នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង នៃទីក្រុងហូជីមិញ បានកោះហៅម្ចាស់គណនី TikTok ឈ្មោះ Hua Quoc Anh ទាក់ទងនឹងករណីបង្ហោះវីដេអូឃ្លីបប្រាសាទអង្គរវត្ត កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានធ្វើការពិន័យជាទឹកប្រាក់៧.៥លានដុង(ប្រមាណជា៣០០ដុល្លារ)។
ការពិន័យនេះ ផ្អែកទៅតាមអនុក្រឹត្យលេខ ១៥/២០២០ របស់រដ្ឋាភិបាលវៀតណាម ដែលម្ចាស់គណីនេះត្រូវជាប់ចោទពីបទផ្តល់ព័ត៌មានមិនពិត បំភ្លៃ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ ទីភ្នាក់ងារ អង្គការ និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល។
គួរបញ្ជាក់ផងដែរថា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ម្ចាស់គណនី Tiktok ឈ្មោះ Hua Quoc Anh បានបង្ហោះវីដេអូឃ្លីបបង្ហាញសកម្មភាពនៅប្រាសាទអង្គរវត្ត ដោយបានស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូកដែលមិនមែនជាសំលៀកបំពាក់ប្រពៃណីខ្មែរ និងបានបញ្ចូលរូបភាពទង់ជាតិ និងរូបព្រះមហាក្សត្រថៃ ដែលធ្វើឱ្យប៉ះពាល់កិត្តិយសប្រាសាទអង្គរវត្ត និងពលរដ្ឋខ្មែរជាខ្លាំង៕









