យោងតាមការស្រាវជ្រាវដោយសាកលវិទ្យាល័យ Reading និង Royal Horticultural Society (UK) ក្នុងឆ្នាំ ២០២៣ បានរកឃើញថា រុក្ខជាតិផើងដែលដាក់នៅលើតុអាចជួយលើកកម្ពស់បុគ្គលិកការិយាល័យឱ្យមានអារម្មណ៍ល្អ និងជួយកាត់បន្ថយភាពតានតឹង ក៏ដូចជាបង្កើនការផ្តោតអារម្មណ៍លើការងារផងដែរ។ នេះបើតាមការសិក្សារបស់ប្រទេសជប៉ុនក៏បានរកឃើញដែរថាវត្តមានរបស់រុក្ខជាតិអាចបង្កើនភាពច្នៃប្រឌិតនៅកន្លែងធ្វើការ។
លោក Jenny Berger អ្នកនិពន្ធនៃការសិក្សាបាននិយាយថា ការដាំរុក្ខជាតិក្នុងការិយាល័យនឹងធ្វើឱ្យយើងមានអារម្មណ៍ល្អ រីករាយជាងមុន ដោយសារតែយើងបានផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ដែលរុក្ខជាតិបៃតងអាចលុបបំបាត់អារម្មណ៍មិនល្អ និងអារម្មណ៍តានតឹង ធ្វើឱ្យអារម្មណ៍របស់យើងមានភាពប្រសើរឡើងវិញក្នុងកន្លែងការងារ។ ដូច្នេះបរិយាកាសការិយាល័យជាមួយរុក្ខជាតិត្រូវបានផ្សារភ្ជាប់ជាមួយនឹងការពេញចិត្តការងារខ្ពស់ និងកាត់បន្ថយសម្ពាធឈាម ក៏ដូចជាកាត់បន្ថយការត្អូញត្អែរអំពីសុខភាពផងដែរ។
ការស្រាវជ្រាវផ្លូវចិត្តពីមុនក៏បានបង្ហាញដែរថារុក្ខជាតិបៃតងក៏អាចជំរុញអារម្មណ៍វិជ្ជមានចំពោះមនុស្សយ៉ាងងាយស្រួលផងដែរ។ រីឯអង្គការសុខភាពពិភពលោកប៉ាន់ប្រមាណថា ៥% នៃមនុស្សពេញវ័យទូទាំងពិភពលោកបានទទួលរងពីជំងឺធ្លាក់ទឹកចិត្តក្នុងការិយាល័យ។ ហេតុនេះហើយ ការដាំកូនឈើគឺជាវិធីងាយស្រួលក្នុងការភ្ជាប់ជាមួយធម្មជាតិ និងជាវិធីដ៏ល្អមួយក្នុងការជួយកាត់បន្ថយភាពតានតឹងក្នុងការិយាល័យយ៉ាងមានប្រសិទ្ធភាពផងដែរ។
ទោះជាយ៉ាងណាក៏ដោយលោក Berger បានសង្កត់ធ្ងន់ថាការបង្កើនចំនួនរុក្ខជាតិក្នុង Office មិនចាំបាច់មានច្រើនពេកទេ។ តាមពិតទៅ រុក្ខជាតិដែលត្រូវបានជ្រើសរើសដាក់ក្នុងការិយាល័យគឺមានតែមួយគ្រប់គ្រាន់ហើយសម្រាប់កាត់បន្ថយភាពតានតឹង។ កាលណាដែលរុក្ខជាតិច្រើនពេកនៅលើតុ ក៏អាចរំខាននិងបង្កើនភាពស្មុគស្មាញដល់យើងផងដែរ។










