ទោះនៅមិនទាន់ឃើញមានចំណាត់ការណាមួយពីក្រសួងពាក់ព័ន្ធទៅលើស្រ្តីម្នាក់ដែលតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្រ្ទទេវី ហើយបានបង្ហាញកាយវិការមិនសមទំនងធ្វើឱ្យមហាជនរិះគន់នោះ ប៉ុន្តែគេក៏សង្កេតឃើញថាជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករដុតដៃដុតជើងលើរឿង រហូតមានសង្គ្រាមពាក្យសម្តីកើតឡើង។ ទន្ទឹមនឹងរឿងនេះខាងលោក អាចារ្យធំ ក៏បានគាំទ្រចំណាត់ការរបស់ជំទាវ ចន ច័ន្ទលក្ខណា ថែមទាំងឱ្យប្រធានសមាគមរូបនេះប្តឹងស្រ្តីនោះទៀតផង។
លោក អាចារ្យធំ បានសរសេរនៅលើបណ្តាញសង្គមនៅល្ងាចថ្ងៃទី៩ មករា ថា «លោកស្រី ចន ច័ន្ទលក្ខិណា ត្រូវឈរជាដើមបណ្ដឹងប្ដឹងបុគ្គលណាដែលធ្វើសកម្មភាព ប៉ះពាល់សិល្បៈវប្បធម៌ ស្របពេលខ្លួនកំពុងអង្គុយកៅអីជាប្រធានសមាគមសិល្បករ។ មិនបាច់ឆ្លើយឆ្លងអីទេប្ដឹងយកតែម្ដងទៅ»។ សំណេរពីលោក អាចារ្យធំនេះដែរ ជំទាវ ចន ច័ន្ទលក្ខណា បានឆ្លើយតបនៅថ្ងៃទី១០ មករា ថា«ខ្ញុំសូមឆ្លើយតបទៅសំណើរលោកអាចារ្យធំ : ពេលនេះគឺខ្ញុំកំពុងរង់ចាំចំណាត់ការពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រោះខ្ញុំក៏បានផ្តល់ព័ត៌មាន និង លើកសំណើរជូនលោកជំទាវ ភឿង សកុណា ឱ្យបានជ្រាបតាំងពីថ្ងៃទី ០៣ ខែ មករា។ លោកជំទាវក៏បានឆ្លើយតបមកខ្ញុំភ្លាមៗដែរ នៅក្នុងកិច្ចការងារនេះគឺលោកជំទាវបានប្រគល់ភារកិច្ចជូនទៅឯកឧត្តម ចំរើន វណ្ណថា ដើម្បីធ្វើកិច្ចការនេះ ហើយខ្ញុំក៏បានទាក់ទងរំលឹកឯកឧត្តមម្តងទៀតតាំងពីថ្ងៃទី ០៧ ឯកឧត្តមបានមានប្រសាសនថា ខាងក្រុមការងារបានទាក់ទងទៅម្ចាស់ផេក តែម្ចាស់ផេកលើកទូរស័ព្ទហើយក៏បិទវិញមិនអាចធ្វើការទាក់ទងបាន»។.png)
អតីតតួឯករូបនេះបានសង្កត់ធ្ងន់ថា « ក្រសួងគឺជាឪពុកម្តាយរបស់អ្នកសិល្បៈផ្នែករក្សាសិល្បៈវប្បធម៌ជាតិ ខ្ញុំអត់ធ្វើការរំលងក្រសួងទេ»។
គេចាំបានដែរថា កាលពីយប់ថ្ងៃទី៨ មករា ឆ្នាំ២០២៤ ប្រធានសមាគមសិល្បករខ្មែរ ជំទាវ ចន ច័ន្ទលក្ខណា បាន Live និយាយរឿងរ៉ាវពីអ្នកលក់អនឡាញ ដែលមានគណនីឈ្មោះ«កំពូលម៉ូត» ដែលបានតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្រ្ទទេវី បានបោះសម្តីឱ្យខ្លួនថាមានចិត្តច្រណែនទើបបានជាខ្លួនចេញមកឈឺឆ្អាលបែបនេះ។ អតីតតារាសម្តែងរូបនេះបាននិយាយខ្លួន អត់រិះគន់រឿងអ្នកស្នងរូប ឬ បារមីព្រះនាងសណ្ឋិតទេ បើសណ្ឋិតហើយក៏សណ្ខិតចុះ តែកុំតាំងខ្លួនមកជួយសង្គមជាតិ និង តាំងខ្លួនជាអ្នកបង្កើតក្បាច់របាំខ្មែរ ព្រោះទង្វើបែបនេះកំពុងមើលងាយវប្បធម៌ដ៏ផូរផង់របស់ដូនតាខ្មែរ៕











