ប្រទេសថៃ ៖ អ្នកដំណើរនៅលើយន្តហោះភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញពស់វារនៅផ្នែកខាងលើនៃកន្លែងដាក់អីវ៉ាន់ ហើយគ្មានអ្នកណាម្នាក់ដឹងថា តើពស់ឡើងលើយន្តហោះដោយរបៀបណាទេ ។ ហេតុការណ៍នេះបានកើតឡើងនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍មួយ ដែលបានចេញដំណើរពីអាកាសយានដ្ឋានក្នុងទីក្រុងបាងកក មកកាន់ខេត្តភូកេត ។
នារីអ្នកដំណើរម្នាក់បានថតវីដេអូនេះលើកឡើងថា យន្តហោះរៀបនឹងចុះចតនៅអាកាសយានដ្ឋានក្នុងខេត្តភូកេត ហើយបុគ្គលិកយន្តហោះតម្រូវឱ្យអ្នកដំណើរទាំងអស់អង្គុយនៅតាមកៅអីរៀងៗខ្លួន និងដាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ ។ ពីដំបូង នាងបានអង្គុយដោយស្ងាត់ស្ងៀម ពីព្រោះយន្តហោះត្រៀមចុះចត ហើយឃើញអ្នកអង្គុយក្បែរនាងមានអាការៈប្លែកៗ ។ ហេតុនេះ នាងសួរថា តើកើតអី? ពួកគេប្រាប់ថា ពស់នៅលើក្បាលនាង ។
ក្រោយមក បុគ្គលិកបម្រើការក្នុងយន្តហោះក៏បានមកជួយអន្តរាគមន៍ភ្លាមៗ ។ ពីដំបូង បុគ្គលិកបម្រើការក្នុងយន្តហោះព្យាយាមឱ្យពស់នេះវារចូលក្នុងដបទឹកតូចមួយ ប៉ុន្តែដោយសារពស់ពុំព្រមវារចូលដប ទើបគាត់យកថង់មកច្រកពស់វិញ ។
ស្ត្រីអ្នកដំណើរម្នាក់ដែលបានថតវីដេអូពស់បង្ហោះក្នុងបណ្តាញសង្គម បាននិយាយតាមទូរស័ព្ទប្រាប់សារព័ត៌មានថា ៖ «អ្នកដំណើរអង្គុយក្បែរខ្ញុំប្រាប់ថា មានពស់វារនៅលើក្បាលខ្ញុំ ។ ពេលនោះ គឺជាពេលដែលយន្តហោះកំពុងត្រៀមចុះចត ហើយអ្នកដំណើរទាំងអស់ពុំអាចងើបពីកៅអីរបស់ខ្លួនបានទេ បើទោះជាយើងខ្លាចក៏ដោយ ។ ហេតុនេះ យើងក៏បានស្រែកហៅបុគ្គលិកបម្រើការក្នុងយន្តហោះឱ្យមកជួយចាប់ពស់» ។
ក្រោយវីដេអូពស់នៅលើយន្តហោះបានបង្ហោះក្នុងបណ្តាញសង្គម មហាជនបានសរសើរបុគ្គលិកបម្រើការក្នុងយន្តហោះរូបនេះ ដែលអាចដោះស្រាយបញ្ហាបានភ្លាមៗ ពីព្រោះកន្លងមក ក្រុមហ៊ុនអាកាសចរណ៍ពុំបានហ្វឹកហាត់បុគ្គលិកពីជំនាញចាប់ពស់នៅលើយន្តហោះទេ ។ ប៉ុន្តែគ្រប់គ្នាសួរថា តើពស់ឡើងលើយន្តហោះបានដោយរបៀបណា? ឬអ្នកដំណើរលួចយកពស់ឡើងលើយន្តហោះ? ដោយសារបើតាមការសង្កេតរបស់អ្នកដំណើរឃើញថា ពស់នេះគ្មានពិសទេ វាអាចជាពស់ដែលគេចិញ្ចឹម ៕










