អំពើហិង្សា សំដៅយកការរំលោភបំពាន ឬបង្ខិតបង្ខំផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ ផ្លូវសេដ្ឋកិច្ច រួមបញ្ចូលទាំងការប្រមាថមាក់ងាយ ការគំរាមគំហែង ការដាក់ឱ្យនៅឯកោដាច់ពីគេឯង និងការរំលោភបំពានផ្នែកជីវភាពសេដ្ឋកិច្ចពីសំណាក់បុគ្គលម្នាក់ ឬច្រើន ដើម្បីត្រួតត្រាទៅលើបុគ្គលផ្សេងៗទៀត។

ហិង្សា ចែកចេញជា២ប្រភេទ គឺហិង្សាដោយចេតនា និងអចេតនា ហើយថ្ងៃនេះសារព័ត៌មាន KBN នឹងបកស្រាយជូនទាក់ទងនឹងបទល្មើសហិង្សាដោយចេតនា តើថាអ្នកប្រព្រឹត្តិត្រូវជាប់ទោសប៉ុន្មានឆ្នាំ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

១.បទហិង្សាដោយចេតនា មាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌចែងថា៖ អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ពីរលានរៀល ទៅប្រាំមួយលាន រៀល។

២.អំពើហិង្សាដោយចេតនា ក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី បួនលាន រៀល ដល់ដប់លានរៀល កាលបើអំពើហិង្សានេះបានប្រព្រឹត្តទ្បើងក្នុងស្ថានភាពណាមួយដូចខាងក្រោម៖
• ប្រព្រឹត្តទ្បើងដោយមានការគិតទុកជាមុន
• ប្រព្រឹត្តទ្បើងដោយប្រើអាវុធ ឬគំរាមគំហែងនឹងអាវុធ
• ប្រព្រឹត្តដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត
• ប្រព្រឹត្តលើបុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ
• ប្រព្រឹត្តលើនារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង
• ប្រព្រឹត្តលើបុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬពិការភាព កាលបើស្ថានភាពបុគ្គលនេះត្រូវបានគេឃើញជាក់សែ្តង ឬកាលបើជនល្មើសបានដឹង
• ប្រព្រឹត្តលើជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីរារាំងជននេះកុំឲ្យប្តឹងបរិហារពីបទល្មើស ឬសុំឲ្យធ្វើការជួសជុលព្យសនកម្ម
• ប្រព្រឹត្តលើសាក្សី ដើម្បីរារាំងកុំឲ្យឆ្លើយផ្តល់ភស្តុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬនៅក្នុងនីតិវិធីនៃបណ្តឹងផ្សេងទៀត
• ប្រព្រឹត្តលើជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ពីព្រោះជននេះបានបរិហារពីបទល្មើស ឬ សុំឱ្យជួសជុលព្យសនកម្ម
• ប្រព្រឹត្តលើសាក្សី ដោយមូលហេតុសាក្សីនេះបានផ្តល់ភស្តុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬ នៅក្នុងនីតិវិធីនៃបណ្តឹងផ្សេងទៀត
• ប្រព្រឹត្តដោយអ្នករាជការសាធារណៈនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងពេលបំពេញមុខងាររបស់ខ្លួន
• ប្រព្រឹត្តដោយសហព័ទ្ធ (ប្តី ឬ ប្រពន្ធតាមច្បាប់) ឬដោយអនីតិសង្វាសជន (ជនដែលរស់នៅជាមួយគ្នាដូចប្តី-ប្រពន្ធតែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍) របស់ជនរងគ្រោះ

៣.បទហិង្សាស្រាល
អំពើប្រព្រឹត្តទៅលើអ្នកដទៃនូវហិង្សាស្រាល ដែលមិននាំឱ្យមានរបួសនោះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំពាន់រៀល ទៅមួយសែនរៀល តាមមាត្រា២២៨៕