ប្រទេសថៃ ៖ ពេលនារីម្នាក់កំពុងបើកបររថយន្តតាមផ្លូវពេលយប់ស្ងាត់នៅខេត្តឈុនបុរី ប្រទេសថៃ ស្រាប់តែនាងឃើញក្មេងម្នាក់ស្ទុះមកនៅខាងមុខរថយន្តរបស់ខ្លួន ។ បន្ទាប់មក នាងបានថតវីដេអូក្មេងនោះបង្ហោះក្នុងបណ្តាញសង្គម ហើយសួរថា តើក្មេងនេះជាខ្មោច ឬជាមនុស្ស ឬជាល្បិចរបស់ជនបោកប្រាស់នៅតាមផ្លូវ?
បើតាមវីដេអូបង្ហាញថា ពេលនារីរូបនេះកំពុងតែបើករថយន្តសុខៗ ស្រាប់តែមានក្មេងម្នាក់បង្ហាញខ្លួននៅខាងមុខរថយន្តរបស់នាង ហើយថែមទាំងមានកាយវិការសប្បាយរីករាយ លោតចុះ លោតឡើង និងគ្មានភ័យតក់ស្លុតអ្វីសោះ ។ រីឯអ្នកផ្សេងទៀតដែលជិះក្នុងរថយន្តជាមួយនាងប្រាប់ថា ឱ្យនាងប្រញាប់បើកបររថយន្តទៅមុខ និងកុំចតរថយន្តជាដាច់ខាត ។
នារីជាម្ចាស់វីដេអូប្រាប់ថា បរិវេណនេះស្ថិតនៅខាងក្រោយវត្ត «ជែងចារឺនដន» ក្នុងស្រុកមឿង ខេត្តឈុនបុរី ។ ពេលនាងបើកបររថយន្តមកដល់បរិវេណនេះ នាងបានឃើញក្មេងរត់មកឈរនៅមុខរថយន្ត ខណៈបរិវេណនេះស្ងាត់ គ្មានផ្ទះអ្នកភូមិទេ ។ ម្យ៉ាងទៀត ក្មេងនៅម្នាក់ឯងបែបនេះ គួរតែស្រែកយំរកឪពុក-ម្តាយ ប៉ុន្តែក្មេងខាងលើបែរជាសប្បាយចិត្តទៅវិញ ។
ក្រោយមក ក្រុមអ្នកសារព័ត៌មានបានធ្វើដំណើរទៅដល់បរិវេណនេះ និងជជែកជាមួយអ៊ំស្រីម្នាក់ឈ្មោះ ចាំឡង អាយុ៥៨ឆ្នាំ ដែលរស់នៅក្បែរនេះប្រាប់ថា ការពិត គេជាក្មេងពិតប្រាកដ មិនមែនខ្មោចទេ ។ ឪពុក-ម្តាយរបស់ក្មេងបានមកហូបអីនៅក្បែរនេះ ហើយមិនមើលកូនរបស់ខ្លួន ដោយបណ្តោយឱ្យកូនដើរចេញក្រៅម្នាក់ឯង ។
អ៊ំស្រី ចាំឡង និយាយថា ៖ «ឪពុក-ម្តាយក្មេងបានមកជប់លៀងចូលឆ្លងឆ្នាំនៅក្បែរនេះ ហើយក្មេងខាងលើមានអាយុ៤ឆ្នាំ បានមកទីនេះជាមួយឪពុក-ម្តាយ ។ គេមិនមែនជាក្មេងរស់នៅភូមិនេះទេ គេមកពីភូមិផ្សេង» ។
មតិមួយចំនួនលើកឡើងថា ក្មេងគួរតែយំ បើរូបគេនៅកន្លែងងងិតបែបនេះ ។ ប៉ុន្តែក្មេងខាងលើមិនភ័យខ្លាច ដោយសារឪពុក-ម្តាយខ្លួននៅក្បែរ ហើយនៅពេលឃើញរថយន្តបើកបរនៅតាមផ្លូវ គេក៏រត់មករាក់ទាក់ ប៉ុន្តែអ្នកបើកបររថយន្តពេលយប់តាមផ្លូវស្ងាត់បែរជាភ័យខ្លាច និងគិតថាខ្មោច ៕










