ទន្ទឹមនឹងអ្នកសិល្បៈជាច្រើនរូបលូកមាត់ជុំវិញបញ្ហាសង្គ្រា.មពាក្យសម្តីទាំងសាមីខ្លួនឧកញ៉ា ខេមរៈ សិរីមន្ត និង ខ្មែរមួយជីវិត រួមទាំងហ្វេនៗផង តែងាកទៅកាន់ឧកញ៉ា ព្រាប សុវត្ថិ វិញទោះបីជាគេមានរឿងផ្ទុះកក្រើកយ៉ាងណា លើកចំឈ្មោះខ្លួនឯងប៉ុណ្ណា តែតារាចម្រៀងមានងារជាឧកញ៉ារូបនេះធ្វើខ្លួនធម្មតាមិនច្រលោតខឹងនោះទេស័ក្តិសមជាកំពូលតារាចម្រៀងប្រចាំស្រុកខ្មែរនិងជារៀមច្បងគំរូ។
ទស្សនិកជនជ្រាបមកហើយថាការផ្លោងពាក្យសម្តីដាក់គ្នាទៅវិញទៅមករវាងតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និង ខ្មែរមួយជីវិត បង្កើតទៅជាប្រធានបទក្តៅគគុកវែកញែកពេញបណ្តាញសង្គម។ ជុំវិញបញ្ហានេះមានអ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបចេញមុខលើកទស្សនៈផ្ទាល់ខ្លួនរវាងបញ្ហាដែលសិល្បករទាំងពីររូបមានទំនាស់ពាក្យសម្តីជាមួយគ្នា។ ជាការពិត នៅក្នុងកម្មវិធី ផតខាស ដែល ខ្មែរមួយជីវិត ចូលរួមផ្តល់កិច្ចសម្ភាសនាំឱ្យឧកញ៉ា ខេមរៈ សិរីមន្ត ច្រលោតខឹង ក្នុងនោះម្ចាស់បទ «ឆក់ព្រលឹង» ក៏បានលើកឈ្មោះរៀមច្បងឧកញ៉ា ព្រាប សុវត្ថិ ដូចគ្នាប៉ុន្តែកំពូលតារាចម្រៀងរូបនេះធ្វើខ្លួនធម្មតាមិនបង្ហាញការខឹងសម្បារឡើយ។
ចាប់តាំងពីថ្ងៃផ្ទុះកក្រើកមកទល់នឹងថ្ងៃទី១៦ មករា វាមានរយៈពេលច្រើនថ្ងៃមកហើយដែលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ មិនមាត់កអ្វីទាំងអស់ដោយបង្ហោះនៅលើបណ្តាញសង្គមតែសកម្មភាពការងាររបស់ខ្លួនប៉ុណ្ណោះ ខណៈឧកញ៉ា ខេមរៈ សិរីមន្ត បង្ហាញការខឹងសម្បាររបស់ខ្លួនទៅកាន់ ខ្មែរមួយជីវិត កាលពីថ្ងៃទី១២ មករា ដោយកម្មវិធីបានចាក់ផ្សាយនៅថ្ងៃទី៩ មករា។
ស្របពេលរឿងផ្ទុះកក្រើកបាចសាញនៅលើប្រព័ន្ធអ៊ីនធឺណែត តែឧកញ៉ា ព្រាប សុវត្ថិ បង្ហាញការស្ងៀមស្ងាត់របស់ខ្លួនវាបានក្លាយទៅជារឿងមួយផ្សេងទៀតដែលមហាជនលើកសរសើរតារាចម្រៀងជើងចាស់រូបនេះ ដែលចាត់ទុកលោកគឺជាកំពូលតារាចម្រៀងប្រចាំស្រុកខ្មែរ ជារៀមច្បងគំរូក្នុងសិល្បៈមិនច្រលោតខឹងតាមតែខ្យល់ តាមតែរឿងមិនល្អនៅលើបណ្តាញសង្គមនោះទេ។
ប្រការនេះហើយប្រឡូកសិល្បៈជាង៣០ឆ្នាំ ឧកញ៉ា ព្រាប សុវត្ថិ នៅតែអាចឈរជើងយ៉ាងរឹងមាំនៅក្នុងវិស័យសិល្បៈដែលពុំអាចមានតារាចម្រៀងណាមកជំនួសកន្លែងលោកបានទេ។ កត្តាជំរុញឱ្យតារាចម្រៀងមានងារជាឧកញ៉ារូបនេះនៅតែលេចធ្លោលើកេរ្តិ៍ឈ្មោះ កិត្តិនាមល្អប្រចាំស្រុកខ្មែរដោយសារតែលោកមិនមានរឿងអាស្រូវក្នុងសិល្បៈច្រើន មានទំនាក់ទំនងល្អក្នុងអាជីពរបស់ខ្លួនទាំងសីលធម៌ និងសុជីវធម៌អ្នកជំនាន់ក្រោយសុទ្ធតែគោរពលោកជារៀមច្បង៕










