ទីក្រុងភ្នំពេញ បេះដូងនៃព្រះរាជាណាកម្ពុជា ជារាជធានីដ៏សម្បូរបែបបំផុតមួយ ដោយកាលពីពេលថ្មីៗនេះគឺបានជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍ពេញនិយមបំផុតទាំង១០លើពិភពលោកសម្រាប់ឆ្នាំ២០២៤។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បើយោងទៅតាមគេហទំព័រទេសចរណ៍អន្តរជាតិ Tripadvisor បានចុះផ្សាយអំពីគោលដៅទេសចរណ៍ទាំង១០ ដែលទទួលបាននូវការពេញនិយមបំផុតសម្រាប់ឆ្នាំ២០២៤ ព្រោះថាទទួលបានតាមរយៈការវាយតម្លៃផ្ទាល់ពីសំណាក់ភ្ញៀវទេសចរណ៍ក្នុងរយៈ១២ខែមុននេះ ។
ជាមួយគ្នានេះ ទីក្រុងភ្នំពេញដែលជារាជធានីរបស់ប្រទេសកម្ពុជាគឺបានជាប់ចំណាត់ថ្នាក់ទី៩ លើសកលលោក ដែលភ្ញៀវទេសចរណ៍អន្តរជាតិមិនដែលមើលរំលងឡើយ ព្រោះថា ភ្នំពេញគឺជាទីក្រុងដែលមានភាពរស់រវើក ភាពសម្បូរបែប ទំនើបកម្ម រួមបញ្ចូលនឹងវប្បធម៌បុរាណគឺពិតជាបានទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តមិនដែលដាច់ឡើយ។ ជាពិសេសទៀតនោះគឺ មានតម្លៃសមរម្យបំផុតមិនថាជាកន្លែងកម្សាន្ត ផ្សាររាត្រី ម្ហូបអាហារ សេវាកម្ម ឬកន្លែងស្នាក់នៅ គឺធូរថ្លៃខ្លាំងសម្រាប់អ្នកធ្វើដំណើរកម្សាន្តទាំងអស់មកទីក្រុងភ្នំពេញ។ រីឯសណ្ឋាគារលំដាប់ផ្កាយប្រណិតៗក្នុងទីក្រុងភ្នំពេញនេះវិញ មួយយប់មានតម្លៃត្រឹមតែ៤០ដុល្លារតែប៉ុណ្ណោះ។
ម៉្យាងវិញទៀត គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញមួយនេះគឺបានជ្រើសរើសយកកន្លែងទេសចរណ៍កំពូលទាំង១០នេះ គឺបានផ្តោតយ៉ាងសំខាន់ទៅលើផ្នែកសេវាកម្មល្អ សណ្ឋាគារនិងបដិសណ្ឋារកិច្ច ភោជនីយដ្ឋាន និងសកម្មភាពល្អៗជាច្រើនដែលភ្ញៀវទេសចរណ៍អាចរីករាយបាននៅក្នុងទីក្រុង។
តាមរយៈការវាយតម្លៃនៅពីសំណាក់ភ្ញៀវទេសចរណ៍ជុំវិញពិភពលោកជាច្រើននាពេលកន្លងមក ក៏បានចាត់ថ្នាក់ថាទីក្រុងភ្នំពេញជាប់ចំណាត់ទី៩ និងជាមគ្គុទេស៍ទេសចរណ៍សម្រាប់ឆ្នាំ២០២៤នេះផ្ទាល់តែម្តង ហើយក៏បានយកឈ្នះទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ីទៀតផង ដែលប្រទេសនេះទទួលបានចំណាត់ថ្នាក់លេខ១០។ រីឯទីក្រុងផាតាយ៉ា ប្រទេសថៃវិញទទួលបានចំណាត់ទី៧ផងដែរ។
គួរបញ្ជាក់ផងដែរថា កន្លែងទេសចរណ៍ពេញនិយមទាំង១០នេះរួមមាន៖
១ ទីក្រុងតូក្យូ ប្រទេសជប៉ុន
២ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ
៣ ឆ្នេរសមុទ្រហាឡុង ប្រទេសវៀតណាម
៤ កោះ Palawan ប្រទេសហ្វីលីពីន
៥ សាប៉ា ប្រទេសវៀតណាម
៦ បូហ្គោតា ប្រទេសកូឡុំប៊ី
៧ ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ
៨ អាឡាជូអេឡា កូស្តារីកា
៩ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
១០ ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕











