អ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំចង់ឃើញការរ៉េបរបស់តារាចម្រៀង លីម តិចម៉េង ជាផ្លូវការមិនមែនជាការ Cover ពេលនេះបានក្លាយជាការពិតហើយដោយផលិតកម្មរស្មីហង្សមាសបានទម្លាក់ Version ថ្មីបទ «បំណងល្អពីសង្សារអូន»ជាបទដ៏ល្បីរបស់ លោក ណុប បាយ៉ារិទ្ធ ដោយថែមការរ៉េបរបស់ តិចម៉េង។ Version ថ្មីនេះអ្នកគាំទ្រពោលសរសើរការរ៉េបរបស់ម្ចាស់ពានពិភពលោកនេះមិនដាច់ពីមាត់ដោយលើកឡើងថា តិចម៉េង រ៉េបបានច្បាស់ៗយ៉ាងពីរោះហើយបទនេះប្រាកដជាផ្ទុះកក្រើកមិនខាន។
គេចាំបានថា កាលពីកន្លងមកនេះតារាចម្រៀង លីម តិចម៉េង ដុះចេញពីម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ទទួលបានការសរសើរយ៉ាងខ្លាំងបន្ទាប់ពីបកស្រាយបទចម្រៀងរបស់ វណ្ណដា មានចំណងជើងថា «Solo Again »។ មិនត្រឹមតែផ្ទុះការសរសើរក្រោយពីច្រៀងបទរបស់ វណ្ណដា ប៉ុណ្ណោះទេ ប៉ុន្តែកន្លងមកនេះ ជារឿយៗ តិចម៉េង បានជ្រើសបទរបស់រៀមច្បងដទៃទៀតយកមកស្រាយ។ ទន្ទឹមនឹងការកោតសរសើរថាលោកអាចបន់បែនបានសឹងតែគ្រប់ទម្រង់ប៉ុន្តែកន្លងមកនេះអ្នកលេងបណ្តាញសង្គមមួយចំនួនក៏ចង់ឱ្យ តិចម៉េង ផលិតបទថ្មី ព្រោះតែឃើញឧស្សាហ៍យកបទរបស់គេមកច្រៀងច្រើនពេក។
អាចថានេះជាការបោះជំហានថ្មីមួយទៀតរបស់កំលោះតូច លីម តិចម៉េង បន្ទាប់ពីផលិតកម្មដែលលោកជ្រកកោនបានទម្លាក់ Version ថ្មីនៃបទរបស់លោក ណុប បាយ៉ារិទ្ធ មានចំណងជើងថា «បំណងល្អពីសង្សារអូន» ដែលបានចេញជាង១០ឆ្នាំមកហើយដោយបានកែប្រែថែមទំនុករ៉េប មានរសជាតិថ្មីមួយទៀតស្របពេលបច្ចុប្បន្នបទចម្រៀងរ៉េបមានភាពពេញនិយម។ ទំនុកច្រៀង«បំណងល្អពីសង្សារអូន»របស់លោក ណុប បាយ៉ារិទ្ធ គឺជាស្នាដៃរបស់លោក សុខ ជំនោរ អ្នកនិពន្ធដ៏ល្បីល្បាញ ចំណែកឯស្នាដៃនិពន្ធទំនុក Rap គឺជាអ្នកនិពន្ធ សួង ភក្តិនី ។
ក្រោយពេលទស្សនិកជនស្តាប់ Version ថ្មីហើយបានពោលសរសើរថា « Wow new version អេមញាក់ហ្មងអាយដលទាំងពីរ បើម៉េងៗវិញរ៉េបឡូយខ្លាំងៗ, ម៉េងអើយម៉េងរ៉េបឡូយម៉េសពៅ, រ៉េប លើកដាក់សំឡេងត្រូវតាមចង្វាក់ភ្លេងល្អហើយច្បាស់ពាក្យពេចន៍ ស្ដាប់ហើយទៅគឺពីរោះទាំងពីរនាក់តែម្ដង, រ៉េបឡើងច្បាស់ហើយពីរោះទៀតតិចម៉េង, ឡូយណាស់បទនេះដឹងតែល្បីហើយ»៕










