រូបមួយសន្លឹកដែលបានចែកចាយលើបណ្តាញសង្គមពីយុវជន យុវនារី ប៉ុន្មានរូបអកស្រាបៀរនៅលើឆាកនៃការប្រកួតប្រដាល់មួយបានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំង។ ក្នុងនោះបុគ្គលដែលមានឥទ្ធិពលលើបណ្តាញសង្គមមួយចំនួនក៏បានចេញមករិះគន់ការធ្វើទីផ្សារប្រភេទនេះដែលជាទង្វើឆ្គាំងឆ្គងជះឥទ្ធិពលមិនល្អមកលើយុវជនខ្មែរ ខណៈតារាចម្រៀង អ៊ាម វន្នី និងកីឡាការិនីឆ្នើម ស្រួង ភាវី ក៏ចេញមុខប្រតិកម្មចំពោះរូបភាពនោះដូចគ្នា។
នៅថ្ងៃទី៧ មករា លើបណ្តាញសង្គមរបស់លោក អ៊ាម វន្នី បានលើកឡើងដូច្នេះថា «ខ្ញុំសូមមិនគាំទ្រការធ្វើទីផ្សារបែបនេះទេ គុណវិបត្តិនៃការប្រើប្រាស់គ្រឿងស្រវឹងគ្មាននរណាដែលមិនដឹងនោះទេ សូមកុំដាច់ចិត្តធ្វើបាបទំពាំងស្នងឬស្សីអី ខ្ញុំសុំទៅចុះ»។
ងាកទៅកាន់កីឡារិនី ស្រួង ភាវី ដែលតែងតែឈឺឆ្អាលប្រទេសជាតិក៏បានលើកឡើងយ៉ាងចាក់ដោតនិងមានការប្រៀបធៀបទៅលើយុវជនខ្មែរ និងយុវជនក្បែរខាងកម្ពុជាមានឧត្តមគតិផ្ទុយស្រលះពីគ្នា។ អ្នកនាង បានសរសេរថា «កូនខ្មែរក្អាក់ក្អាយសប្បាយភ្លេចខ្លួន កូនយួនប្រើចិត្តគិតជាតិទឹកដី ស្រុកខ្មែរផ្សព្វផ្សាយស្រាបៀរបារី ឯសាសន៍ដទៃផ្សព្វផ្សាយចំណេះ។ ស្នាដៃបុព្វវីរជន ពិតមានគុណធ្ងន់លើទឹកដី កិត្តិសព្ទនោះចាប់ជាសាក្សី ស្ងួនមាសប្រុសស្រីចូរចាំទុក ។ សព្វថ្ងៃស្រុកទេសយើងសាន្តត្រាណ គ្មានអ្វីរំខានឱ្យកលិយុគ ពេញសិទ្ធសេរីផុតក្តីទុក្ខ សព្វកាលទៅមុខសុខសួស្តី ។
ទន្ទឹមនឹងយើងបានសប្បាយតើកូនគ្រប់កាយត្រូវធ្វើអ្វី? ឱ្យសមកុលបុត្រស្នងទឹកដី ស្នេហាបូរីកេរដូនតា ។ កូនកុំភ្លេចខ្លួនពួនស្រណុក អាងសម្បត្តិស្តុកផុតទុក្ខា ភ្លេចជាតិទឹកដីភ្លេចស្រែច្បារ ភ្លេចចែវច្រវាគ្រាដល់ត្រើយ»។
បច្ចុប្បន្ននេះការផ្សព្វផ្សាយស្រាបៀរមានលក្ខណៈទូលំទូលាយយ៉ាងខ្លាំងដែលជាហេតុធ្វើឱ្យយុវជនខ្មែរមួយចំនួនពេលខ្លះលើកស្រាបៀរអកទាំងមិនគ្រប់អាយុ និងបង្អួតកែវស្រាយ៉ាងសម្បើបនៅលើបណ្តាញសង្គម។ នេះជាកត្តាមួយធ្វើឱ្យយុវជនចុះខ្សោយសមត្ថភាពភ្លេចការសិក្សា ភ្លើតភ្លើនភ្លេចខ្លួនដូចជាករណីខាងលើនេះជាដើមមិនខ្វល់ពីគុណវិបត្តិ ខ្វល់តែរឿងយករង្វាន់ពីស្រាបៀរទើបធ្វើឱ្យមានការរិះគន់ព្រោងព្រាតលើបណ្តាញសង្គមដូចនេះ៕










