តារាសម្តែង អេង វ៉ាណង បានស្ងប់ស្ងាត់ពីអាជីពសិល្បៈមួយរយៈបន្ទាប់ពីធ្លាក់ខ្លួនមានជំងឺមហារីកសុដន់ដំណាក់កាលទី៣ ហើយត្រូវសម្រាកព្យាបាលជំងឺដោយការចាក់ថ្នាំគីមី។ នាពេលថ្មីៗនេះ អេង វ៉ាណង បានទម្លាយថានៅពេលដឹងថាខ្លួនឯងមានជំងឺមហារីក នាងមានអារម្មណ៍ថាបាក់ទឹកចិត្តយ៉ាងខ្លាំងតែកូនទាំង៣របស់នាង ធ្វើឱ្យខ្លួនងើបតស៊ូប្រឆាំងជាមួយនឹងជំងឺនេះ។
កាលពីខែមិថុនា កន្លងមកអ្នកក្នុងចង្កោមសិល្បៈរួមទាំងមហាជនសម្តែងក្តីអាណិតអាសូរយ៉ាងខ្លាំងទៅលើតារាសម្តែង អេង វ៉ាណង ដែលចំណាំដើរតួជាម្តាយនិងលេចមុខតាមកញ្ចក់ទូរទស្សន៍នានាមានជំងឺមហារីកសុដន់ដំណាក់កាលទី៣លក់អស់ទ្រព្យសម្បត្តិដើម្បីព្យាបាលខ្លួនដោយការចាក់ថ្នាំគីមី រហូតជ្រុះសក់អស់។ ដោយសារអាណិតអាសូររួមទាំងការអំពាវនាវរបស់តារាសម្តែង សាវិន ហ្វីលីព អ្នកសិល្បៈជាច្រើនរូប រួមទាំងមហាជនដែលអាណិតអាសូរនាងផងបានចូលរួមបរិច្ចាគនូវថវិកាខ្លះៗដើម្បីព្យាបាលជំងឺមហារីករបស់នាង។
បន្ទាប់ពីសម្រាកព្យាបាលបន្ទាប់ខែ និងមានសុខភាពល្អប្រសើរជាងមុន តារាសម្តែង អេង វ៉ា ណង បានចូលរួមផ្តល់បទសម្ភាសក្នុងកម្មវិធី VTalk ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះថា នាងកំពុងមានជំងឺមហារីកហើយនៅបន្តការព្យាបាល។ ការព្យាបាលជំងឺមហារីកគឺត្រូវការចាក់ថ្នាំគីមីដោយរយៈពេល៣អាទិត្យត្រូវចាក់ម្តង ហើយមានការឈឺចាប់ខ្លាំង។ ពេលនេះនាងអាចចេញមកថត និងចូលរួមកម្មវិធីផ្សេងៗព្រោះជំងឺធ្វើទុក្ខនៅពេលចាក់គីមីប៉ុណ្ណោះ និងបន្តការព្យាបាលទៅជួបពេទ្យតាមការណាត់ដដែល។
តារាសម្តែង អេង វ៉ាណង បានឱ្យដឹងថាជំងឺមហារីកសុដន់នេះនាងមិនបានដឹងមុននោ ហើយក៏មិនមានការឈឺចាប់ដែរប៉ុន្តែនៅលើដើមទ្រូងនាងមានដុំពកតូចមួយហើយរីកធំៗ រហូតបានទៅពិនិត្យនៅមន្ទីរពេទ្យទើបដឹងថាជាដុំសាច់កាច។ ក្រោយពីដឹងថាខ្លួនមានជំងឺនេះនាងមានការតក់ស្លុតយ៉ាងខ្លាំងស្ទើរតែដួលគ្មានអ្វីក្រៅពីអង្គុយយំឡើយ។
តារាសម្តែងរូបនេះបាននិយាយថា កូនគឺជាកត្តាសំខាន់ធ្វើឱ្យនាងត្រូវតែរឹងមាំក្រៅពីកូននាងបានប្រាប់ខ្លួនឯងថាត្រូវតែជា បើនៅតែដេកដួលជាមួយជំងឺមិនអាចធ្វើអ្វីកើតទេត្រូវតែរឹងមាំ។ ប៉ុន្តែមុននឹងខ្លួនរឹងមាំការពិតនាងបាក់ទឹកចិត្តខ្លាំងណាស់តែបានកម្លាំងចិត្តពីបងប្អូន មិត្តភក្តិ ហ្វេនៗ និងអ្នកនៅជិតខ្លួនលើកទឹកចិត្ត ក៏មានកម្លាំងប្រឹងបន្តទៀត។ ការបាក់ទឹកចិត្តខ្លាំងនេះដោយសារនាងធ្លាប់មានការងារធ្វើ មានលុយចាយហើយមកធ្លាក់ខ្លួនឈឺត្រូវព្យាបាលអស់លុយច្រើនព្រោះតែពេលនោះមិនទាន់ទម្លាយប្រាប់មហាជនឡើយ។
ដោយទ្រទ្រង់លែងរួច រូបនាងក៏បានបង្ហោះលើបណ្តាញសង្គមហើយមិននឹកស្មានថាមានបងប្អូនអាណិតស្រលាញ់ច្រើន ខណៈពេលនេះផ្លូវចិត្តរបស់នាងបានធូរស្បើយបានច្រើនហើយ។ តារាសម្តែង អេង វ៉ាណង ថាពេលនេះនាងនៅតែត្រូវការកម្លាំងចិត្តពីមហាជនដដែល ដោយការព្យាបាលជំងឺមហារីកនៅតែ។ អ្នកនាង បន្ថែមថាពេលនេះប្រសិនជាចង់ឱ្យនាងសម្តែង ឬប្រម៉ូត ផលិតផលអ្វីនៅតែអាចទាក់ទងការងារទៅនាងបានដើម្បីយកលុយមកទ្រទ្រង់ព្យាបាលជំងឺខ្លួននិងមើលថែគ្រួសារ៕










