អ្នកគាំទ្របានបង្ហាញការតក់ស្លុតនិងព្រួយបារម្ភយ៉ាងខ្លាំងក្រោយពីឃើញស្រីស្អាត Jane តារាចម្រៀងរបស់ 3F Music ថតខុសបច្ចេកទេសត្រូវភ្លើងឆេះ ខណៈមូលហេតុនៃការឆេះនេះខាងក្រុមការងារបានបញ្ជាក់ជូនទស្សនិកជនហើយ ហើយតារាចម្រៀង Jane មានរបួសខ្លាំងត្រង់ពោះនិងចង្ការ។
សេចក្តីជូនដំណឹងរបស់ក្រុមការងារ 3F Music នៅល្ងាចថ្ងៃទី៥ មករា នេះបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារមានការបែកនិងបង្ហោះវីដេអូឧប្បទ្ទវហេតុកំឡុងពេលថត Mv “ Laila “ ក្រុមការងារសូមបកស្រាយពីមូលហេតុនិងស្ថានភាព ទៅដល់ fan Jane និង 3F ការឆាបឆេះគឺមកពី ក្រដាស magic (ក្រដាសសម្រាប់ដុតលេងសៀក ) ដែល concept គឺត្រូវប្តូរសម្លៀកបំពាក់ទៅឈុតមួយផ្សេងទៀត។ មុននឹងថតក្រុមការងារ បានតេស្តរួចជាស្រេច ប៉ុន្តកំឡុងពេលថតគឺមានបញ្ហាត្រង់ឆេះជាមួយស្បៃ រហូតមានបញ្ហាដូចដែលបានឃើញក្នុងកំឡុងពេល៣វិនាទីក្រដាស magic គឺបានរលត់តែអ្វីដែលបង្កជាបញ្ហាគឺស្បៃ ដែលឆាបទើបមានការឆាបទៅលើខ្លួនរបស់ជន។»
ប្រភពដដែលក៏បានបញ្ជាក់ពីស្ថានភាពរបស់ Jane គឺមានរបួស រលាកខ្លាំងត្រង់ក្បាលពោះ និងត្រង់ចង្ការ ហើយបញ្ហាមួយនេះខាងក្រុមការងារនឹងផ្សាយវីដេអូរជាផ្លូវការណ៍ឆាប់ៗនេះជូនទស្សនិកជនផងដែរ។ បើតាមការទម្លាយពីលោក នីកូ លោកមានការតក់ស្លុតយ៉ាងខ្លាំងនូវហេតុការណ៍នេះ។
លោកបានសរសេរថា «លើកទីមួយក្នុងជីវិត ស្លុតខ្លាំងពេលខ្ញុំសួរថាពាក់ស្រោមបារឺអត់ ? ជេនឆ្លើយថាអត់ទេបង ហើយសាច់ក្បាលពោះរលាកនោះវាដូចស្រោមបារបកមកទាំងផ្ទាំង..»។ ក្រោយពីទទួលដំណឹងតក់ស្លុតនេះអ្នកគាំទ្រក៏បានជូនពរនិងលើកទឹកចិត្តឱ្យ Jane ឆាប់ជាសះស្បើយផងដែរមិនគួរណាជួបបញ្ហាបែបនេះសោះ។
គួរបញ្ជាក់ថានៅថ្ងៃទី៥ មករា នេះមានការផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយក្តីតក់ស្លុតបន្ទាប់ពីឃើញវីដេអូសកម្មភាពក្រៅឆាកពីការផលិតបទចម្រៀងថ្មីរបស់ Jane ជួបឧបទ្ទវហេតុនឹកស្មានមិនដល់។ នៅក្នុងវីដេអូដែលបានចែកចាយលើបណ្តាញសង្គមគេបានឃើញ Jane ម្ចាស់បទ «ថ្នាក់រៀនជាប់គ្នា» កំពុងតែថតបទថ្មីជូនកាដូដើមឆ្នាំដល់អ្នកគាំទ្រក្នុងខែមករា ប៉ុន្តែដោយសារតែការថតខុសបច្ចេកទេសបណ្តាលឱ្យមានភ្លើងឆាបឆេះសំលៀកបំពាក់នាំឱ្យកើតចលាចលពេញស្ទូឌីយ៉ូថត។
Jane ធ្លាប់បានច្រៀងជាមួយរៀមច្បង ពេជ្រ សូលីកា និង នីកូ តាមរយៈបទចម្រៀង «អ្នកចម្បាំងក្រុងអង្គរ» ខណៈរូបនាងមានបទចម្រៀងផ្ទាល់ខ្លួនដូចជា លើសជំហ៊ាន, ថាមែនៗ និងបទដែលទទួលបានការគាំទ្រខ្លាំងជាងគេមានចំណងជើងថា «ថ្នាក់រៀនជាប់គ្នា»៕










