សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនរថយន្តតាក់ស៊ីមួយនៅអាមេរិកបានបង្ហាញរថយន្តបើកបរដោយស្វ័យប្រវត្តិ និងសម្រាប់ដឹកមនុស្សចាស់ក្នុងមជ្ឈមណ្ឌលថែទាំមនុស្សចាស់មួយកន្លែងនៅរដ្ឋអារីហ្សូណា ។ ក្រុមហ៊ុនឱ្យដឹងថា ក្រុមហ៊ុនបានសាកល្បងផ្តល់សេវាកម្មរថយន្តតាក់ស៊ីដឹកមនុស្សចាស់ដោយមិនគិតថ្លៃ ហើយបើទទួលបានជោគជ័យ ក្រុមហ៊ុននឹងពង្រីកសេវាកម្មបន្ថែមទៀតនាថ្ងៃអនាគត ។
រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនេះ ពុំចាំបាច់មានបុគ្គលិកប្រចាំការនៅក្នុងរថយន្តទេ ។ វាជារបស់ក្រុមហ៊ុន May Mobility ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅអាមេរិក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅដើមខែមករា ឆ្នាំ២០២៤ ។
បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិបានដើរតួនាទីយ៉ាងសំខាន់សម្រាប់សេវាកម្មរថយន្តតាក់ស៊ីគ្មានអ្នកបើកបរ ។ បច្ចេកវិទ្យានេះអាចតាមដានស្ថានការណ៍ជុំវិញក្នុងពេលរថយន្តកំពុងបើកបរនៅតាមដងផ្លូវ ។ រថយន្តនឹងទទួលបានទិន្នន័យពីប្រព័ន្ធផ្សេងៗដែលគេបានបំពាក់នៅផ្នែកខាងមុខរថយន្ត ដើម្បីឱ្យរថយន្តអាចសម្រេចចិត្តបញ្ជាប្រព័ន្ធផ្សេងៗដោយខ្លួនវា និងមានសុវត្ថិភាពបំផុត ។
ទោះយ៉ាងណា ក្រុមហ៊ុន May Mobility មិនបានផ្តល់ព័ត៌មានលម្អិតអំពីល្បឿនបើកបររបស់រថយន្តទេ ដោយក្រុមហ៊ុនបញ្ជាក់ថា បានសាកល្បងដំណើរការប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗក្នុងរថយន្ត តាំងពីខែមេសា ឆ្នាំ២០២៣ ។ បន្ទាប់មក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនបានផ្តល់សេវាកម្មរថយន្តនេះនៅមជ្ឈមណ្ឌលថែទាំមនុស្សចាស់ក្នុងរដ្ឋអារីហ្សូណាជាផ្លូវការ ដោយអ្នកជិះពុំចាំបាច់ចំណាយប្រាក់ទេ ។
ពលរដ្ឋអាមេរិកមានអាយុច្រើនអាចហៅរថយន្តនេះជិះបាន តាមរយៈការដោនឡូតកម្មវិធីក្នុងទូរស័ព្ទដៃ ហើយក្រុមហ៊ុនបានកំណត់ទីកន្លែងសម្រាប់ដឹកមនុស្សចាស់ក្នុងចម្ងាយផ្លូវប្រមាណជាង៧គីឡូម៉ែត្រ ។ ក្នុងការសាកល្បងជំហានដំបូង រថយន្តបើកបរដោយស្វ័យប្រវត្តិបានដឹកមនុស្សចាស់ស្មើជិត៤ម៉ឺននាក់ ទៅកាន់ទីកន្លែងផ្សេងៗ ដូចជា ៖ កន្លែងស្នាក់នៅ, មន្ទីរពេទ្យ និងទីកន្លែងសំខាន់ៗ ។
ក្រុមហ៊ុនបញ្ជាក់ថា បើការសាកល្បងរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនេះទទួលបានជោគជ័យ ក្រុមហ៊ុននឹងពង្រីកការផ្តល់សេវាកម្មបន្ថែមទៀតទៅកាន់ទីប្រជុំជននានានៅលើពិភពលោក ៕










