ប្រទេសថៃ ៖ ទស្សនិកជនជាច្រើននាក់មានចម្ងល់ថា ហេតុអ្វីអ្នកនាង អេនថង ប្រាស៊ុម មិនបបួលអ្នកនាង រ៉ានី ខេមផេន ឬឈ្មោះហៅក្រៅថា «បែលឡា» មកសម្តែងរឿង ឬពួកគេមិនចុះសម្រុងជាមួយគ្នា? ប៉ុន្តែអ្នកនាង អេនថង ប្រាស៊ុម បែរជាជ្រើសយកតួឯកស្រីផ្សេងទៀតមកសម្តែងរឿងឱ្យនាងទៅវិញ ។
ទស្សនិកជនមានចម្ងល់ថា តើពួកនាងទាំងពីរមានអាថ៌កំបាំងអ្វីជាមួយគ្នា? វាបានក្លាយជាប្រធានបទមួយដែលធ្វើឱ្យមានការជជែកវែកញែកក្នុងបណ្តាញសង្គមប្រទេសថៃ ។ មតិខ្លះលើកឡើងថា ហេតុអ្វីមិនឃើញអ្នកនាង បែលឡា ដែលជាតារាសម្តែងល្បីល្បាញលំដាប់កំពូលទៅសម្តែងឱ្យអ្នកនាង អេនថង ប្រាស៊ុម? ខណៈអ្នកនាង បែលឡា មានសមត្ថភាពសម្តែងខ្ពស់ ។
អ្នកលេងបណ្តាញសង្គមម្នាក់សរសេរថា ហេតុអ្វីអ្នកនាង អេនថង ប្រាស៊ុម មិនធ្លាប់បបួលអ្នកនាង បែលឡា មកសម្តែងរឿង? អ្នកនាង បែលឡា មានឈ្មោះល្បីល្បាញ និងជាតារាសម្តែងលំដាប់កំពូលក្នុងវិស័យសិល្បៈ ហើយនាងក៏ទទួលការងារផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងច្រើនផងដែរ ។ បន្ទាប់មក អ្នកគាំទ្រតារាសម្តែងទាំងពីររូបបានចូលមកបញ្ចេញមតិជាច្រើន ហើយពួកគេបានលើកឡើងពីមូលហេតុមួយចំនួន ។
ពួកគេនិយាយថា មែនហើយ គឺមិនធ្លាប់ឃើញអ្នកនាង បែលឡា សម្តែងរឿងឱ្យអ្នកនាង អេនថង ប្រាស៊ុម ឡើយ ។ រីឯមូលហេតុដែលអ្នកលេងបណ្តាញសង្គមលើកឡើងនោះគឺ ៖ អាចមកពីតិចនិកនៃការជ្រើសរើសតួសម្តែងថា តើត្រូវយកតួមានលក្ខណៈបែបណា ហើយត្រូវយកតារារូបណាមកសម្តែងឱ្យសាកសមជាមួយសាច់រឿង ។ ជាក់ស្តែង ដូចជារឿង «លួចស្នេហ៍លោកស្វាមី» ដែលជារឿងរ៉ូមែនទិក បើទោះជាអ្នកនាង បែលឡា ល្បីល្បាញខ្លាំងប៉ុនណាក៏ដោយ ក៏អ្នកនាង អេនថង ប្រាស៊ុម មិនជ្រើសរើសមកសម្តែងដែរ ។
ម្យ៉ាងទៀត ស្ទាយផលិតរឿងរបស់អ្នកនាង អេនថង ប្រាស៊ុម ភាគច្រើនជារឿងបែបសម័យថ្មី ហើយតួសម្តែងជាមនុស្សសម័យថ្មី ឬជាអ្នកទីក្រុង ។ ដូច្នេះ តួឯកស្រីដែលនាងជ្រើសរើសមកសម្តែងជាកូនអ្នកមានទ្រព្យសម្បត្តិនោះ ត្រូវតែជាតួឯកគោលដៅរបស់នាងប៉ុណ្ណោះ ដូចជា ៖ អ្នកនាង យ៉ាយ៉ា និងអ្នកនាង គឹមបឺលី ជាដើម ។ រីឯអ្នកនាង បែលឡា អាចជាតួឯកស្រីខុសពីគោលដៅ ហើយផលិតកម្មផ្សេងទៀតពេញចិត្តលើរូបនាង ។ ហេតុនេះ នាងបានសម្តែងជាតួឯកឱ្យផលិតកម្មផ្សេងវិញ ដូចជា ៖ តួនាង ការ៉ាកេត ឬតួនាង កេតសូរ៉ា ក្នុងរឿងបុព្វេសន្និវាស ។ មូលហេតុនេះហើយ ទើបធ្វើឱ្យអ្នកនាង អេនថង ប្រាស៊ុម នឹកដល់តួឯកស្រីផ្សេង ខុសពីអ្នកនាង បែលឡា ។
ចំណែកមូលហេតុមួយទៀត គឺពេលវេលាការងារខុសគ្នា ហើយតួសម្តែងម្នាក់ៗមានការងារយ៉ាងច្រើនត្រូវបំពេញរៀងៗខ្លួន ។ រីឯអ្នកនាង បែលឡា ក៏ដូចគ្នាដែរ ដោយនាងបានទទួលការងារយ៉ាងច្រើន ថែមទាំងត្រូវសម្តែងរឿងភាគជាច្រើនទៀត ដែលខាងផលិតកម្មតម្រូវឱ្យនាងថត ។
បើតាមមនុស្សជិតស្និទ្ធជាមួយអ្នកនាង អេនថង ប្រាស៊ុម ប្រាប់ថា អ្នកនាង អេនថង ប្រាស៊ុម ធ្លាប់បានទំនាក់ទំនងទៅអ្នកនាង បែលឡា ឱ្យមកសម្តែងរឿងភាគចំនួន២រឿង ទៅ៣រឿងហើយ ប៉ុន្តែត្រូវនាងបដិសេធ ។ គេមិនដឹងថា មកពីមូលហេតុអ្វីទេ ទើបនាងមិនព្រមសម្តែងតាមការអញ្ជើញរបស់អ្នកនាង អេនថង ប្រាស៊ុម ។
នេះមិនមែនជាលើកទី១ ទេ ដែលអ្នកនាង អេនថង ប្រាស៊ុម ត្រូវបានគេបដិសេធមិនសម្តែង ពីព្រោះអ្នកនាង អេនថង ប្រាស៊ុម ធ្លាប់បាននិយាយទៅកាន់សារព័ត៌មានថា តារាល្បីមួយចំនួនទៀត ក៏ធ្លាប់បដិសេធជាមួយនាងដូចគ្នាដែរ ។ នាងនិយាយថា នេះជាកម្មផលរបស់នាង ដោយសារនាងធ្លាប់បានបដិសេធមិនសម្តែងរឿងនាពេលកន្លងមក ។
សរុបមក អ្នកនាង អេនថង ប្រាស៊ុម ធ្លាប់បានបបួលអ្នកនាង បែលឡា ឱ្យមកសម្តែងរឿងចំនួន២រឿង ទៅ៣រឿងហើយ ប៉ុន្តែគេមិនដឹងថា ហេតុអ្វីបានជាអ្នកនាង បែលឡា បដិសេធ ៕
		
	









