យើងធ្លាប់បានឮថា ឪពុក-ម្តាយមួយចំនួនតែងតែនិយាយកុហកកូនៗរបស់ពួកគេថា បើធ្វើខ្លួនមិនបានល្អទេ នឹងឱ្យប៉ូលិសចាប់, បើជាក្មេងឌឺ អាបនឹងស៊ីថ្លើម, បើមិនឈប់យំទេ ប្រយ័ត្នសត្វតុកកែស៊ីថ្លើម និងពាក្យកុហកជាច្រើនទៀត ។ ការនិយាយពាក្យទាំងនេះរបស់ឪពុក-ម្តាយ គឺចង់ឱ្យកូនៗរបស់ពួកគេនៅស្ងាត់ស្ងៀម ឬមិនធ្វើអ្វីមួយដែលឪពុក-ម្តាយហាមឃាត់ ។ ប៉ុន្តែពាក្យទាំងនេះបានធ្វើឱ្យក្មេងក្លាយជាមនុស្សចូលចិត្តកុហកនៅពេលពួកគេធំពេញវ័យ ។
ក្រុមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម និងចិត្តវិទ្យា មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង បានបោះពុម្ភផ្សាយការស្រាវជ្រាវមួយក្នុងទស្សនាវដ្តី ដែលទទួលបានជំនួយថវិកាពីក្រសួងអប់រំប្រទេសសិង្ហបុរី ហើយការស្រាវជ្រាវនេះមានចំណងជើងថា «Journal of Experimental Child Psychology» ។
ការស្រាវជ្រាវនេះលើកឡើងថា បើឪពុក-ម្តាយ ឬអាណាព្យាបាលនិយាយស្តីកុហកកូនច្រើនប៉ុនណា វានឹងកាន់តែធ្វើឱ្យកូនពួកគេចូលចិត្តនិយាយកុហកច្រើនដែរពេលពួកគេធំឡើង ។ លើសពីនេះ ពួកគេអាចក្លាយជាមនុស្សពិបាកសម្របខ្លួនក្នុងសង្គមរស់នៅទៀតផង ។
ក្រុមអ្នកស្រាវជ្រាវកត់សម្គាល់ថា ពាក្យសម្តីកុហករបស់ឪពុក-ម្តាយបានបង្ហាញពីការប្រើអំណាចទៅលើកូន ដូចជា ៖ បើមិនធ្វើខ្លួនឱ្យល្អទេ នឹងចាប់បោះក្នុងទឹកសមុទ្រឱ្យត្រីស៊ី ។ ការនិយាយបែបនេះ ធ្វើឱ្យកូនពិបាកកែប្រែចិត្តគំនិត និងពិបាកចូលរួមក្នុងសង្គម នៅពេលពួកគេក្លាយជាមនុស្សធំ ។ ហេតុនេះ ការនិយាយឱ្យកូនខ្លាច បានផ្តល់នូវផលប៉ះពាល់ខ្លាំងដល់កូន និងខ្លាំងជាងពាក្យសម្តីដែលឪពុក-ម្តាយនិយាយបិទបាំងការពិតថា «មិនបានយកប្រាក់មកទេ» នៅពេលកូនពួកគេយំចង់ទិញរបស់លេងក្នុងហាង ។
ជំនួយការសាស្ត្រាចារ្យឈ្មោះ Setoh Pepe និងជាប្រធានក្រុមស្រាវជ្រាវរបស់សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង លើកឡើងថា ៖ «ការចិញ្ចឹមកូនដោយពាក្យកុហក វាជាការងាយស្រួល ព្រោះឪពុក-ម្តាយមិនចាំបាច់ចំណាយពេលពន្យល់ការពិតដ៏ស្មុគស្មាញឱ្យកូនស្តាប់ទេ ។ ផ្ទុយទៅវិញ ឪពុក-ម្តាយគួរតែបង្រៀនកូនឱ្យក្លាយជាមនុស្សស្មោះត្រង់ និងមិនត្រូវធ្វើជាគំរូអាក្រក់ឱ្យកូនយកតម្រាប់តាម» ៕










