Nong Rong អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញលោក Jaime FlorCruz ឯកអគ្គរដ្ឋទូតហ្វីលីពីន មកចូលជួបពិភាក្សាអំពីការលើកឡើងរបស់ប្រធានាធិបតីហ្វីលីពីន ។
ការអញ្ជើញលោក Jaime FlorCruz ឯកអគ្គរដ្ឋទូតហ្វីលីពីន មកចូលជួបអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន ដើម្បីបង្ហាញពីការព្រួយបារម្ភ និងតវ៉ាជាផ្លូវការពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ដែលមានឥទ្ធិពលលើលទ្ធផលបោះឆ្នោតរបស់តៃវ៉ាន់ ។ ប្រទេសចិនសូមឱ្យរដ្ឋាភិបាលហ្វីលីពីនលើកឡើងដោយមានហេតុផល ។
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានបង្ហាញក្តីរីករាយជាមួយលោក Lai Ching-te ដែលទទួលបានជ័យជម្នះយ៉ាងងាយស្រួលក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៣ ខែមករា កន្លងមក ។ លោក Lai Ching-te ត្រៀមទទួលតំណែងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។ ជាមួយគ្នានេះ លោកប្រធានាធិបតីហ្វីលីពីនបានលើកឡើងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលតៃប៉ិថ្មីផងដែរ ។
អ្នកនាង Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនលើកឡើងថា ការលើកឡើងរបស់លោកប្រធានាធិបតីហ្វីលីពីន គឺល្មើសនឹងគោលការណ៍ប្រទេសចិនតែមួយ និងជាការបំពាននឹងកិច្ចការផ្ទៃក្នុងរបស់ចិនផងដែរ ។ ហេតុនេះ រដ្ឋាភិបាលក្រុងប៉េកាំងសូមដាស់តឿនរដ្ឋាភិបាលក្រុងម៉ានីលថា កុំលេងជាមួយភ្លើងឱ្យសោះរឿងទឹកដីតៃវ៉ាន់ និងកុំបញ្ជូនសញ្ញាមិនត្រឹមត្រូវទៅកាន់កងកម្លាំងបែងចែកទឹកដីរបស់តៃវ៉ាន់ ។![]()
ក្រោយមក ក្រសួងការបរទេសហ្វីលីពីនបានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ប្រទេសហ្វីលីពីនប្រកាន់ខ្ជាប់នូវគោលការណ៍ប្រទេសចិនតែមួយ ។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ពីការលើកឡើងរបស់លោកប្រធានាធិបតីហ្វីលីពីនថា វាជាការផ្តល់ភាពសំខាន់សម្រាប់ផលប្រយោជន៍រួមគ្នារវាងហ្វីលីពីនជាមួយតៃវ៉ាន់ ខណៈមានពលរដ្ឋហ្វីលីពីនធ្វើការនៅតៃវ៉ាន់ ប្រមាណ២សែននាក់ ៕










